ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ«បង្កងកណ្ដូបរស់»ទៅ​ចិនបានជាង២តោន នៅដើមឆ្នាំ២០២៤
14, Mar 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញ «បង្កង​កណ្ដូប រស់»ជាង២តោន ទៅកាន់ទីផ្សារចិន តាមរយៈក្រុមហ៊ុន Cambodia TienitInternational Trading។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់អ្នក​នាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមីនា។


លោក បានលើកឡើងថា ក្រោយសាកល្បងនាំចេញបង្កងកណ្ដូបរស់ទៅចិនចំនួន ៤៥ គី​ឡូ​ក្រាមលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២៣មក គឺកម្ពុជាបានបង្កើនការនាំចេញរបស់ ខ្លួនទៅចិនជាបន្តបន្ទាប់។ ជាក់ស្ដែងនៅឆ្នាំ២០២៣ កម្ពុជាអាចនាំចេញ បង្កងកណ្ដូបរស់ ជាង១តោន។ 
 
ដោយឡែក រយៈពេល២ខែដើមឆ្នាំ២០២៤នេះវិញ កម្ពុជាសម្រេចបានការនាំចេញជលផល​ប្រភេទនេះប្រមាណ២១០០គីឡូក្រាមទៀត តាមរយៈក្រុមហ៊ុន Cambodia Tienit International Trading។ ក្រៅពីបង្កងកណ្ដូប កម្ពុជា​ក៏បាននាំចេញកំពិសបង្កកជិត៣០តោន និង​អន្ទង់រស់ ២០០គីឡូក្រាមផងដែរ។ 
 
លោក ប្រាប់ដូច្នេះថា៖« ក្រោយពេលសាកល្បងនៅឆ្នាំ២០២៣រួច យើងបាននាំចេញបង្កង​កណ្ដូបរស់នេះទៅកាន់ចិនប្រហែល១តោន។ ឥឡូវដើមឆ្នាំ២០២៤នេះ គឺបានជាង​២តោន​ទៀត។ បើតាមទិន្ន័យមិនមែនមានតែបង្កងកណ្ដូបនោះទេ ដែលបាននាំចេញ គឺនៅមាន អន្ទង់​រស់ និងកំពិសបង្កកទៀត»។ 
 
បង្កងកណ្ដូបរស់ ពេញនិយមសម្រាប់ធ្វើម្ហូបតាមភោជនីយដ្ឋាន នៅប្រទេសចិន។បង្កង​ទាំងនេះ ត្រូវជិះយន្តហោះ ដោយពាក់អុកស៊ីសែន ឆ្លងកាត់គយចិន ដើម្បីធានាថាពួកវា​នៅរស់​ទាំ​ងអស់ទើបអាចលក់បាន។ 
 
ដ្បិតការនាំចេញមានភាពស្មុគស្មាញ ប៉ុន្តែ លោក ឃឹម ហ្វីណង់ថា លទ្ធផល​ជោគ​ជ័យ​បែបនេះនឹងក្លាយទៅជាមូលដ្ឋានស្តង់ដារដ៏ចាំបាច់ ដើម្បីនាំចេញ​ផលិតផលជលផល​ប្រភេទនេះនិងប្រភេទផ្សេងៗទៀត នៅក្នុងបរិមាណច្រើន​ទៅកាន់ប្រទេសចិននា​ពេលអនាគត។
 
សូមជម្រាបថា កម្ពុជាទទួលបានកិច្ចព្រមព្រៀង​លើពិធីសារការនាំចេញជលផលរស់ទៅ​កាន់ប្រទេសចិននៅចុងឆ្នាំ២០២៣។ ក្រោយទទួលបានពិធីសារ កម្ពុជាត្រូវបំពេញតាម លក្ខខណ្ឌ​មួយចំនួនដូចជាគោលការណ៍សុវត្ថិភាពអាហារ ការវេចខ្ចប់ និងបច្ចេកទេស​នានាដើម្បីធ្វើយ៉ាងឱ្យបង្កងកណ្ដូបទាំងអស់ទៅដល់ចិន ហើយនៅរស់។ ដំណាក់កាល​ចុងក្រោយគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យពីគយចិន៕   
 

Tag:
 បង្កងកណ្ដូប
  ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com