ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អាជីវកម្មកម្ចីអនឡាញដែលមានឈ្មោះ«កម្ពុជា កម្ចីរហ័ស» គឺមិនបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួងឡើយ។ ក្រសួងប្រកាសបដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញមួយនេះ ដែលមានចេតនាបោកប្រាស់ប្រជាពលរដ្ឋ។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានទទួលពាក្យបណ្ដឹងពីសាធារណជន លើករណីបោកប្រាស់ពីអាជីវកម្មកម្ចីអនឡាញ ដែលមានទំព័រហ្វេសប៊ុក ឈ្មោះ «កម្ពុជា កម្ចីរហ័ស»។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២មីនា អាជីវកម្មអនឡាញមួយនេះ បានផ្សព្វផ្សាយនូវរូបភាពបោកប្រាស់ពលរដ្ឋ ដោយថា ខ្លួនបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម។ លើសពីនេះ «កម្ពុជា កម្ចីរហ័ស» បានប្រើប្រាស់រូបសញ្ញា (Logo) របស់ក្រសួងពាណិជ្ជកម្ម មកផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីភូតកុហកធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកផល ប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។
ដើម្បីបង្ការពលរដ្ឋកុំឱ្យចាញ់បោក និងខាតបង់ទ្រព្យសម្បត្តិណាមួយ, ក្រសួងពាណិជ្ជកម្ម បានអះអាងថា «កម្ពុជា កម្ចីរហ័ស គឺជាអាជីវកម្មកម្ចីអនឡាញបោកប្រាស់»។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានព្រមានដល់ម្ចាស់អាជីវកម្មកម្ចីអនឡាញមួយនេះ ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ រូបសញ្ញា (Logo) និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។
« ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តវិធានការតាមនីតិវិធីជាធរមាន ចំពោះការផ្សព្វផ្សាយបោកប្រាស់ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ ធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម»។ នេះជាការព្រមានរបស់ក្រសួងពាណិជ្ជកម្ម ដែលបានអំពាវដល់សាធារណជនឱ្យជួយសហការផ្តល់ ព័ត៌មានមកកាន់ក្រសួងពាណិជ្ជកម្មតាមរយៈប្រព័ន្ធទូរសព្ទ១២៦៦ ប្រសិនបើមាន ជនខិលខូចប៉ុនប៉ង ឬមានការបោកប្រាស់ដូចករណីខាងលើ ដើម្បីក្រសួងពាណិជ្ជកម្មចាត់វិធានការឱ្យបានទាន់ ពេលវេលា។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការប្រើប្រាស់ Logo ក្រសួងក្នុងការផ្សព្វផ្សាយរបស់អាជីវកម្មអនឡាញ កម្ពុជា កម្ចីរហ័សជាការបោកប្រាស់
ក្រៅពីក្រសួងពាណិជ្ជកម្ម, ធនាគារជាតិនៃកម្ពុជា (NBC) ក៏កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុន និងបុគ្គលណាដែលផ្តល់កម្ចីខុសច្បាប់ដល់ពលរដ្ឋ ផងដែរ ។ វិធានរបស់អាជ្ញាធរពាក់ព័ន្ធ គឺត្រូវឡើងក្នុងគោលដៅ ដើម្បីជួយពលរដ្ឋឱ្យគេចផុតពីការជាប់បំណុល«វ័ណ្ឌក» និងជួយពង្រឹងការប្រើប្រាស់កម្ចីផ្លូវការឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ។
កន្លងមក លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ពលរដ្ឋដែលប្រើប្រាស់កម្ចីក្រៅផ្លូវការ គឺប្រឈមមុខនឹងអត្រាប្រាក់ខ្ពស់ ហើយគ្មានយន្តការច្បាស់លាស់ក្នុងការពារអតិថិជនឡើយ។ នេះជាផលប៉ះពាល់ធំជាងគេ ទៅលើប្រជាពលរដ្ឋខ្មែរមួយចំនួនបានជួបប្រទះ។ អ្នកស្រីបានពន្យល់ថា៖« នៅពេលក្រុមហ៊ុនឬបុគ្គលផ្តល់កម្ចីក្រៅផ្លូវការទាំងនោះយកការប្រាក់ថ្លៃពេក ហើយអតិថិជនគ្មានលទ្ធភាពបង់ការប្រាក់ឱ្យពួកគេវិញ នោះវានឹងកើតជាការប្តឹងផ្តល់គ្នា ការគំរាមកំហែង ការរឹបអូស ការប្រើប្រាស់អំពើហិង្សា ជាដើម។ យើងឃើញមានច្រើន! រហូតមានករណីខ្លះអតិថិជនមិនមានលទ្ធភាពសង់ប្រាក់ ក៏ត្រូវបានគេបង្ហោះហ្វេសប៊ុក និងបិទរូបអតិថិជន នៅតាមទីសាធារណដែលបង្កភាពរញ៉េរញ៉ៃជាច្រើនដល់សង្គមជាតិ» ។
ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានកម្ចីក្រៅផ្លូវការ ទាំងធនាគារជាតិនៃកម្ពុជា រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត បានលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការតែប៉ុណ្ណោះ។ ធនាគារជាតិនៃកម្ពុជា នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុអំណោយផល ដើម្បីឱ្យពលរដ្ឋទូទៅមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពី«បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥»។
របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ប្រព័ន្ធធនាគារនៅកម្ពុជា គឺមានធនាគារពាណិជ្ជ៥៨, ធនាគារឯកទេស៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣, គ្រឹះស្ថានឥណទានជនបទ ១១៤, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦, អ្នកដំណើរការតតិយភាគី៦, គ្រឹះស្ថានផ្តល់សេវាទូទាត់សង ប្រាក់ ៣៣ គ្រឹះស្ថានផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារ បរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩១៥។ ទាំងនេះ គឺជាគ្រឹះស្ថានស្របច្បាប់ និងផ្លូវការដែលផ្ដល់ឥណទាន និង/ឬ សេវាហិរញ្ញវត្ថុផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។
គ្រឹះស្ថានទាំងនេះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះក៏ត្រូវបានការពារដោយច្បាប់ ផងដែរ៕