ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​បង្គាប់​ឲ្យ​ឯកឧត្តម កឹម សុខា ចូលខ្លួន​បំភ្លឺ​ជាថ្មី
02, Jun 2016 , 10:47 pm        
រូបភាព
ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថា​ន់ ឡេង បានចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៤ មិថុនា ដើម្បី​សាកសួរ​ពី​ដំណើររឿង​ពីបទ «បដិសេធ​ក្នុងការ​ចូលខ្លួន» ក្នុងនាម​ជា​សាក្សី។ នេះ​បើតាម​ដីការ​បង្គាប់​ចៅក្រម​ស៊ើបសួរ​ចុះ​ថ្ងៃទី០២មិថុនា។



កាលពី​ថ្ងៃទី២៦ ឧសភា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ពីបទ «បដិសេធ​ក្នុងការ​ចូលខ្លួន» ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង សញ្ចារកម្ម តាម​មាត្រា៥៣៨នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អយ្យការ​បញ្ជាក់ថា ជា​បទល្មើស​ជាក់ស្តែង ។

ក្រោយមក​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង៦៨រូប បានសម្រេច​បានផ្តល់​សិទ្ធិ​ដល់​សមត្ថកិច្ច​ក្នុង​ការធ្វើ​ចំណាត់ការ​លើ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ត្រូវបាន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ «បដិសេធ​ក្នុងការ​ចូលខ្លួន» នេះ ខណៈ​អ្នកនាំពាក្យ​នៃ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អះអាងថា នីតិវិធី​របស់​តុលាការ​លើ​ករណី​ឯកឧត្តម កឹម សុខា ពេលនេះ​គឺ​ត្រឹមត្រូវ​តាមច្បាប់។

សម្រាប់​អ្នកច្បាប់​រូបនេះ បើទោះជា​រដ្ឋសភា​មិន​ប្រជុំ​និយាយ​អំពី​ករណី​ឯកឧត្តម កឹម សុខា ក៏​នីតិវិធីតុលាការ​នៅតែ​ទៅមុខ​ធម្មតា រហូតដល់​ការជំនុំជម្រះ ហើយ​ក្នុងករណី​បទល្មើស​ជាក់ស្តែង​នេះ អភ័យឯកសិទ្ធិសភារ​បស់​ឯកឧត្តម កឹម សុខា មិនអាច​រារាំង​ដំណើរការ​នីតិវិធីតុលាការ​ឡើយ។

អ្នកច្បាប់​និង​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា នីតិវិធីតុលាការ​លើ​ដំណើររឿង​របស់​ឯកឧត្តម កឹម សុខា គឺ​មិន​ត្រឹមត្រូវ​នោះទេ ដោយ​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៨០ ស្តីពី អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា បើសិនជា​មានការ​ចាប់​ខ្លួន​ឯកឧត្តម កឹម សុខា មែន​នោះ បាតុកម្មអហិង្សា​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​ប្រជាពលរដ្ឋ នឹង​កើតមានឡើង​ជាថ្មីទៀត។


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com