អន្តរជាតិ
ជប៉ុន សន្យា​គាំទ្រ​ឡាវ​ដើម្បី​សម្រេច​កិច្ចប្រជុំ​អាស៊ាន​ប្រកបដោយ​ផ្លែផ្កា
30, May 2016 , 4:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីឡាវ(ខាងឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុនខាងស្តាំ (រូបភាព Japan Times)
នាយករដ្ឋមន្ត្រីឡាវ(ខាងឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុនខាងស្តាំ (រូបភាព Japan Times)
ដោយ:
លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន​នោះ​។ លោក អា​បេ សន្យា នឹង​ខិតខំ​ជួយ​ជំរុញ​កិច្ចប្រជុំ និង​តួនាទី​របស់​ឡាវ​ដែលជា​ប្រធាន​នៃ កិច្ចប្រជុំ​ឲ្យ​ដំណើរការ​រលូន​។​



​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​ប៉េ បាន​អះអាងថា លោក នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខែកញ្ញា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​អាស៊ាន​។ លោក ក៏បាន​បញ្ជាក់ថា នឹង​ពង្រីក​ការអភិវឌ្ឍ​ទំនាក់ ទំនង​ទ្វេភាគី​រវាង​ជប៉ុន និង​ឡាវ​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Japan Times ។​

​ការលើកឡើង​នេះ ធ្វើឡើង​នាឱកាស​នៃ​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ អា​បេ និង លោកនាយក​រដ្ឋមន្ត្រី​ថ្មី​ឡាវ Thongloun Sisoulith នៅក្នុង​ក្រុង Nagoya នៃ​ប្រទេស​ជប៉ុន ក្នុងពេលដែល​លោក Thongloun Sisoulith ទៅ​ចូលរួម​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​ប្រទេស​ក្រុម G7​។

​នា​ជំនួប​នោះដែរ លោក អា​បេ បាន​អះអាងថា​ជប៉ុន នឹង​ជួយ​ឡាវ​ពេញទំហឹង​ដើម្បី​សម្រេច​កិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​អាស៊ាន​ឲ្យ​បាន​ជោគជ័យ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខែកញ្ញា​ខាងមុខ​។ នេះ​បើ​យោងតាម ការអះអាង​របស់ Hiroshige Seko មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​សង្ខេបបា្រប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នោះ​។

​មន្ត្រីជាន់ខ្ពស់​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា «​ការអភិវឌ្ឍ​របស់​ឡា​វ នឹង​ផ្តល់​ប្រយោជន៍​ដល់​អាស៊ាន ហើយ​ការអភិវឌ្ឍ​របស់​អាស៊ាន នឹង​ផ្តល់​ប្រយោជន៍​ដល់​ជប៉ុន​ផងដែរ​»​។ ជប៉ុន នឹង​គាំទ្រ​ឡាវ​តាម​ដែល អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​កិច្ចប្រជុំ​ពាក់ព័ន្ធ​កំពូល​របស់​អាស៊ាន​សម្រេច​បានជា​លទ្ធផល​ផ្លែផ្កា​។

​ជាពិសេស​នោះ លោក អា​បេ ក៏បាន​បង្ហាញ​ការ​សង្ឃឹមថា ការដឹកនាំ​របស់លោក Thongloun  នឹង​ជំរុញ ឲ្យ​អាស៊ាន​អាចមាន​សំឡេង​តែមួយ​លើ​បញ្ហា​ក្នុង​តំបន់ ដែលមាន​បញ្ហា​នៃ​ការបន្ត​វាតទី​របស់​ចិន​នៅក្នុង សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។

​សូមបញ្ជាក់​ផងដែរ​ថា ឆ្នាំ​២០១៦​នេះ ឡាវ ត្រូវ​ធ្វើជា​ប្រធាន​វិលជុំ​បន្ទាប់ពី​ម៉ាឡេស៊ី ។ នេះ គឺជា​លើក​ទី​២​ហើយ​ក្នុង​ការធ្វើជា​ប្រធាន​អាស៊ាន​ក្រោយ​ទទួលបាន​សមាជិកភាព​តាំងពី​ឆ្នាំ​១៩៩៧​។ ដូច​បានកំណត់​ក្នុង​មាត្រា​៣១​នៃ ធម្មនុញ្ញ​អាស៊ាន រដ្ឋ​ដែល​ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​ត្រូវមាន​ការទទួលខុសត្រូវ​ច្រើន​ជាពិសេស​សម្រាប់ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​រាប់បញ្ចូល​ទាំង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ដែលមាន​វត្តមាន​អាមេរិក និង​ចិន​ជាមួយគ្នា​ផងដែរ​នោះ​។ បញ្ហា​សមុទ្រ​ចិន ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ប្រធាន​ក្តៅ​ជាថ្មី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​។​

​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ឡាវ Thongloun Sisoulith បាន​អះអាង​រួចហើយ​ថា ឡាវ បង្កើត​បរិយាកាស​មួយ​ដ៏​ល្អ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង ត្បូង​ប្រកបដោយ​ផ្លែផ្កា​៕

Tag:
 ជប៉ុន​
  សមុទ្រ​ចិន​ខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com