ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងពិចារណាដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G
11, Mar 2024 , 10:59 am        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​។ រូបថត៖ STPM
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​។ រូបថត៖ STPM
ភ្នំពេញ៖ កម្ពុជា នឹងពិចារណាដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងពេលសមស្របខាងមុខ។ លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​បានថ្លែងបែបនេះក្នុង​ពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី១១មីនានេះ។ លោកបានបញ្ជាក់ថា កិច្ចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាអាទិភាពសំខាន់បំផុតដែលក្រសួងប្រៃសណីយ៍ កំពុងយកចិត្តទុកដាក់ខ្លាំង។

 
បើតាមលោក ជា វ៉ាន់ដេត បច្ចុប្បន្ន ក្រសួងប្រៃសណីយ៍ កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវាទូរសព្ទ4G និងសេវាអ៊ីនធឺណិត ឱ្យបានល្អនៅទូទាំងប្រទេស ជាពិសេសដល់គោលដៅសាលារៀន មណ្ឌលសុខភាព សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទូទាំងប្រទេសបានឱ្យត្រឹមឆ្នាំ ២០២៧។ ទន្ទឹមនឹងនេះ ដើម្បីជំរុញបរិវត្តកម្មឌីជីថលនិងបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការរដ្ឋបាល និងប្រសិទ្ធភាពការងារ ក្រសួងប្រៃសណីយ៍ បញ្ជាទិញកុំព្យូទ័រនិងឧបករណ៍ឌីជីថល រាប់ម៉ឺនគ្រឿងដើម្បីផ្តល់ជូនគ្រប់ក្រសួង ស្ថាប័ន ផងដែរ។ 

កាលណានិយាយពីបដិវត្តកម្មឌីជីថល គឺជាការធ្វើឱ្យប្រសើរឡើងនូវសេវាទូរសព្ទ និងអ៊ិនធីណិត ដោយបច្ចុប្បន្នក្រសួងប្រៃសណីយ៍ សាងសង់បង្គោលអង់តែនទូរសព្ទបានចំនួន៣០០០បង្គោលហើយនៅទូទាំងប្រទេស។​ ជាពិសេស​ ក្រសួងផ្តោតសំខាន់លើការសាងសង់បង្គោលទូរសព្ទនៅតាមបណ្តាខេត្ត​និងតំបន់ដាច់ស្រយាល ដែលផ្តើមចេញពីខេត្តតាកែវ។

លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​បានបញ្ជាក់ថា ៖ « ខេត្តតាកែវផ្ទាល់ ក្រសួងបានសង់បង្គោលអង់តែនទូរសព្ទចំនួន១០០បង្គោលហើយ។ បន្ទាប់មកទៅខេត្តកណ្តាល យើងនឹងសង់ ១៥០បង្គោលបន្ថែមទៀត​។ ការសាងសង់នេះ នឹងពង្រីកទៅដល់ខេត្តទាំងអស់ ដើម្បីឱ្យសេវាទូរសព្ទ និងអ៊ិនធីណិតយើងគ្រប់ដណ្តប់បានពេញលេញនៅទូទាំងប្រទេស»។
 
ជុំវិញនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវា និងសេវាអ៊ីនធឺណិតនេះ ក្រសួងប្រៃសណីយ៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏កំពុងបន្តយកចិត្តទុកដាក់ជំរុញការយល់ដឹងជាសាធារណៈអំពីសារៈប្រយោជន៍និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា។ ជាពិសេសជំរុញកំណើនអក្ខរកម្មឌីជីថល និងបណ្តុះបណ្តាលសិស្សឱ្យយល់ដឹងនិងចេះប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា ដើម្បីក្លាយជា«ពលរដ្ឋឌីជីថល»។ 
 
ក្នុងពេលជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានឧត្តមសិក្សា ជំរុញការផលិតធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ឱ្យបានយ៉ាងតិច១០ម៉ឺននាក់ ក្នុងរយៈពេល ១០ឆ្នាំ។  លោក វ៉ាន់ដេត បន្តនិយាយដោយសង្កត់ធ្ងន់យ៉ាងដូច្នេះ​ ៖ « ដើម្បីសម្រេចបានគោលដៅនេះ កម្មវិធីជាច្រើនពាក់ព័ន្ធ នឹងការអភិវឌ្ឍធនធានមនុស្ស ត្រូវបានដាក់ចេញដោយក្រសួងនិងគណៈកម្មាធិការ។  ជាអាទិ៍ យើងបានបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ការកៀរគរនិងបណ្តុះបណ្ដាលអ្នកបច្ចេកវិទ្យាឌីជីថល ជាដើម»។​
 
លើសនេះ ក្រសួងប្រៃសណីយ៍កំពុងជំរុញការស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗ ដូចជា៖ ប្លុកឆេន វិទ្យាសាស្ត្រទិន្នន័យ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ កម្មវិធីមនុស្សយន្ត តថភាពនិម្មិត (Virtual Reality) និងតថភាពបន្ថែម (Augmented Reality) និង អ៊ីនធឺណិតនៃវត្ថុដោយសហការជាមួយនឹងតួអង្គពាក់ព័ន្ធនានា ក្នុងគោលដៅកសាងគោលនបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យបាននៅត្រឹមឆ្នាំ២០៣៥៕

Tag:
 សេដ្ឋកិច្ចឌីជីថល
  ធនធានមនុស្ស
  លោក ជា វ៉ាន់ដេត
© រក្សាសិទ្ធិដោយ thmeythmey.com