ជាតិ
សេដ្ឋកិច្ច
វិនិយោគិនចិន និងថៃ ស្វែងរកឱកាសវិនិយោគបន្ថែម​នៅកម្ពុជា
15, Mar 2024 , 6:59 pm        
រូបភាព
អ្នកវិនិយោគរបស់ប្រទេសចិន និងថៃ ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងវិស័យសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មដាំឈើក្រដាស (Paper Tree) ។ ឱកាសនេះ​​  ត្រូវបានអ្នកវិនិយោគទាំងនោះ បង្ហាញក្នុងជំនួបជាមួយ​ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី១៥មីនានេះ។​

 
ដោយមើលឃើញពីការវិវត្តរីកចម្រើនរបស់កម្ពុជា លោក Zhang Ruochen តំណាងក្រុមហ៊ុនចិន China National Offshore Oil Corporation (CNOOC)  កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ននៅកម្ពុជា។ ការចុះផ្សាយរបស់CDC បានបញ្ជាក់ថា ក្រុមហ៊ុនចិនមួយនេះ មានបំណងចង់វិនិយោគលើទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងរោងចក្រអគ្គិសនីប្រើប្រាស់ឧស្ម័ន។  ការវិនិយោគនេះនឹងចូលរួមចំណែកបំពេញដល់តម្រូវការថាមពលរបស់កម្ពុជា នៅពេលខាងមុខ។ 
 
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd ដែលមកពីប្រទេសថៃ ក៏បានបង្ហាញបំណងពីការវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យកសិ-ឧស្សាកម្មក្នុងការដាំដុះឈើក្រដាស ផងដែរ។ បន្ទាប់ពីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រុមហ៊ុនថៃមួយនេះ នឹងចុះបញ្ជីនៅCDC ក្នុងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។ ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។​​
 
បើតាមCDC កន្លងមក​ ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd បានវិនិយោគលើឧស្សាហកម្មដំណាំឈើដាំនៅតាមបណ្តាខេត្តជាប់ព្រំដែន​ក្នុងទឹកដីកម្ពុជា​។ ការវិនិយោគនោះ គឺមានទាំងការបណ្តុះកូនឈើ ការដាំដុះ និងការដំឡើងរោងចក្រកាត់ចិញ្ច្រាំជាកម្ទេចឈើរួចហើយនាំចេញទៅបរទេស។ 
 
តបនឹងបំណងរបស់វិនិយោគគិនខាងលើ ​ លោក នុត អ៊ុនវ័ណរ៉ា បានស្វាគមន៍ពីសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ​លើសពីនេះ លោកក៏បានប្រាប់វិនិយោគិនទាំងនោះ ពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្ត រួមទាំងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុន ផងដែរ។  
 
លោក នុត អ៊ុនវ័ណរ៉ា  បានអះអាងទៅកាន់វិនិយោគជនជាតិចិន និងថៃ យ៉ាងដូច្នេះ៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការទទួលបន្ទុកវិនិយោគ ត្រៀមខ្លួនជានិច្ចក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រដល់ដំណើរប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុនឱ្យទទួលបានជោគជ័យ»។
 
គួរជម្រាបថា ក្នុងរយៈពេល២ ដើមឆ្នាំ២០២៤ កម្ពុជា​ទទួលបានគម្រោងវិនិយោគចំនួន៦៩គម្រោង​ ដែលមានទុនវិនិយោគ​ ១ ៣៨៧លានដុល្លារ។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានរហូតដល់ ៦៧ពាន់ដុល្លារ។ បើតាមCDC៕​

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com