ជាតិ
សេដ្ឋកិច្ច
EU ផ្តល់ជំនួយឥតសំណង​ដល់កម្ពុជា ​ជាង៨០លានដុល្លារ លើកម្មវិធីអភិវឌ្ឍចំនួន៤
14, Mar 2024 , 7:59 pm        
រូបភាព
លោកស្រីJutta Urpilainen ស្នងការ អឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានប្រមាណ៨៦,៥លានដុល្លារដល់កម្ពុជា ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នាថ្ងៃទី១២មីនា ឆ្នាំ២០២៤។ រូបថត៖ MEF
លោកស្រីJutta Urpilainen ស្នងការ អឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានប្រមាណ៨៦,៥លានដុល្លារដល់កម្ពុជា ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នាថ្ងៃទី១២មីនា ឆ្នាំ២០២៤។ រូបថត៖ MEF
សហភាពអឺរ៉ុប (EU) សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដល់រដ្ឋាភិបាលកម្ពុជា ក្នុងទំហំទឹកប្រាក់ ៧៩ លានអឺរ៉ូ (ប្រមាណ៨៦,៥លានដុល្លារអាម៉េរិក) លើកម្មវិធីសេដ្ឋកិច្ចចំនួន៤។ ការផ្តល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក​ស្រី Jutta Urpilainen ស្នងការ អឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាថ្ងៃទី១២មីនា។​

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ផ្តោតសំខាន់ លើកការកម្ពស់ខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ។  ក្នុងចំណោមហិរញ្ញប្បទានឥតសំណងទាំងជាង៨៦លានដុល្លារខាងលើនេះ គឺមានប្រមាណ៧,៨លានដុល្លារ សម្រាប់អនុវត្តកម្ម​វិធីភាពជាដៃគូ ដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា (Cambodia Partnership for Sustainable Agriculture and Food Systems - EU CAPSAFE)នៅកម្ពុជា។​
 
សម្រាប់ការអនុវត្តវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភារភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry) មានថវិកាប្រមាណ ៦,៥ លានដុល្លារ។​  រីឯកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តុះបណ្តាលបច្ចេកទេស ២០២៤-២០២៧ (Transforming Technical Education EU-Cambodia Partnership 2024-2027) កម្ពុជាបានថវិកាប្រមាណ ៥៣,១ លានដុល្លារ។ 
 
ចំពោះកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise) ដែលជាកម្មវិធីអភិវឌ្ឍទី៤ កម្ពុជា ទទួលបាន ថវិកាពីសហភាពអឺរ៉ុប ៧,៦ លានដុល្លារ​ និង សហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ ប្រមាណ៣,៣ លានដុល្លារទៀត ផងដែរ ។  
 
ក្រសួងសេដ្ឋកិច្ច បានស្រង់សម្តីរបស់លោកស្រី Jutta Urpilainen មកបញ្ជាក់ថា​ ការផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់រដ្ឋាភិបាលនេះ ចាត់ទុកជាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងភាគីទាំងពីរ។ បើតាមលោក​ស្រី Jutta Urpilainen ការចុះហត្ថលេខា និងការប្រកាសឱ្យអនុវត្តកម្មវិធីថ្មីចំនួន៤នេះ ក្នុងវិស័យសំខាន់ៗ នឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយចីរភាព និងការបង្កើតការងារបន្ថែមនៅកម្ពុជា។ 
 
« សហ​ភាពអឺរ៉ុបបានប្តេជ្ញាចិត្តខ្ពស់ ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរបៃតង និងឌីជីថល និងរួមដំណើរជាមួយកម្ពុជា ក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ»។ នេះជាការអះអាងរបស់លោកស្រី ស្នងការ អឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ​ ដែលក្នុងន័យនេះ, យុទ្ធសាស្ត្រ Global Gateway នឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅដំណាក់កាលថ្មីដ៏សំខាន់នេះ។    
 
ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប, ការចុះហត្ថលេខា និងការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីថ្មីទាំង ៤ នាពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ ក្នុងទិសដៅនេះ, លោក អូន ព័ន្ធមុនិរ័ត្ន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញនិងការពង្រឹងភាពជាដៃគូ ស្អិតលូតជាមួយសហភាពអឺរ៉ុប ក្នុងពហុវិស័យអាទិភាពនានា ទៅអនាគត៕ 

Tag:
 EU
© រក្សាសិទ្ធិដោយ thmeythmey.com