ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ជាង​១០០ ក្នុង​ទឹកប្រាក់​៤​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​
19, May 2019 , 8:59 am        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១៤ឧសភា
សម្តេច ហ៊ុន សែន ក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១៤ឧសភា
​ភ្នំពេញ​៖   ៤​ខែ​ដើមឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ការវិនិយោគ​ចំនួន​១១៥​គម្រោង ដែលមាន ទំហំ​ទឹកប្រាក់​ប្រមាណ​៤​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ត្រឹមតែ ៨១​គម្រោង ក្នុង​ទុនវិនិយោគ ៨៦៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ នេះ​បើតាម​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​
 
​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ស្រង់​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៥​ឆ្នាំ ពោលគឺ​ពី​ឆ្នាំ​២០១៤-២០១៨ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ៩៥៩​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ ២៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ទាំងនេះ បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ១​លាន​កន្លែង​ផងដែរ​។​
 
​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥- ២០២៥ ដែលជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។​
 
​គោលនយោបាយ​ទាំងនោះ បានកំណត់​ប្រភេទ ឧស្សាហកម្ម​អាទិភាព​ចំនួន​៥ រួមមាន​៖ ទី​១ ឧស្សាហកម្ម ឬ​កម្មន្តសាល​ថ្មីៗ ដែលមាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្តល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។ ទី​២ សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ត្រប់​វិស័យ ។ ទី​៣ ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ​និង​ទីផ្សារ​ក្នុងស្រុក​។ ទី​៤ ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហ​កម្មត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែ​ច្រវាក់​តម្លៃ​សកល​។ ចុងក្រោយ គឺ​ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត​៕
 
 
 
 

Tag:
 ​ជាតិ​
 ​សេដ្ឋកិច្ច​
  វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com