គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ីនៅថ្ងៃទី២០ ខែមីនា បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិលោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ ឈ្នះការបោះប្រធានាធិបតីនៅត្រឹមជុំទីមួយតែម្ដង។ លោកត្រូវរំពឹងនឹងចូលកាន់តំណែងនៅខែតុលាបន្តពីលោក ចូកូ វីដូដូ។
រដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ និងបេក្ខជនអនុប្រធានាធិបតី Gibran Rakabuming Raka ទទួលបានសំឡេងឆ្នោតជាង៩៦លានសន្លឹក ស្មើនឹង ៥៨,៦ភាគរយនៃសន្លឹកឆ្នោតសរុប ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឈ្នះការបោះឆ្នោតនៅជុំទីមួយ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី Hasyim Asy'ari បាននិយាយបែបនេះនៅថ្ងៃទី២០ ខែមីនា។
គូប្រជែងរបស់លោក ប្រាប៉ូវ៉ូ គឺលោក Anies Baswedan និងលោក Ganjar Pranowo ទទួលបាន ២៤,៩ភាគរយ និងច្រើនជាង ១៦ភាគរយនៃសំឡេងឆ្នោតសរុបរៀងគ្នា។
ថ្លែងនៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុងហ្សាការតា លោក ប្រាប៉ូវ៉ូ អាយុ ៧២ឆ្នាំ បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោត និងអ្នកស្ម័គ្រចិត្ត ហើយបាននិយាយថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន។ លោកត្រូវបានរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ដោយដឹកនាំឥណ្ឌូណេស៊ីសម្រាប់អាណត្តិ ៥ឆ្នាំ។
«យើងអំពាវនាវឱ្យប្រជាជនឥណ្ឌូណេស៊ីទាំងអស់សាមគ្គីគ្នាឆ្ពោះទៅមុខដោយការរួបរួម ពីព្រោះបញ្ហាប្រឈមរបស់យើងនៅតែមានទំហំធំធេង»។ លោក ប្រាប៉ូវ៉ូ ថ្លែងបែបនេះ ដោយបានប្តេជ្ញាថា នឹងលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌នៅក្នុងសង្គម។ នេះបើតាមសារព័ត៌មាន Reuters។
ប៉ុន្តែលោក Anies និង Ganjar ប្រកាសប្តឹងទៅតុលាការធម្មនុញ្ញអំពីភាពមិនប្រក្រតី និងការក្លែងបន្លំក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ។ ក្រុមអ្នកច្បាប់របស់លោក ប្រាប៉ូវ៉ូ ជឿថានឹងមិនផ្លាស់ប្តូរលទ្ធផលនោះទេ ពីព្រោះរដ្ឋមន្ត្រីការពារជាតិរូបនេះបានទទួលជ័យជម្នះយ៉ាងច្រើនក្រៃលែង។
លោក ប្រាប៉ូវ៉ូ កើតក្នុងគ្រួសារឥស្សរជនមួយដែលឪពុករបស់លោកធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រោមការដឹកនាំរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ស៊ូកាណូ។ យ៉ាងណាមិញ លោកត្រូវរស់នៅនិរទេសខ្លួនតាំងពីក្មេងដោយសារតែឪពុករបស់លោកដែលជាសេដ្ឋវិទូដ៏ល្បីម្នាក់របស់ឥណ្ឌូណេស៊ីត្រូវភៀសខ្លួនទៅក្រៅប្រទេសដោយសារតែការប្រឆាំងលោក ស៊ូកាណូ។
នៅឆ្នាំ ១៩៦៧ នៅពេលដែលឧត្តមសេនីយ៍ ស៊ូហាតូ ឡើងកាន់អំណាច គ្រួសាររបស់លោកបានត្រឡប់ទៅស្រុកវិញ។ លោក ប្រាបូវ៉ូ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ ១៩៧០ ដោយបម្រើការជាកងកម្លាំងពិសេស ហើយបន្ទាប់មកបានរៀបការជាមួយកូនស្រីរបស់ប្រធានាធិបតី ស៊ូហាតូ ក្នុងឆ្នាំ ១៩៨៣។ នេះត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្តើមសម្រាប់អាជីពនយោបាយរបស់ ប្រាបូវ៉ូ។
បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល ស៊ូហាតូ ក្នុងឆ្នាំ ១៩៩៨ យោធាឥណ្ឌូណេស៊ីបានបណ្តេញលោក ប្រាបូវ៉ូ ។ លោកបានលែងលះប្រពន្ធ ហើយបានចាកចេញពី ឥណ្ឌូណេស៊ីម្តងទៀតដោយរស់នៅនិរទេសនៅហ្ស៊កដានី។ លោក ប្រាបូវ៉ូ បានត្រឡប់មកវិញហើយបានបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួនក្នុងឆ្នាំ ២០០៨។ លោកធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ ២០១៤ និង ២០១៩ ប៉ុន្តែបានចាញ់ប្រធានាធិបតី វីដូដូ ទាំង២លើក៕