ជាតិ
សេដ្ឋកិច្ច
ប្រឹងដើរទាក់ម៉ូយ តែស្ងាត់ឈឹង? សម្តេច ហ៊ុន ម៉ាណែត បង្ហាញវឌ្ឍនភាពនៃគម្រោងវិនិយោគ៦ខែដំបូង
15, Mar 2024 , 9:46 am        
រូបភាព
ដោយ: រួបរួម
គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤  គម្រោងចំនួន១៧៣ បានចុះវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មុនពេលចាប់ផ្តើមរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា។



«ជាលទ្ធផលនៅលើដី ទិន្នន័យជាក់ស្តែងពិតប្រាកដ មិនមែនបង្កើតឡើងនោះឡើយ»។ ប្រមុខរដ្ឋាភិបាល បានអះអាងថា គម្រោងវិនិយោគទាំង១៧៣នោះ ភាគច្រើនគឺកើតចេញក្រោយជំនួបរវាងសម្តេចជាមួយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនសហគ្រាសនៅក្រៅប្រទេស។

ការលើកឡើងពីវឌ្ឍនភាពនៃគម្រោងវិនិយោគនារយៈពេល៦ខែដំបូងក្នុងអាណ្តតិថ្មីនេះ ក៏ជាការឆ្លើយតបរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ក្រុមអ្នករិះគន់ចំអកឌឺដង ដែលថា សម្តេចបានទៅជួបអ្នកវិនិយោគ (ទាក់ម៉ូយ) ជាច្រើននៅក្រៅប្រទេស ប៉ុន្តែមិនឃើញលទ្ធផលជាដុំកំភួន។ បើតាម សម្តេច រដ្ឋាភិបាលមិនអាចទៅហែឆៃយ៉ាំទទួលក្រុមអ្នកវិនិយោគ ដូចកម្មវិធីផ្សេងៗនោះឡើយ។ បើចង់ដឹងព័ត៌មានពីការវិនិយោគ សម្តេចស្នើឱ្យទៅយកព័ត៌មានពី CDC, ចង់ដឹងពីទំហំពាណិជ្ជកម្ម ត្រូវឆែកក្រសួងពាណិជ្ជកម្ម, ចង់ដឹងពីទិន្នន័យទេសចរណ៍ ត្រូវឆែកជាមួយក្រសួងទេសចរណ៍។

សម្តេចបានបញ្ជាក់ថា គម្រោងដែលចុះបញ្ជីការ និងអនុញ្ញាតឱ្យវិនិយោគនៅកម្ពុជា គឺមានឯកសារគ្រប់គ្រាន់ ទីតាំងដីច្បាស់លាស់។ គម្រោងទាំង១៧៣នោះ មានទុនវិនិយោគ ៤១៥០លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន១៧ ៧០០០កន្លែង ។

គម្រោងទាំងនោះ ភាគច្រើនជាគម្រោងកសិកម្ម កសិ-ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលមកពីចិន សិង្ហបុរី សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង វៀតណាម ថៃ ស៊ុយអែត កាណាដា ជប៉ុន ជាដើម។ គម្រោងខ្លះជាគម្រោងថ្មី ហើយគម្រោងខ្លះទៀត ជាការបន្តពង្រីកនូវអ្វីដែលមានស្រាប់។

សម្តេច ហ៊ុន ម៉ាណែត ទទួលស្គាល់ថា ការជួបប្រាស្រ័យទាក់ទងក្នុងវិស័យឯកជន មិនមែនគ្រប់រូបត្រូវវិនិយោគដាក់ទុននោះទេ ហើយក៏មិនអាចជប់មួយថ្ងៃចេញនោះដែរ ក្នុងនោះ ក្រុមហ៊ុនមួយចំនួនមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ ហើយក្រុមហ៊ុនមួយចំនួនត្រូវបានរដ្ឋាភិបាលបដិសេធ។

ទាក់ទងនឹងការបិទរោងចក្រ សម្តេច ហ៊ុន ម៉ាណែត ក៏មិនបដិសេធនោះឡើយ ហើយករណីបែបនេះ កើតឡើងនៅគ្រប់ប្រទេសលើពិភពលោក ដោយសារជាទីផ្សារសេរី ប៉ុន្តែសម្តេចចង់ឱ្យមានការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ ពីព្រោះទន្ទឹមនឹងការបិទ ក៏មានរោងចក្រថ្មីជាច្រើនបើកដំណើរការជាបន្តបន្ទាប់ផងដែរ៕

 



© រក្សាសិទ្ធិដោយ thmeythmey.com