កីឡាជាតិ
ជាតិ
អត្តពលិក ១២៨៥ នាក់ចូលរួមអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូណេស៊ី
07, Jul 2022 , 10:59 pm        
រូបភាព
អត្តពលិកកម្ពុជាចូលជួបសម្តេចតេជោ មុនចេញទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៣១(ប្រភព Samdech Hun Sen Cambodia Prime Minister)
អត្តពលិកកម្ពុជាចូលជួបសម្តេចតេជោ មុនចេញទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៣១(ប្រភព Samdech Hun Sen Cambodia Prime Minister)
ដោយ៖ហៀក ឆក

អត្តពលិកប្រមាណ១១៧២ នាក់មកពី ១០ប្រទេស នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ខណៈកម្ពុជាបញ្ជូនអត្តពលិក១១៣នាក់។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។


ឥណ្ឌូណេស៊ីជាប្រទេសដែលទទួលរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២១បន្ទាប់ពីប្រទេសវៀតណាម បដិសេធលើការរៀបចំព្រឹត្តិការណ៍ ដោយមូលហេតុវិបត្តិកូវីដ-១៩។
 
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២១ ត្រូវបានលើកមកឆ្នាំ ២០២២វិញ ក្រោយពេលជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់។ កីឡា ១៤ប្រភេទនឹងត្រូវដាក់ឲ្យប្រកួតរួមមាន អត្តពលកម្ម, បាញ់ធ្នូ, វាយសី, បូស្យា, បាល់ទាត់ម្ខាង៧នាក់, អុក, បាល់បោះជនពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, វាយកូនបាល់លើរទេះ, បាល់ទះអង្គុយ និងបាល់បោះរទេះ។
 
សម្រាប់កម្ពុជា នឹងចូលរួមប្រកួតលើ ១១ប្រភេទកីឡារួមមាន អត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់ម្ខាង៧នាក់, វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និង បូស្យា។
 
កម្ពុជាមានអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ១១៣នាក់។ អត្តពលិកដែលមកពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានមានចំនួន ១១៧២នាក់។ ម្ចាស់ផ្ទះឥណ្ឌូណេស៊ីមានអត្តពលិកច្រើនជាងគេ គឺ៣២១នាក់ ខណៈថៃមានអត្តពលិកលំដាប់ទី២ ដោយបានបញ្ជូនទៅចំនួន៣១២ នាក់។ ទីម័រខាងកើត និងឡាវ មានអត្តពលិកតិចជាងគេសម្រាប់ចូលរួមព្រឹត្តិការណ៍នេះ ដោយប្រទេសពីរនេះបញ្ជូនអត្តពលិក ១៥នាក់ប៉ុណ្ណោះ៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com