ជាតិ
បទវិភាគ
​បើ​CNRP ព្រម​ធ្វើតាម​CPP ៣ ចំណុច ដំណោះស្រាយ​នយោបាយ​នឹង​អាចមាន​ភ្លាម​
01, Jul 2016 , 4:17 pm        
រូបភាព
រូបសម្តេច ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ក្រោយ​ចេញ​ពីប្រជុំរដ្ឋសភា កាលពីឆ្នាំ ២០១៥
រូបសម្តេច ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ក្រោយ​ចេញ​ពីប្រជុំរដ្ឋសភា កាលពីឆ្នាំ ២០១៥
ដោយ:
​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​មើលមុខ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចំ ដោយសារតែ​បញ្ហា​តុលា​ការចាប់​មន្ត្រី និង​សកម្មជន​ខ្លួន​ដាក់ពន្ធនាគារ ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​មាន​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា កំពុងតែ​រួបរឹត​ដោយ​បណ្តឹង​។ បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ស្វែងរក​ការចរចា​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​បញ្ចប់រឿង​ហ្មងសៅ​នេះ​។  តែ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ធ្វើ​ព្រងើយ​មិន​ចង់​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​នោះទេ បើទោះបីជា​សហគមន៍​អន្តរជាតិ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​តុ​ចរចា​ជាមួយ​គណបក្សប្រឆាំង​ក្តី​។



​ថ្វីដ្បិតតែ​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់​ប្រកាស​យ៉ាង​ដាច់​អហង្កា​រថា គ្មាន​ឡើយ​ការចរចា​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​តុលាការ​ក្តី  តែ​នៅក្នុង​ក្រសែភ្នែក​របស់​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅតែ​ប្រមើល​ឃើញថា បក្ស​កាន់អំណាច​នឹង​វិល​មករក​ការចរចា​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន បើ​មានការ​សម្បទាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។  ចំណុច ៣ យ៉ាងសំខាន់ៗ ដែល​អាចធ្វើ​ឲ្យ​អ្នកដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទន់ចិត្ត បែរ​មករក​ការចរចា ដើម្បី​បញ្ចប់​នូវ​បញ្ហា មន្ត្រី និង​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​ជាប់​ព​ន្ធា​ន​គារ និង​មាន​ក្តីក្តាំ​នៅ​តុលាការ​។ ចំណុច​ទាំង ៣ យ៉ាងដែល​អ្នកតាម​ដាន​ស្ថានការ​ណ៍នយោបាយមើលឃើញនោះ មាន​ដូចតទៅ​៖

​ទី ១ គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខជន​ទី ១ នៃ​រដ្ឋសភា ជំនួស​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​រដ្ឋសភា​ទាំងអស់​ជា​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ទម្លាក់​ចេញពី​តំណែង​កាលពី​ចុងឆ្នាំ ២០១៥ ក្រោម​ហេតុផល​ថា ឯកឧត្តម កឹម សុខា មិន​សក្តិសម​នឹង​តំណែង​នេះ​។ ការចង់បាន​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ពិបាក​សម្រេចចិត្ត​ធ្វើតាម ពីព្រោះថា ភ្លាមៗ​ក្រោយពី​រដ្ឋសភា​ទម្លាក់​ឯកឧត្តម កឹម សុខា ពី​តំណែង​អនុប្រធានរដ្ឋសភា គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹងមិន​ដាក់​បេក្ខជន​ជំនួស​ដាច់ខាត ដើម្បី​បង្ហាញ​ជំហរ​មិន​ពេញចិត្ត​ចំពោះ​ការទម្លាក់​នេះ​។ ម្យ៉ាងទៀត បើ​គណបក្ស​នេះ ដាក់​បេក្ខជន​ជំនួស​ឯកឧត្តម កឹម សុខា វា​ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​ឯកឧត្តម កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។

​ក៏ប៉ុន្តែ​ពីមួយ​ខែ​ទៅមួយ​ខែ ថ្ងៃ​ដែល​ឯកឧត្តម កឹម សុខា ធ្លាក់​ពី​តំណែង​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា កាន់តែ​កន្លង​យូរ​ទៅៗ  ហើយ​ដើម្បី​ស្តារ​ស្ថានភាព​នយោបាយ​ឲ្យ​វិល​មករក​សភាព​ល្អប្រសើ​រ អាចធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ដាក់​បេក្ខជន​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា ជំនួស​ឯកឧត្តម កឹម សុខា វិញ​ដែរ​។ ពីព្រោះ​គណបក្ស​នេះ មាន​គោលដៅ​ឆ្ពោះទៅរក​ការបោះឆ្នោត​ខាងមុខ ដែល​មិនអាច​ឲ្យ​មេដឹកនាំ និង​សកម្មជន​ខ្លួន  ជាប់​ក្តីក្តាំ​នៅ​តុលាការ ហើយ​ខាន​ពង្រឹង​ខ្លួន​តាមរយៈ​ការធ្វើ​វេទិកា​ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​ទេ​។​

