ជាតិ
សេដ្ឋកិច្ច
គយ ចាប់បានជ្រូកក្លាស្សេខូចគុណភាព១១០ក្បាល ចេញពីព្រំដែនប៉ោយប៉ែត សមត្ថកិច្ចចម្រុះដុតបំផ្លាញជ្រូកក្លាសេ១១០ក្បាល ដែលចាប់បានកាលពីថ្ងៃទី៤មីនា នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ រូបភាព៖ គយ
× ភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់បានជ្រូកក្លាស្សេខូចគុណភាពចំនួន១១០ក្បាល ឬស្មើ៨៨០គីឡូក្រាម មានប្រភពចេញច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែមីនា។
ជ្រូកក្លាសេទាំងនេះ ត្រូវបានដឹកតាមរយៈរថយន្តម៉ាក LEXUS ១គ្រឿង ។ មន្រ្តីនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង បានឃាត់រថយន្តនោះ ហើយរកឃើញថា ការនាំចូលជ្រូកទាំងនេះ ពុំមានឯកសារបែបបទនាំចូលឡើយ។
ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាករ បានស្នើកិច្ចសហការពីមន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។ ជាលទ្ធផល ជ្រូកក្លាស្សេទាំងអស់ ខូចគុណភាព ហើយការវេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស។ បច្ចុប្បន្ន សាច់ក្លាស្សេទាំងអស់ ត្រូវបានដុតកម្ទេចចោលតាមនីតិវិធីជាធរមាន។
សូមជម្រាបថា វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល៦ខែ របស់រដ្ឋាភិបាល នឹងចូលមកដល់ នៅថ្ងៃទី១២ ខែមីនាខាងមុខនេះ។ ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក ។ ចំណែក ពោះវៀន , ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
វិធានការផ្អាកការនាំចូលបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តែយ៉ាងណា វិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕
Tag:
កសិកម្ម
ជ្រូកក្លាសេ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com