ជាតិ
សេដ្ឋកិច្ច
លោក គី សេរីវឌ្ឍន៍ ៖ បុគ្គលដែលគិតប្រយោជន៍ផ្ទាល់ខ្លួន មិនចាត់ទុកជាគតិបណ្ឌិតឡើយ
12, Mar 2024 , 8:19 pm        
រូបភាព
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា ។ រូបភាព ៖  CCJ
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា ។ រូបភាព ៖ CCJ
«ឪពុកធ្វើអំពើពុករលួយលួចលុយជាតិ លុយរាស្រ្ត ហើយយកមកផ្គត់ផ្គង់គ្រួសារឱ្យថ្កុំថ្កើន តើគាត់ជាឪពុកប្រកបដោយគតិបណ្ឌិតទេ?»  លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកចម្ងល់បែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី​១១ ខែមីនា ។

 
តាមពិតទៅ ឃ្លានេះលោក គី សេរីវឌ្ឍន៍ ចង់សំដៅលើមន្រ្តីរដ្ឋាភិបាលណា ដែលប្រព្រឹត្តអំពើពុករលួយ ហើយយកមកពង្រីកទ្រព្យសម្បត្តិដល់កូនៗរបស់ពួកគេ គឺជាទង្វើវិសមធម៌នៅក្នុងសង្គម ដែលរដ្ឋាភិបាលអាណត្តិថ្មី គួរតែលុបបំបាត់ចោល។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១២​ ខែមីនា អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានពន្យល់ថា ៖« លុយដែលរាស្រ្តបានបង់ពន្ធជូនទៅរដ្ឋាភិបាល ដើម្បីយកទៅអភិវឌ្ឍជាតិ ត្រូវបានមន្ត្រីមួយចំនួន យកទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន។ មន្ត្រីខិលខូចទាំងនេះ ថែមទាំងដើរអួតបង្ហាញប្រាប់គេឯងថា កំពុងរស់នៅមានសេចក្តីសុខ ព្រមទាំងជួយបានឲ្យក្រុមគ្រួសារខ្លួនរីកចម្រើន»។ 
 
សម្រាប់លោក គី សេរីវឌ្ឍន៍ បុគ្គលដែលប្រព្រឹត្តបែបនេះ ក៏មិនសមតាំងខ្លួន ឬចាត់ទុកជាគតិបណ្ឌិតដែរ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បុគ្គលដែលបញ្ចេញគំនិត ឬទស្សនៈសម្រាប់ ប្រើជាប្រយោជន៍ជារួម , មានមនសិកាស្នេហាជាតិ និងធ្វើឲ្យជាតិរីកចម្រើន ទើបជាគតិបណ្ឌិតពិតប្រាកដ។ «ប្រសិនបើគំនិតទាំងនោះជួយឲ្យរីកចម្រើនតែខ្លួនឯង, បក្ខពួកនិងក្រុមគ្រួសារខ្លួន និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍អ្នកដទៃ មិនគួរចាត់ទុកបុគ្គលនោះជាគតិបណ្ឌិតឡើយ»។ នេះបើតាមលោក សេរីវឌ្ឍន៍។ 
 
ងាកទស្សនៈលើហ្វេសប៊ុក ដោយចោទជាសំនួរថា «ឪពុកធ្វើអំពើពុករលួយលួចលុយជាតិ លុយរាស្រ្ត ហើយយកមកផ្គត់ផ្គង់គ្រួសារឱ្យថ្កុំថ្កើន តើគាត់ជាឪពុកប្រកបដោយគតិបណ្ឌិតទេ?» វិញ លោកក៏គ្មានចេតនាចោទចំៗថា បុគ្គលណា ប្រព្រឹត្តអំពើពុករលួយដែរ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យសាធារណជនទូទៅ មានមនសិកា និងគិតពីផលប្រយោជន៍រួម ជាពិសេសទប់ស្កាត់អំពើពុករលួយប៉ុណ្ណោះ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បញ្ជាក់ដូច្នេះ ៖« ខ្ញុំមិនអាចចោទប្រកាន់ថាអ្នកណាពុករលួយទេ គ្រាន់តែជាទស្សនៈមួយរួម ចំណែកក្នុងការកាត់បន្ថយ និងការពិចារណរបស់រដ្ឋាភិបាល ដើម្បីរៀបចំយន្តការបន្ថែមទៀតសម្រាប់ទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយនេះឲ្យខាងតែបាន»។ 
 
ជាការយល់ឃើញរបស់លោក សេរីវឌ្ឍន៍ អំពើពុករលួយបានកើតឡើងគ្រប់ប្រទេស គ្រាន់តែប្រទេសខ្លះ មានកម្រិតតិច ឬច្រើន អាស្រ័យលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋនីមួយៗ។ លោកបានកត់សម្គាល់ថា ប្រជាជនមួយចំនួន ដែលរស់នៅប្រទេសរីកចម្រើន ដូចជាប្រទេសលោកខាងលិច ចិន កូរ៉េខាងត្បូង និងជប៉ុន ហើយមករស់នៅកម្ពុជា ក៏បានរួមចំណែកអំពើពុករលួយដែរ ព្រោះថាវាជាឱកាសរបស់ពួកគេ។ 
 
នៅពេលសួរថា តើធ្វើយ៉ាងណាដើម្បីឲ្យស្ថាប័នមួយ មានអភិបាលកិច្ចល្អ? អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានផ្តល់ជាអនុសាសន៍ថា ត្រូវលុបបំបាត់នៅបក្ខពួកនិយម ដែលដឹកនាំនៅក្នុងស្ថាប័ន, ពង្រឹងសមត្ថភាពឌីជីថលនៅក្នុងស្ថាប័ន និងបញ្ជ្រៀបការអប់រំដល់ពលរដ្ឋ  ។ ចំណែករដ្ឋាភិបាលត្រូវរៀបចំពង្រឹងយន្តការច្បាប់ឲ្យបានរឹងមាំ ដើម្បីឈានទៅដល់ការកាត់បន្ថយអំពើពុករលួយនៅក្នុងសង្គម។ ដ្បិតរៀបចំយន្តការទាំងនេះហើយ ក៏លោក យល់ថា មិនអាចកាត់បន្ថយអំពើពុករលួយឲ្យនៅកម្រិតស្មើសូន្យបានដែរ។ 
 
យោងតាមសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយឆ្នាំ២០២៣ របស់អង្កការតម្លាភាពអន្តរជាតិ នៅថ្ងៃទី៣០ ខែមករា បង្ហាញថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោមប្រទេស ១៨០ ដោយត្រូវបានវាយតម្លៃថយចុះ ពីលេខរៀងទី ១៥០ កាលពីឆ្នាំ២០២២។ បើធៀបប្រទេសក្នុងតំបន់អាស៊ានកម្ពុជា ស្ថិតនៅកៀកបាតតារាង ដោយនៅលើតែមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាបជាងគេបំផុតទី៤ ដែលនាំមុខ អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង៕

Tag:
 គី សេរីវឌ្ឍន៍
  អំពើពុករលួយ
  សេដ្ឋកិច្ច
  អភិបាលកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com