English-Français
សិល្បះ
សិល្បៈអន្តរជាតិ
តារាភាពយន្ត​ល្បីល្បាញ ហុងកុង ត្រៀមខ្លួន​ថត​រឿង​រួមគ្នា​ជាមួយ​តារា​ខ្មែរ
19, Jun 2016 , 3:27 pm        
រូបភាព
​ភ្នំពេញ​៖ កំពូល​តារាភាពយន្ត​នៃ​ស្ថានីយទូរទស្សន៍​ហុងកុង TVB  កញ្ញា Nancy Wu និង​លោក Vincent Wong បានធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី ១៨ មិថុនា​ម្សិលមិញ​សម្រាប់​កម្មវិធី​អ្នក​ដែលមាន​មុខមាត់​ដូច ឬ​ស្រដៀង​តារា​ទាំងពីរ​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN នៅ​ថ្ងៃអាទិត្យ​នេះ​។ ក្រោយពេល​មកដល់​ប្រទេស​កម្ពុជា​ភ្លាម កញ្ញា Nancy Wu ផ្តល់​បទសម្ភាសន៍​ខ្លី​ជូន​សារព័ត៌មាន​ថ្មីៗ​។



​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ខ្លី​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា Nancy Wu តារាភាពយន្ត​ល្បីល្បាញ​របស់ ហុងកុង ដូចតទៅ​៖ 



 
​កញ្ញា Nancy Wu ត្រូវបាន​អញ្ជើញ​ដោយ​ទូរទស្សន៍ PPN ក្នុង​កម្មវិធី​អ្នក​ដែលមាន​មុខមាត់​ដូច ឬ​ស្រដៀង​អ្នកនាង​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN នៅ​ថ្ងៃអាទិត្យ​នេះ​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា បាន​និយាយថា​៖«​អ្នកនាង​សប្បាយចិត្ត និង​ចង់​ជួប​មនុស្ស​ដែលមាន​មុខ​ស្រដៀង​អ្នកនាង ហើយ​អ្នកនាង​នឹង​អញ្ជើញ​ពួកគេ​ទៅ​ទីក្រុង ហុងកុង ប្រទេស​ចិន​»​។ 
 


​តាមពិត នៅក្នុង​កម្មវិធី​មុខ​ស្រដៀង​នឹង​តារាភាពយន្ត ហុងកុង នេះ​, ទូរទស្សន៍ PNN បានជ្រើសរើស​មនុស្ស​ពីរ​នាក់​, នារី​ម្នាក់ និង​បុរស​ម្នាក់ ដែល​គេ​សន្ម​ត់​ថា មានមុខ​ដូច​តារាភាពយន្ត ហុងកុង កញ្ញា Nancy Wu និង​លោក Vincent Wong​។ 
 


​ក្រៅពី​កម្មវិធី​មុខ​ស្រដៀង​គ្នា​នេះ កញ្ញា Nancy Wu បាន​និយាយថា អ្នកនាង​រំភើប​ណាស់​នៅពេលដែល​អ្នកនាង​បាន​ជាន់​ជើង​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើកទីមួយ​នេះ​។ អ្នកនាង​និយាយថា​៖«​អ្នកគាំទ្រ​ខ្មែរ​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រំភើប​នៅពេលដែល​បាន​ជួប​ពួកគេ​»​។ នៅពេលដែល​អ្នកសារព័ត៌មាន​សួរថា តើ​បុរស និង​នារី ខ្មែរ​ស្អាត និង​សង្ហា​ឬទេ​នោះ​? អ្នកនាង​តារាភាពយន្ត ហុងកុង ឆ្លើយ​មកវិញ​ថា​៖«​ពួកគេ​សង្ហា និង​ស្អាត ហើយ​ជាពិសេស ពួកគេ​ញញឹម​រហូត​»​។ 
 


​ទាក់ទង​ទៅនឹង​សំណួរ​ដែល​សួរថា តើ​អ្នកនាង​យល់ព្រម​ទេ ប្រសិនបើ​មាន​គេ​អញ្ជើញ​អ្នកនាង​ឲ្យ​ចូលរួម​ថត​នៅក្នុង​ខ្សែភាពយន្ត​ខ្មែរ​នោះ ត្រង់ចំណុច​នេះ អ្នកនាង​ឆ្លើយ​មកវិញ​ដោយ​ឥត​បង្អង់​ថា​«Welcome»​ដោយ​អ្នកនាង​បញ្ជាក់​បន្ថែមថា ប្រទេស​ទាំងពីរ​គួរ​មានឱកាស​សហការគ្នា​ឲ្យ​បាន​ច្រើន​លើ​វិស័យ​ភាពយន្ត​។ 
 


​ជារួម កញ្ញា Nancy Wu បង្ហាញ​អារម្មណ៍​ពេញចិត្ត​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ស្នាក់នៅ​កម្ពុជា​។ តែ​អ្វីដែល​រំខាន​អ្នកនាង​បន្តិច​នោះ គឺ​អាកាសធាតុ​រាង​ក្តៅ​បន្តិច​។ អាកាសធាតុ​ក្តៅ​មែន តែ​តារាភាពយន្ត​រូបនេះ​និយាយថា​៖«​មេឃ​មាន​ពណ៌​ខៀវ​បៃតង​ស្រស់​ល្អ និង​ស្រឡះ​ល្អ​ណាស់​»៕ 
 


Tag:
 ភាពយន្ត
  តារាហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com