​ចំណុច​ទី ២ គណបក្ស​ប្រជាជន​កម្ពុជា  ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​មេដឹកនាំ​កំពូល​ទាំងពីរ គឺ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ប្រកាស ឬ​សរសេរ​លិខិត​សុំទោស​សម្តេចនាយក​រដ្ឋមន្ត្រី និង​គ្រួសារ​ជា​សាធារណៈ​ជុំវិញ​ការប្រមាថ​មកលើ​កូន និង​ភរិយា​សម្តេច កន្លងមក​។ ពីព្រោះ​នៅក្នុង​ចិត្ត​សម្តេច អ្នក​ដែល​ប្រមាថ​ថា ភរិយា និង​កូនច្បង​របស់ខ្លួន គឺ​លោក ហ៊ុន ម៉ា​ណែ​ត ថា​ជា​ប្រពន្ធ និង​កូន​របស់​អតីត​មេដឹកនាំ​វៀតណាម គឺជា​មេដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្តេចនាយក​រដ្ឋមន្ត្រី ធ្លាប់​ប្រកាស​ហើយ​ថា ប្រសិនបើ​គ្មាន​ការ​ប៉ះប៉ូវ​ណាមួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ការប្រមាថ​នេះ​ទេ សម្តេច មិន​អត់​ឲ្យ​នោះឡើយ​។ សម្តេច​ថែមទាំង​និយាយថា សម្តេច​មិន​ឲ្យ​អ្នក​ប្រមាថ​នោះ បាន​សុខ​ឡើយ​។

​ថ្វីបើ​មួយថ្ងៃ​ក្រោយ​ការប្រកាស​មិន​អត់ឱន​របស់​សម្តេច  ឯកឧត្តម សម រង្ស៊ី បាន​សរសេរ​លិខិត​ពី​អាមេរិក​ថ្កោលទោស និង​សម្តែង​ការសោកស្តាយ​ចំពោះ​អ្នក​ប្រមាថ​គ្រួសារ​ស​ម្តេចក្តី ក៏​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ស្ងប់ចិត្ត​ដែរ ពីព្រោះ​ខ្លឹមសារ​នោះ មិនបាន​និយាយ​ឲ្យ​ចំៗ​ថា នរណា​មួយ​ប្រមាថ​គ្រួសារ​សម្តេច​ទេ​។ ជា​ញឹកញាប់​មេដឹកនាំ​រដ្ឋាភិបាល​ចាស់វស្សា​រូបនេះ នៅតែ​ត្រូវការ ការ​ប៉ះប៉ូវ​មួយ​ជាក់លាក់​។ តម្រូវការ​របស់​សម្តេច​បែបនេះ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រយ័ត្ន​ប្រ​យ៉ែ​ង ពីព្រោះថា កន្លងមក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ប្រកាស​ហើយ​ថា មិនដែល​ប្រមាថ​ក្រុមគ្រួសារ​សម្តេច​ដូច​ការចោទប្រកាន់​នោះទេ​។ ម្លោះ​ហើយ​ប្រសិនបើ​គណបក្ស​នេះ សុំទោស​ម្តេច ហ៊ុន សែន គឺ​ស្មើនឹង​ការទទួល​កំហុស​ថា ថ្នាក់ដឹកនាំ និង​សកម្មជន​ខ្លួន​ពិតជា​ធ្លាប់​ប្រមាថ​ភរិយា និង​កូន​សម្តេច​ពិតមែន​។

​ចំណុច​ទី ៣ ដែល​ស្ថិតនៅក្នុង​ការប្រមើលមើល​របស់​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ដែរនោះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​មេដឹកនាំ មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឈប់​យក​បញ្ហា​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម មក​រិះគន់​ដើម្បី​កេ​ង​ចំណេញ​នយោបាយ ជាពិសេស​ឈប់​ចោទប្រកាន់​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ និង​ស្ថិតនៅក្រោម​បញ្ជា​រដ្ឋាភិបាល​ហាណូយ​។ ចំណុច​នេះ កន្លងមក​គណបក្សប្រឆាំង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​ខ្មែរ​ដែល​មិន​ពេញ​ប្រទេស​វៀតណាម ដោយសារតែ​បក្ស​នេះ​ហ៊ាន​រិះគន់​ចំៗ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​។

​ដូច្នេះ​ជារួម​មក ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ផ្តល់នូវ​ចំណុច​ទាំង ៣ នេះ​បាន ដល់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ដល់​សម្តេច ហ៊ុន សែន តែម្តង ផ្លូវ​ចរចា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កើតមាន​ឆាប់ ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មករក​សភាព​ដូចដើម​វិញ​។ សម្បទាន​ទាំងនេះ ក៏​ជា​ជំហាន​អាច​ឲ្យ​មន្ត្រី សកម្មជន​បក្សប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល ដែល​កំពុង​ជាប់ពន្ធនាគា​រអា​ចរួច​ខ្លួន ហើយ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ឯកឧត្តម សម រង្ស៊ី អាចមាន​ឱកាស​ចូល​ស្រុក​វិញ រីឯ​ឯកឧត្តម កឹម សុខា អាច​រួច​ផុតពី​ការចោទប្រកាន់​នានា​ដែរ។ បើគណបក្ស​សង្គ្រោះជាតិ​ មិនធ្វើបែបនេះទេ មានតែរង់ចាំ​ក្រែង​គណបក្ស​ប្រជាជនកម្ពុជាស្តាប់តាម​ការ​អំពាវនាវ​របស់​អន្តរជាតិ​។


Tag:
 CPP
  CNRP
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com