ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួល​ជំនួយ​ជាង​៣៣​លាន​អឺរ៉ូ ពី​EU និង​SIDA សម្រាប់​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​
25, Jun 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា និង​សហភាព​អឺរ៉ុប រួម​នឹង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយអែត (SIDA) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​ចំនួន ៣៣,១​លាន​អឺរ៉ូ សម្រាប់​រយៈពេល​៤​ឆ្នាំ (២០១៦-២០១៩) គាំទ្រ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ នៅ​កម្ពុជា​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​AKP​។



​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង លោក Christopher George ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​(​តាម​អន​ឡាញ​)   និង​ដោយផ្ទាល់​ជាមួយ​លោកស្រី Anna Maj Hultgard ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​បើតាម លោក អូន ព័ន្ធមុនីរ័ត្ន ថវិកា​ប្រមាណ​២១​លាន​អឺរ៉ូ ដែល​គាំទ្រ​ដោយផ្ទាល់​ពី​សហភាព​អឺរ៉ុប ត្រូវ​អនុវត្តន៍​ដោយ​អគ្គលេខាធិការដ្ឋាន​គណៈ  ក​ម្មា​ធិ​ការដឹកនាំ​ការងារ​កំណែ​ទម្រង់ការ​គ្រប់ គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (​អ​.​គ​.​ហ​)​។ ចំណែក​ថវិកា​ប្រមាណ ១២,១​លាន​អឺរ៉ូ (​ពី​សហភាព​អឺរ៉ុប​៩​លាន​អឺរ៉ូ និង​ពី SIDA ៣,១​លាន​អឺរ៉ូ​) ជា​ថវិកា​គាំទ្រ​បន្ថែម ដែល​នឹងត្រូវ​អនុវត្តន៍​ដោយ​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អភិវឌ្ឍន៍​អន្តរជាតិ ស៊ុយអែដ (SIDA) ។​

​សូមបញ្ជាក់ថា កម្ពុជា បាន​ដាក់ឱ្យ​អនុវត្តន៍​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ នៅ​ឆ្នាំ​២០០៤ ជាមួយនឹង​ការចាប់ផ្តើម​ដំណាក់កាល​ទី​១ «​ភាពជឿ​ទុកចិត្ត​នៃ​ថវិកា​» បន្ទាប់មក​ការចាប់ផ្តើម​ដំណាក់កាល​ទី​២ «​គណនេយ្យ ភាព​ហិរញ្ញវត្ថុ​» នៅ​ឆ្នាំ​២០០៨ និង​ពេលនេះ ឈានដល់​ដំណាក់ កាល​ទី​៣ «​ការផ្សារភ្ជាប់​ថវិកា​ទៅនឹង គោលនយោបាយ​» ។​

​ក្នុងការ​អនុវត្ត ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២ កន្លងមក កម្ពុជា​បានទទួល​ការគាំទ្រ​ហិរញ្ញប្បទាន​ប្រមាណ​៤៥​លាន​ដុល្លារ​អាមេរិក ពី​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន លើ​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ក្នុងនោះ​រួមមាន​ថវិកា​ប្រមាណ​១៧,៥​លាន​ដុល្លារ​អាមេរិក​ពី​សហភាព​អឺរ៉ុប ប្រមាណ​៦​លាន​ដុល្លារ​អាមេរិក ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត និង​ប្រមាណ ២១,៥​លាន​ដុល្លារ​អាមេរិក ទៀត ពី​ធនាគារពិភពលោក ស្ថាប័ន​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​នៃ​ប្រទេស​អង់គ្លេស​(DFID) និង​ប្រទេស​អូស្ត្រាលី (AusAids) ៕

​ប្រភព​៖ AKP


Tag:
 EU
  ​SIDA
© រក្សាសិទ្ធិដោយ thmeythmey.com