ពីនេះ ពីនោះ
ចង់​ពង្រឹង​ខួរក្បាល​ត្រូវ​បញ្ចូល​ទិន្នន័យ​ក្នុង​ខួរក្បាល​ជាប្រចាំ
28, Jun 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បច្ចុប្បន្ននេះ អ្នកណា​ក៏​ចង់​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព មាន​ខួរក្បាល​ល្អ មាន​សតិបញ្ញា​បរិបូរ​ណ៍​សមជា​មនុស្ស​មានប​ញ្ញា​ញាណ​។ ប៉ុន្តែ អ្វីដែល​ចង់បាន​វា​មិនអាច​ទទួលបាន​បើ​គ្រាន់តែ ជា​ទង្វើរ​ជា​គំនិត ដោយ​គ្មាន​ការប្រតិបត្តិ​ដើម្បី​ឲ្យ​ទទួលបាន​វា​ទេនោះ​។​



​ខួរក្បាល​មនុស្ស គេ​សឹងតែ​អាច​និយាយបានថា វា​ដូច​ទៅ​និង​កំ​ព្យូ​ទ័​រ​មួយ​ដែល​គេ​អាចដាក់​ឯកសារ​គ្រប់យ៉ាង​។ ប៉ុន្តែ​ក្បាលមនុស្ស​មិនមែនជា​ម៉ាស៊ីន មិនមែនជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ដែន​កំណត់​នោះទេ​។ មនុស្ស​មាន​ខួរ ដែល​ឃ្លាំង​ដ៏​មានតម្លៃ​សម្រាប់​មនុស្ស​ម្នាក់ៗ ដែល​អាចដាក់​បាន​រឿងរ៉ាវ​គ្រប់បែបយ៉ាង​។ ទោះបី​រឿងរ៉ាវ​ខ្លះ វា​មិនមាន​តម្លៃ ប៉ុន្តែ​ខួរក្បាល​នៅតែ​អាច​ផ្ទុក នៅតែ​ពិចារណា​រកហេតុ រក​ផល ដើម្បី​កែប្រែ​និង​ដោះស្រាយ​។ ប៉ុន្តែ​សំណួរ​សួរថា តើ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ខួរក្បាល​រឹងមាំ​បាន​?

​វិធីសាស្ត្រ​គឺមាន​ច្រើន ប៉ុន្តែ​មាន​វិធី​មួយ​ដែល​សំខាន់​ជាង​គឺ​ការបញ្ចូល​ព័ត៌មាន បញ្ចូល​ទិន្នន័យ​ជាប្រចាំ​ទៅក្នុង​ប្រព័ន្ធ​ស្ទុ​កមួយ​នេះ​(​ខួរក្បាល​)​។ តើ​បញ្ចូល​ដោយ​របៀប​ណា​? គឺ​ការអាន​ជាប្រចាំ ស្ដាប់​ជាប្រចាំ សរសេរ​ជាប្រចាំ​។ ភាព​ខ្សោយ របស់​មនុស្ស​ខ្មែរ គឺ​ខ្ជិល​អាន ខ្ជិល​សរសេរ តែ​ចូលចិត្ត​អង្គុយ​គិត​ស្រមើល​ស្រមៃ ដោយ​គ្មាន​មូលដ្ឋាន​។ ចំណែក​អ្នកខ្លះ​បាន​អាន​ហើយ ប៉ុន្ដែ​អាន​ទាំង​មិន​គ្រប់​ជ្រុងជ្រោយ ពេលខ្លះ​អាន​តែ​ចំណងជើង សៀវភៅ អត្ថបទ​ជាដើម​។ ចំណែក​អ្នកខ្លះ ទៀត​អាន​តែ​សេចក្ដី​បញ្ចប់​នៃ​សៀវភៅ ឬ​អត្ថបទ​តែម្ដង ដោយ​មិនបាន​អាន​ភាព​ទាំង​មូលនៃ​អត្ថបទ ឬ​សៀវភៅ​។ ការអាន បែបនេះ គឺជា​ការអាន​មួយ​ដែល​គ្មាន​ន័យ​។

​ហេតុនេះហើយ មនុស្ស​ខ្មែរ គួរ​ចាប់ផ្ដើម​ទម្លាប់​អាន សរសេរ  ស្ដាប់ ឡើងវិញ ហើយ​បន្ទាប់មក គិត វិភាគ វិនិច្ឆ័យ រក​ឲ្យ​ឃើញ​នូវ​ចំណុច​ថ្មី ដើម្បី​បណ្ដុះ​គំនិត​បង្កើត​ថ្មី ពង្រឹងសមត្ថភាព​ខួរក្បាល​ខ្លួន​ឡើងវិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com