ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបានការវិនិយោគថ្មីចំនួន​៣៧គម្រោង មានទុនជិត១ ២០០លានដុល្លារ
12, Mar 2024 , 5:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ រូបថត៖ CDC
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ រូបថត៖ CDC
កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន​៣៧គម្រោង ដែលទំហំទឹកប្រាក់ជិត១ ២០០លានដុល្លារ សម្រាប់ខែកុម្ភៈ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នាថ្ងៃទី១២មីនា ឆ្នាំ២០២៤​ បានបញ្ជាក់ថា គម្រោងវិនិយោគថ្មីទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋបានប្រមាណ ៣៨ពាន់កន្លែង។

 
បើតាមCDC ក្នុងចំណោមគម្រោងទាំង៣៧នេះ គឺមាន២៤គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ។​ គម្រោងវិនិយោគដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសនោះមាន​ គម្រោងសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព១៥០MW តាមរូបភាព វិនិយោគ សាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោងវិនិយោគតម្លៃ៤៤០លានដុល្លារនេះ ស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌល ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ 
 
គម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង។ គម្រោងនេះ មានទុនវិនិយោគជាង១០៨លានដុល្លារ ដែលអាចបង្កើតការងារបាន១១៥កន្លែង។ ជាមួយគ្នានេះ CDC ក៏បានអនុម័តលើគម្រោង បង្កើត និងធ្វើអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យ ចំនួន២កន្លែងទៀត នៅរាជធានីភ្នំពេញ ផងដែរ។ គម្រោងទាំង២ តម្លៃសរុប១៣៧លានដុល្លារ។​
 
សម្រាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កម្ពុជាទទួលបានគម្រោងពង្រីកផលិតកម្មសំបកកង់រថយន្ត​ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ជាន ពុ​ចាយ ​នៅខេត្តស្វាយរៀង​ ក្នុងទុនវិនិយោគ២១២លានដុល្លារ។​ គម្រោងនេះ អាចបង្កើតបានការងារបាន៦៥៥កន្លែង​ ផងដែរ។​
 
CDC បានបញ្ជាក់ថា ប្រភពទុនវិនិយោគសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ គឺមាន៥៨,៤១ភាគរយ ពីវិនិយោគិនចិន៣៣,១៩ភាគរយ ពីប្រទេសសិង្ហបុរី៤, ៣១ភាគរយ និងពីវៀតណាម៤,០៩ភាគរយ៕ 

Tag:
 វិនិយោគ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com