ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្តល់កម្ចីជាង១៤០លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់
15, Mar 2024 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ចុះហត្ថលេខាទទួលបានយកកម្ចីសម្បទានប្រមាណ១៤១លានដុល្លារអាម៉េរិក ពីលោក Sanui Kazumasa ប្រធាន JICA ​នៅទីស្តីការក្រសួង នាថ្ងៃទី១៤មីនា។​ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ចុះហត្ថលេខាទទួលបានយកកម្ចីសម្បទានប្រមាណ១៤១លានដុល្លារអាម៉េរិក ពីលោក Sanui Kazumasa ប្រធាន JICA ​នៅទីស្តីការក្រសួង នាថ្ងៃទី១៤មីនា។​ រូបថត៖ MEF
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា​ សម្រេចផ្តល់ឥណទានសម្បទានប្រមាណ១៤១លានដុល្លារដល់កម្ពុជា​ សម្រាប់អនុវត្តអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ (Regional Hospital Development Project)។ ទំហំកម្ចីនេះ ត្រូវបានចុះហត្ថលេខា​ដោយលោក Sanui Kazumasa ប្រធាន JICA ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នាថ្ងៃទី១៤មីនា។​

 
គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយក្នុងចំណោមគម្រោងអាទិភាពនានា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះជាគម្រោងលើកដំបូងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ជាមួយប្រទេសជប៉ុន (Japanese ODA Yen Loan) ដែលក្រសួងសេដ្ឋកិច្ច សហការជាមួយក្រសួងសុខាភិបាល និង JICA ក្នុងការសិក្សាសមិទ្ធិលទ្ធភាព។ 
 
ការសិក្សានេះ មានគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាព្យាបាលកម្រិតខ្ពស់នៅជនបទនៅកម្ពុជា និងកាត់បន្ថយគម្លាតក្នុងការផ្តល់សេវាសុខាភិបាល រវាងរាជធានី-ខេត្ត ព្រមទាំងលើកកម្ពស់សុខភាពប្រជាជនតាមជនបទ ដែលជាការរួមចំណែកដល់ការសម្រេចបាននូវគោលដៅទី៣។ នោះ គឺសុខភាព និងសុខុមាលភាព មាំមួនសម្រាប់ប្រជាជនគ្រប់រូប នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goal 3) ។ 
 
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា មានមន្ទីរពេទ្យបង្អែកខេត្ត/ក្រុងចំនួន៧  ត្រូវបានជ្រើសយកមកពិនិត្យ ដើម្បីសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍនៅដំណាក់កាលទី១។ ក្នុងនោះមាន៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ។​
 
ជាលទ្ធផល មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តកំពង់ចាម ត្រូវបានសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍឱ្យទៅជាមន្ទីរពេទ្យតំបន់ នៅក្នុងដំណាក់កាលទី១ក្នុងទំហំទឹកប្រាក់ជាង១៤០លានដុល្លារ។ ជារួមគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យខេត្តសៀមរាប នឹងត្រូវសាងសង់អគារមន្ទីរពេទ្យចំនួន២អគារ ដោយក្នុងនោះ អគារមួយមានកម្ពស់៨ជាន់   និងអគារមួយទៀតមានកម្ពស់៥ជាន់។ អគារទាំងពីរនេះ គឺមានគ្រែសរុប៦៩៧។
 
ជាមួយគ្នានេះ គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យខេត្តកំពង់ចាម ក៏នឹងសាងសង់អគារមន្ទីរពេទ្យពីរអគារ ផងដែរ។ អគារនីមួយៗ​មានកម្ពស់៨ជាន់ដែលមានគ្រា៦០៨។
 
សម្រាប់មន្ទីរពេទ្យនីមួយៗ នឹងមានបំពាក់នូវសម្ភារបរិក្ខារពេទ្យ (Medical Equipment)  និងបញ្ចូលការងារបែងចែកឱសថ និងការផ្គត់ផ្គង់សម្ភារឧបករណ៍វេជ្ជសាស្ត្រ (Drug dispensing and medical equipment/supply modules) ទៅក្នុងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ និងការគ្រប់គ្រងអ្នកជំងឺ  (Hospital Information and Patient Management System) ។
 
ជុំវិញនៃកម្ចីដែលទទួលបានពីប្រទេសជប៉ុន សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យតំបន់នេះ លោក​ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុករដ្ឋាភិបាលជប៉ុនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ​ជាមួយកម្ពុជា។ លោកបានបន្តនិយាយដូច្នេះ ៖ « ជាពិសេសតាមរយៈ JICA ដែលបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ(ODA) បានឆ្លើយតបចំទិសដៅ ចំពោះកម្មវិធីគោលនយោបាយអាទិភាព១ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាព ជាសកល។»៕

Tag:
 កម្ចី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com