អន្តរជាតិ
បងធំ​អាស៊ាន ចេញមុខ​តទល់​ជាមួយ​ចិន​លើ​ការបង្ក្រាប​ទូក​នេសាទ​ខុសច្បាប់​ចិន
21, Jun 2016 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានចេញ​មុខការ​ពារ​គោលជំហរ​របស់ខ្លួន​តទល់​ជាមួយនឹង​ក្រុង​ប៉េកាំង​ក្នុង ប្រតិបត្តិ​ការបង្ក្រាប​ទូក​នេសាទ​ខុសច្បាប់​ដែល​បាន​បំពាន​ក្នុង​តំបន់​អធិបតេយ្យ​ឥណ្ឌូនេស៊ី​ដែលជា​ផ្នែក មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។



​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០ ខែមិថុនា ម្សិលមិញ បានចេញ​តទល់​ជាមួយនឹង​ចិន​លើ​ប្រតិបត្តិការ​របស់ខ្លួន ក្នុងការ​បោស​ស​ម្អា​ស​បទល្មើស​នៃ​ការចូល​នេសាទ​ត្រី​ខុសច្បាប់​ក្នុង​អធិបតេយ្យ​ខ្លួន​ដែលជា​ផ្នែក​មួយ នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រតិ​កម្មនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ចិន បាន​តវ៉ា​ចំពោះ​ការឃាត់​ទូក និង ចាប់​ពលរដ្ឋ​ខ្លួន​ដែលជា​ម្ចាស់​ទូក​ផងដែរ​នោះ​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ខែមិថុនា កន្លងទៅ ក្រសួងការបរទេស​ចិន បាន​តវ៉ា​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី លើ​ប្រតិបត្តិ​ការបង្ក្រាប​ទូក​នេសាទ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បាន​ឃុំខ្លួន​អ្នកបើកបរ​ទូក​ប្រាំពីរ និង​បាន​បង្ក​ឲ្យ​អ្នកនេសាទ​ម្នាក់​រងរបួស​ទៀតផង​។ សេចក្តីថ្លែងការណ៍​រប​ស់​ចិន ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ឧប្បទ្ទវហេតុ​នៅក្បែរ​តំបន់ Natuna ដែលជា​តំបន់​ដែល​ឥណ្ឌូនេស៊ី ចាត់ទុកថា​ស្ថិតក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ដែល​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​។

​ភ្លាមៗ​ជាមួយនឹង​ការតវ៉ា​របស់​ចិន រដ្ឋមន្ត្រី​នេសាទ​ឥណ្ឌូនេស៊ី លោកស្រី Susi Pudjiastuti ដែល​អ្នកដឹកនាំ​យុទ្ធនាការ​បង្ក្រាប​នោះ ក៏​បានចេញ​ការពារ​ចំណាត់ការ​របស់​កង​នាវិក​ផងដែរ​។ លោកស្រី បាន​អះអាង ថា ចំណាត់ការ​របស់​កង​ទ័ពជើងទឹក​ឥណ្ឌូនេស៊ី បាន​ប្រតិបត្តិការ​ក្នុង​គោលដៅ​មួយ​ដ៏​ត្រឹមត្រូវ ក្នុង​ការរក្សា​អធិបតេយ្យ​ដែនសមុទ្រ​របស់ខ្លួន​។ លោកស្រី បញ្ជាក់ថា ការបាញ់​លើ​ទូក​នេសាទ​នោះ គឺ​ស្របទៅនឹង​នីតិវិធី​។

​លោកស្រី សង្កត់ធ្ងន់ថា «​ការ​លួច​នេសាទ​ត្រី គឺជា​បទល្មើស​។ ហើយ វា គឺជា​រឿង​ដែល​មិនអាច​ទៅ រួច​នោះទេ​ដែលមាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មានការ​លួច​នេសាទ​ត្រី​នោះ​»​។

​ជុំវិញ​បញ្ហា​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ក៏បាន​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី​សន្តិសុខ​ភា្ល​មៗ​ផងដែរ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Johan Budi ។

​អ្នកនាំពាក្យ​រូបនោះ បាន​បញ្ជាក់ថា លោក​ប្រធានាធិបតី បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​សន្តិសុខ​ក្នុងការ​ការពារ​អធិបតេយ្យ ដែល​ឥណ្ឌូនេស៊ី បាន​ព្យាយាម​កសាង​តាំងពី​ទទួលបាន​ឯករាជ្យ​មកម្ល៉េះ​។ ប៉ុន្តែ​លោក ប្រធានាធិបតី ក៏បាន​បន្ថែម​ដែរ​ថា លោក មិន​ចង់​ឲ្យ​ចំណាត់ការ​នេះ​ត្រូវ​បានបញ្ចប់​ដោយ​មិន​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​នោះទេ​។

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​មាន​បណ្តុំ​កោះធំ និង​ច្រើនជាងគេ​របស់​ពិភពលោក បានចាប់ផ្តើម​ចាត់វិធានការ​តឹងរ៉ឹង ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​។ វិធានការ​នេះ ធ្វើឡើង​ក៏​ដោយសារតែ​ការនេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ ។

​កាលពី​ខែកុម្ភៈ និង​មេសា​កន្លងទៅ អាជ្ញាធរ​ឥណ្ឌូនេស៊ី ក៏បាន​កម្ទេច​ទូក​នេសាទ​របស់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​សរុប​៥០​គ្រឿង ដោយ​ចោទថា​ចូល​នេសាទ​ដោយ​ខុសច្បាប់ ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​៕


Tag:
 ឥណ្ឌូនេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com