ជាតិ
សេដ្ឋកិច្ច
តើគួរវិនិយោគលើប្រភេទអចលនទ្រព្យបែបណាពុំសូវមានហានិភ័យ ?
13, Mar 2024 , 9:29 pm        
រូបភាព
នៅកម្ពុជាវិស័យអចលនទ្រព្យចែកជា៥ប្រភេទរួមមាន លំនៅឋាន(បុរី, ខុនដូ), ពាណិជ្ជកម្ម(ការិយាល័យ, ផ្សារទំនើប, សណ្ឋាគារ), ឧស្សាហកម្ម, កសិកម្ម និងដីឡូតិ៍។ តើគួរវិនិយោគលើប្រភេទអចលនទ្រព្យបែបណាពុំសូវមានហានិភ័យ ?

 
ជុំវិញរឿងនេះ លោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឲ្យដឹងថា ការវិនិយោគលើអចលនទ្រព្យ ដែលមិនសូវមានហានិភ័យត្រូវមើលលើ ៣ចំណុច។ ទីមួយ ការសង្កេតទីតាំងជាកត្តាចាំបាច់ សម្រាប់វិនិយោគលើអចលទ្រព្យ។ 
 
ពិតណាស់ មុនសម្រេចទិញអចលនទ្រព្យណាមួយ គេត្រូវសង្កេតមើលលើទីតាំង ដែលនៅជិតមន្ទីរពេទ្យ សាលារៀន​ ផ្សារ តំបន់មានការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឬទិញដើម្បីសាងសង់ឃ្លាំង រោងចក្រ អគារផ្សេងៗ។ ទន្ទឹមនេះ គេត្រូវមើលលើទិសដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដូចជាតំបន់ប៉ូលសេដ្ឋកិច្ចពិសេស និងតំបន់ដែលមានសក្កានុពល។ នេះបើតាមលោក សន សៀប ។
 
លោក បានសង្កត់ធ្ងន់ថា ការវិនិយោគលើលំនៅឋាន ដីធ្លី ឬអគារពាណិជ្ជកម្ម សុទ្ធតែត្រូវការតំបន់ដែលមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ។ 
 
ដោយឡែកកត្តាសុវត្ថិភាពលើការវិនិយោគអចលនទ្រព្យ ក៏ជាចំណុចសំខាន់។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះនិយាយថា មុននឹងទិញប្រភេទអចលទ្រព្យប្រភេទណាមួយត្រូវពិនិត្យមើលលើប្លង់ជាមួយមេធាវីជំនាញ ឬអ្នកជំនាញដូចជាមន្រ្តីសុរិយោដីពាក់ព័ន្ធកម្មសិទ្ធ។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ៖« ពេលខ្លះអ្នកលក់ជាកូន ទ្រព្យជារបស់ឪពុកម្តាយ ពេលខ្លះអ្នកលក់ជាប្រពន្ធ ទ្រព្យជាការទិញចូលគ្នារវាងប្តី និងប្រពន្ធ ដូច្នេះយើងត្រូវឲ្យប្រាកដអ្នកណាជាម្ចាស់ ហើយត្រូវធ្វើកិច្ចសន្យាជាមួយម្ចាស់ ទើបយើងបានទ្រព្យនិងមិនមានជម្លោះ»។ 
 
លើសពីនេះ ត្រូវទិញអចលនទ្រព្យណា ដែលមិនជាប់ពាក់ព័ន្ធជាប់បណ្តឹង និងជាប់បន្ទុកធនាគារ។ អ្នកជំនាញរូបនេះបាននិយាយថា៖« កន្លងមកធ្លាប់ករណីដែលម្ចាស់ដីយកប្លង់ដីអាធំ​ ទៅដាក់បញ្ចាំនៅធនាគារ ប៉ុន្តែអ្នកទិញដីទទួលបានតែកិច្ចសន្យាទិញ-លក់និងចេញប្លង់ទន់ពីអាជ្ញាធរ ក្រោយមកមិនអាចយកប្លង់រឹងពីម្ចាស់ដីបាន ដោយសារជាប់នៅធនាគារ»។ 
 
កត្តាចុងក្រោយ គឺការវិនិយោគលើអចលនទ្រព្យដែលមានតម្លៃល្អ។ ថ្លែងនៅក្នុងវេទិកាពិភាក្សាពីស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤ កាលពីថ្ងៃទី១១ ខែមីនា លោក សន សៀប បានលើកឡើងថា អចលនទ្រព្យល្អ ជាប្រភេទដែលអាចលក់ និងជួលបន្តបានក្នុងតម្លៃប្រសើរជាងមុន។ លោកបន្ថែមថា ៖« ដីដែលមិនអាចអភិវឌ្ឍធ្វើអ្វីបានទេ អាហ្នឹងគឺគ្មានទីផ្សារទេនាពេលបច្ចុប្បន្ន ទោះបីជាចុះថ្លៃដល់ ៥០ភាគរយក៏មិនមានអ្នកទិញដែរ ព្រោះគេគិតថាមិនដឹងយកលុយទៅទុកចោលទីនោះធ្វើអ្វី»។ 
 
ដើម្បីវិនិយោគលើប្រភេទអចលនទ្រព្យ ដែលមានពុំសូវមានហានិភ័យ ត្រូវមើលលើទីតាំង, សុវត្ថិភាព និងអចលនទ្រព្យដែលអាចបង្កើតចំណូល។ នេះបើតាមលោក សន សៀប។
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា មានកំណើនខ្លាំង ជាពិសេសលើវិស័យដីធ្លី បុរី និងខុនដូ។ យ៉ាងណាមិញ ការវិនិយោគទាំងនោះ រមែងទទួលបានផលចំណេញទាប ឬខាត មិនដូចក្តីរំពឹងទុក ដោយសារតែវិបត្តិសេដ្ឋកិច្ច ,បញ្ហាដោះបំណុលធនាគារ ,អាជីវកម្មជួបបញ្ហា ដែលធ្វើឲ្យការទិញអចលទ្រព្យទាំងនេះ ត្រូវបានជាប់គាំង មិនអាចលក់ ឬជួលបាន៕

Tag:
 អចលនទ្រព្យ
  សន សៀប
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com