អន្តរជាតិ
ប្រធានសភាជាន់ទាបរុស្ស៊ី ព្រមានយករដ្ឋអាឡាស្កាពីអាម៉េរិកត្រលប់មកវិញ
07, Jul 2022 , 9:29 pm        
រូបភាព
លោក Vyacheslav Volodin ប្រធានសភាជាន់ទាប។ រូបភាពយកពីសភាជាន់ទាបរុស្ស៊ី
លោក Vyacheslav Volodin ប្រធានសភាជាន់ទាប។ រូបភាពយកពីសភាជាន់ទាបរុស្ស៊ី
ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin នៅថ្ងៃទី៦ ខែកក្កដា បានព្រមានទាមទារដែនដីអាឡាស្កាត្រលប់មកវិញ ប្រសិនបើអាម៉េរិកបង្កក ឬរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីនៅបរទេស ដើម្បីជាការដាក់សម្ពាធឱ្យបញ្ឈប់សង្រ្គាម និងយកទៅជួយអ៊ុយក្រែន។ ដែនដីអាឡាស្កា ត្រូវបានរុស្ស៊ីលក់ឱ្យអាម៉េរិក ក្នុងតម្លៃប្រមាណ ៧,២លានដុល្លារ កាលពីឆ្នាំ១៨៦៧។

 
នៅក្នុងឆ្នាំ ១៨៦៧ រុស្ស៊ី បានលក់ដែនដីអាឡាស្កាឱ្យអាម៉េរិក ក្នុងតម្លៃ ៧,២លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Moscow Times។ 
 
ប្រធានបទរដ្ឋអាឡាស្កា បានលេចឡើងជាថ្មី បន្ទាប់ពីក្រុងមូស្គូឈ្លានពានក្រុងកៀវ ខណៈប្រទេសលោកខាងលិច ព្រមានរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលមាននៅបរទេស ដើម្បីយកទៅជួយស្តារសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ។ ទាក់ទិននឹងបញ្ហានេះ លោក Vyacheslav Volodin ប្រធានសភាជាន់ទាប បានព្រមានទាមទាររដ្ឋអាឡាស្កាត្រលប់មកវិញ។ 
 
«អាម៉េរិកត្រូវតែចងចាំថា វាមានដែនដីមួយ គឺអាឡាស្កា»។ លោក Volodin បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំសភាចុងក្រោយ នៅថ្ងៃទី៦ ខែកក្កដា មុនពេលវិសមកាល ដោយបន្តព្រមានថា នៅពេលប្រទេសលោកខាងលិច ព្យាយាមគ្រប់គ្រងទ្រព្យសម្បត្តិរុស្ស៊ីនៅបរទេស ប្រទេសទាំងនោះ គួរគិតថា រុស្ស៊ីមានអ្វី ដែលត្រូវយកមកវិញដែរ។ 
 
ដោយកត់សម្គាល់សម្តីរបស់អនុប្រធានសភាជាន់ទាបលោក Pyotr Tolstoy ដែលធ្លាប់ស្នើឱ្យរៀបចំធ្វើប្រជាមតិលើប្រជាជនអាឡាស្កា ដែលចង់ចូលរួមជាមួយរុស្ស៊ី លោក Volodin បានឆ្លើយតបថា រុស្ស៊ី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីបើកប្រតិបត្តិការយោធាពិសេសមក ក្រុងមូស្គូ បានរងទណ្ឌកម្មជាច្រើនពីសំណាក់បណ្តាប្រទេសលោកខាងលិច និងអាស៊ីមួយចំនួន។ យ៉ាងណាមិញ ទណ្ឌកម្មទាំងនោះ មិនអាចបញ្ឈប់ប្រតិបត្តិការយោធា ដែលរុស្ស៊ីចាត់ទុកជាការរំដោះតំបន់ដុនបាសឡើយ៕ 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
 ​ អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com