ជាតិ
សេដ្ឋកិច្ច
ប្រយ័ត្ន! និយ័តករអាជីវកម្ម​អចលនវត្ថុ បញ្ចេញ​​ឈ្មោះគម្រោង​ដីឡូត៍ចំនួន​១២ ដែលគ្មាន​អាជ្ញាបណ្ណ
14, Mar 2024 , 6:59 pm        
រូបភាព
លោក ជូ វណ្ណៈ អគ្គនាយកយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ
លោក ជូ វណ្ណៈ អគ្គនាយកយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ
ដោយ: រួបរួម
តាម​រយៈសេចក្តីជូនដំណឹងពីរ​ដាច់​ដោយឡែកពីគ្នា និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) កាលពីថ្ងៃទី​១១ ខែមីនា បាន​បញ្ចេញ​បញ្ជីឈ្មោះក្រុមហ៊ុន/គម្រោង​ដីឡូត៍​ចំនួន១២ ដែល​ធ្វើ​អាជីវកម្ម​ ដោយគ្មាន​អាជ្ញាបណ្ណពី ន.អ.ប.។

 
​សេចក្តីជូន​ដំណឹង គម្រោង​ដែល​គ្មាន​ច្បាប់ត្រឹមត្រូវទាំង​១២នោះ មាន​ខេត្ត​កំពត កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌល​គិរី, ព្រៃវែង និងកណ្តាល។ ស្រុក​ទឹក​ឈូ ខេត្តកំពត​មាន​គម្រោង​ដីឡូត៍​មិន​ប្រក្រតី​ដល់ទៅ៣គម្រោង គឺ​គម្រោង​អាជវកម្ម​ដីឡូតិ៍​ គឺ​គម្រោង «ដែនដី អាណាចក្រអង្គរ» របស់​ក្រុមហ៊ុន ដែនដីអង្គរ, គម្រោង​ «ដីឡូតិ៍ ម៉ន ដានី» របស់​ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត។
 
នៅស្រុក​ដងទង់ ខេត្ត​កំពតដដែល មាន​គម្រោង​មួយ គឺ​គម្រោង «កំពត​ រីវើផាក» របស់​ក្រុម​ហ៊ុន កំពត អេមផាយ ផាក​ឌីវេឡុបម៉ិន។ ក្រៅពីនៅ​ស្រុកទឹកឈូ គម្រោង «ដីឡូត៍ ម៉ន ដានី» ក៏មានទីតាំង​នៅស្រុក​ស្ទោង ខេត្តកំពង់ធំ ផងដែរ។
 
ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​គម្រោង «ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង» របស់​ក្រុមហ៊ុន ដង្ខៅ អ៊ិន​វេសម៉ិន, ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ មានគម្រោង «មរតកទំព័រមាស» របស់ក្រុមហ៊ុន ដាប់ប៊ល​ណាញ រីឯ​ស្រុក​អូរាំង ខេត្តមណ្ឌលគិរី មាន​គម្រោង «បុរី រីស៊ត មណ្ឌលគិរី» របស់ក្រុម​ហ៊ុន​វិចិត្រ​ ដារ៉ា។
 
ខេត្ត​ព្រៃវែង មានគម្រោង​គ្មាន​អាជ្ញាបណ្ណចំនួន២ គឺ​គម្រោង «ដីឡូត៍ ស្កាយ​ ហ្គាឡាក់ស៊ី» របស់​ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៊ិនវេសម៉ិន នៅ​ស្រុកស្វាយ​អន្ទរ និងគម្រោង «ដីឡូត៍ ទីក្រុងមាស» នៅ​ស្រុកកំចាយមារ ខណៈខេត្តកណ្តាល មានគម្រោងខុសច្បាប់​២ផងដែរ គឺ​ គម្រោង «ដីឡូត៍ថ្មី ក្រុងតាខ្មៅ» របស់​ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាបអង្គរ នៅ​ស្រុកកណ្តាលស្ទឹង និងគម្រោង «ដីឡូត៍ សំបួរមាស» នៅស្រុកមុខកំពូល។
 
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) ណែនាំ​ដល់​សាធារណជនឱ្យមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុងការ​លក់ ទិញ ជួល ឬ​ចូល​រួមអាជីវកម្មជាមួយគម្រោងទាំង​១២ ដែលអាច​ខាតបង់ផល​ប្រយោជន៍ជាយថាហេតុណាមួយ ដូចជាបញ្ហាផ្ទេរ​កម្ម​សិទ្ធិជាដើម។
 
«សូម​សាធារណជន និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​អាជីវកម្ម​អភិវឌ្ឍដីឡូត៍ទាំងអស់ ជ្រាបជាព័ត៌មាន និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់បំផុត»។ នេះបើតាម​សេចក្តីជូន​ដំណឹង​របស់ ន.អ.ប.៕

© រក្សាសិទ្ធិដោយ thmeythmey.com