ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ ៖ វិស័យអចលនទ្រព្យកម្ពុជា នឹងប្រសើរឡើងនៅឆ្នាំ២០២៦
11, Mar 2024 , 3:39 pm        
រូបភាព
គិតត្រឹមដើមឆ្នាំ២០២៤ គឺឈានចូលឆ្នាំទី៤ហើយ ដែលវិស័យអចលនទ្រព្យនៅកម្ពុជា ជាប់គាំងដោយសារវិបត្តិជំងឺកូវីដ-១៩  រួមទាំងវិបត្តិសេដ្ឋកិច្ចនានា ជះឥទ្ធិពលពីខាងក្រៅ។ អ្នកជំនាញមើលឃើញថា វិស័យអចលនទ្រព្យកម្ពុជា នឹងប្រសើរឡើងនៅចន្លោះឆ្នាំ ២០២៦-២០២៧ ដោយសារភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា។

 
អ្នកជំនាញវិស័យអចលនទ្រព្យ កត់សម្គាល់ថា សន្ទុះនៃកំណើនវិស័យអចលទ្រព្យនៅកម្ពុជាបច្ចុប្បន្ន មិនទាន់មានភាពប្រសើរឡើយ ដោយសារការប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះនៃអ្នកវិនិយោគមកពីក្រៅប្រទេស ជាពិសេសចិន។ 
 
នៅចន្លោះឆ្នាំ​ ២០១៨-២០១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានសន្ទុះខ្លាំងក្លា ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវគម្រោងអគារពាណិជ្ជកម្ម ខុនដូរ បុរី នៅរាយប៉ាយជុំវិញរាជធានីភ្នំពេញ ជាពិសេសសំណង់អគារជាច្រើន នៅខេត្តព្រះសីហនុ។ 
 
ក្រោយវិបត្តិកូវីដ-១៩ បានចូលមកដល់ធ្វើឲ្យម្ចាស់គម្រោងជាច្រើន បានផ្អាកដំណើរការសាងសង់។ តម្លៃលក់អចលនទ្រព្យសម្រាប់ខុនដូរ និងដីធ្លីនៅកម្ពុជា ក្នុងឆ្នាំ២០២៣ បានថយចុះដល់​ទៅ​ ៣០​ភាគរយ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩។ នេះរបាយការណ៍របស់ក្រុមប្រឹក្សាអចលនទ្រព្យ ​CBRE Cambodia ។ 
 
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) យល់ថា វិស័យអចលនទ្រព្យនៅកម្ពុជាឡើងចុះអាស្រ័យលើសេដ្ឋកិច្ចរបស់កម្ពុជា។ តាមការសង្កេតរបស់អ្នកជំនាញអចលនទ្រព្យរូបនេះ ក្រោយការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជា ចន្លោះពេល ៦ខែទៅមួយឆ្នាំ វិស័យអចលទ្រព្យក៏ចាប់ផ្តើមធ្លាក់ចុះ។ លោកបន្តថា ក្រោយការប្រសើរឡើងនៃសេដ្ឋកិច្ច ក្នុងចន្លោះពេលដូចគ្នា វិស័យអចលទ្រព្យ ក៏ចាប់លូតលាស់ឡើងវិញដូចគ្នា។ 
 
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងកិច្ចពិភាក្សាតុមូលស្តីពីស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១១ ខែមីនា លោក សន សៀប បានបញ្ជាក់ថា ៖« ដើម្បីឡើងមកដល់ដើមវិញ (វិស័យអចលនទ្រព្យ) ដូចឆ្នាំ២០១៩វិញ អាចស៊ីពេល ៣ទៅ៤ឆ្នាំ ដូច្នេះអាចដល់ឆ្នាំ២០២៦ឬ២០២៧ ទើបវិស័យនេះមានភាពប្រសើរដូចដើម បើផ្អែកតាមបទពិសោធន៍នៅកម្ពុជាកន្លងមក»។ 
 
វេទិកាពិភាក្សាស្តីពី ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជាឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ រូបភាព ៖ CCJ 

ទន្ទឹមនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានវាយតម្លៃថា ការជាប់គាំងអចលនទ្រព្យនៅកម្ពុជា ដោយសារតែការប្រមូលផ្តុំអ្នកវិនិយោគក្នុងវិស័យនេះច្រើនពេក ដោយមើលរំលងវិស័យផលិតកម្ម ដែលធ្វើឲ្យមានវិបត្តិមកទាល់សព្វថ្ងៃ។ 
 
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ នៅឆ្នាំ២០១៩ សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងខ្លាំង ដោយសារវិស័យអចលនទ្រព្យ និងលំហូរហិរញ្ញវត្ថុចូលមកខេត្តព្រះសីហនុ ។ គ្រានោះមនុស្សជាច្រើនចាប់ផ្តើមវិនិយោគលើវិស័យមួយនេះ ដែលធ្វើឲ្យបាត់ចំណែកនៅក្នុងវិស័យផលិតកម្ម។ 
 
ក្រោយមក រដ្ឋាភិបាលបានបិទអាជីវកម្មហ្កេមអនឡាញនៅខេត្តព្រះសីហនុ  ស្របពេលវិបត្តិកូវីដ-១៩ចូលមកដល់ ម្ចាស់គម្រោងធំៗជាច្រើនចាប់ផ្តើមផ្អាកដំណើរការ ។ ចំណែកពលរដ្ឋចាប់ផ្តើមសន្សំប្រាក់ និងចាយប្រាក់សន្សំទាំងនេះ រហូតដល់មិនអាចមានលុយទិញ-លក់ ក្នុងវិស័យអចលនទ្រព្យឡើងវិញ។ នេះបើតាមលោក សេរីវឌ្ឍន៍។ 
 
នៅឆ្នាំ២០២៣ វិស័យលំនៅឋាន រួមមានបុរី កើនឡើង៥០ភាគរយ ខណៈខុនដូរកើនឡើង០,២ភាគរយ បើធៀបឆ្នាំ២០២២។ ទន្ទឹមនេះ អគារពាណិជ្ជកម្មដូចជា ការផ្គត់ផ្គង់អគារការិយាល័យ និងសណ្ឋាគារ កើនឡើងគួរឲ្យកត់សម្គាល់ ខណៈផ្សារទំនើបមានការធ្លាក់ចុះ ដោយសារមាននិន្នាការលក់អនឡាញ។ សម្រាប់វិស័យឧស្សហកម្ម មានការកើនឡើង ស្របពេលអចលនទ្រព្យនៅក្នុងវិស័យកសិកម្ម មិនមានការប្រែប្រួល។ ចំណែក អនុវិស័យដីឡូតិ៍វិញ មានផលប៉ះពាល់ច្រើន ដោយសារបញ្ហាហិរញ្ញវត្ថុរវាងអតិថិជន និងម្ចាស់គម្រោង។ នេះបើតាមលោក សន​ សៀប ។  
 
យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤ នឹងកើនឡើង ៦,១ភាគរយ ដែលកើនពី ៥,៣ភាគរយនៅឆ្នាំ២០២៣។ កំណើននៅឆ្នាំ២០២៣ ជំរុញដោយការងើបឡើងវិញនៃសេដ្ឋពិភពលោក ជាពិសេសចិន និងអាម៉េរិក៕ 

Tag:
 អចលនទ្រព្យ
  សេដ្ឋកិច្ច
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com