ជាតិ
រដ្ឋាភិបាលគិតដល់គម្រោង «មធ្យោបាយដឹកជញ្ជូនក្រោមដី» ក្នុងភូមិសាស្ត្ររាជធានី សម្តេច ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន នាពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែ ព្រែកប្រា
× ថ្លែងនាពិធីសម្ពោធការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងពីការយកចិត្តទុករបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានការគិតគូរដល់គម្រោងមធ្យោបាយដឹកជញ្ជូនក្រោមដី ផងដែរ។
ប្រជាជនកាន់តែកើន ជីវភាពរស់នៅកាន់តែសម្បូរបែប និងមធ្យោបាយធ្វើដំណើរកាន់តែមានច្រើន។ នេះជាកត្តាដែលនាំឱ្យរដ្ឋាភិបាល បន្តគិតគូរលើទិសដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ បើតាមប្រមុខរដ្ឋាភិបាល កម្ពុជាគ្មានផែនការផ្លាស់ប្តូរ ឬលើកទីក្រុងដូចជាឥណ្ឌូណេស៊ី ឬមីយ៉ាន់ម៉ានោះឡើយ ព្រោះក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានរើច្រើនហើយ តាំងពីអង្គរ ឧដុង្គ ជាដើម។
«យើងគ្មានជម្រើសលើកទីក្រុងទៅណាទេ នៅកន្លែងហ្នឹង គឺជាកន្លែងយុទ្ធសាស្ត្រហើយ»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ ដោយបន្ថែមថា ទន្ទឹមនឹងការពង្រីកផ្នែកខាងកើត ខាងលិច ខាងត្បូង ខាងជើង រដ្ឋាភិបាលត្រូវរកវិធីដោះស្រាយតំបន់កណ្តាល។
បន្ថែមលើការបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសារធារណៈ ការគិតគូរលើគម្រោងផ្លូវក្រវាត់ក្រុង មធ្យោបាយធ្វើដឹកជញ្ជូនក្រោមដី ក៏ជាផ្នែកមួយដែលរដ្ឋាភិបាល កំពុងសិក្សាផងដែរ ហើយសម្តេច ហ៊ុន ម៉ាណែត ក៏បាននិយាយអំពីផែនការនេះទៅកាន់បណ្តាក្រុមហ៊ុនបរទេស នាអំឡុងនៃដំណើរទស្សនកិច្ចរបស់សម្តេច ទៅបារាំង និងចិន ថែមទៀតផង។
សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុនចិន បានសិក្សាពីលទ្ធភាពក្នុងការពង្រីកមធ្យោបាយដឹកជញ្ជូនក្រោមដី ជាពិសេសរថភ្លើងកម្រិតស្រាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បើតាមសម្តេច មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធនោះទេ ថែមទាំងអាចមានសណ្ឋាគារ ផ្សារទំនើប ជាពិសេសទីតាំងចំណតរថយន្តផងដែរ ដោយសារសព្វថ្ងៃ ស្រុកខ្មែរ មានបញ្ហាពិបាកក្នុងការរកទីតាំងចតរថយន្ត។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ផ្លូវដែលត្រូវពង្រីកក្នុងតំបន់រាជធានី ត្រូវបានពង្រីកអស់ហើយ បន្ថែមពីលើនេះ រដ្ឋក៏គ្មានផែនការហាមពលរដ្ឋយកកូន ឬហាមឃាត់ក្នុងការទិញម៉ូតូ ឡាន នោះដែរ ដូច្នេះ ការគិតគូរលើគម្រោងមធ្យោបាយផ្សេងៗ ពិតជាសំខាន់។
សម្តេចបានរំលឹកថា កាលពីពេលសម្តេចរៀននៅបរទេស កាលពីអំឡុងឆ្នាំ៩០ សម្តេចធ្លាប់សង្ឃឹមថា ស្រុកខ្មែរមានផ្សារទំនើប មានផ្លូវល្បឿនលឿនដូចគេ ហើយបច្ចុប្បន្ន កម្ពុជាមានពិតប្រាកដ។ សម្តេចបង្ហាញនូវមហិច្ឆតាថា កម្ពុជានឹងមានសមត្ថភាពសម្រេចបានបន្ថែមទៀត ជាពិសេសជាស្នាដៃដែលសម្រេចដោយកូនខ្មែរផ្ទាល់តែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com