ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនធំៗ​ពីកូរ៉េ កំពុងសម្លឹងឱកាសវិនិយោគ​នៅកម្ពុជា​
27, Mar 2024 , 10:49 am        
រូបភាព
ក្រុមហ៊ុនធំៗមកពីសាធារណរដ្ឋកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគ លើវិស័យសក្ដានុពល និងវិស័យ ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុន Samsung Electronics, LG Electronics, CJ Group,​ Maekyung Media Group និងក្រុមហ៊ុន KORINDO Group ជាដើម។

 
ប្រតិភូក្រុមហ៊ុន មកពីប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានជួបពិភាក្សាការងារ ជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជា នាថ្ងៃទី២៦មីនា​។ ក្នុងកិច្ចប្រជុំនោះ ក្រុមហ៊ុនមួយចំនួន កំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។
 
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានរៀបរាប់អំពីសក្ដានុពលនានា ដែលជំរុញឱ្យក្រុមហ៊ុនទាំងនោះ គួរសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់វិនិយោគរបស់ខ្លួន។ លោកបានអះអាង ទៅកាន់វិនិយោគិន មកពីប្រទេសកូរ៉េខាងត្បូងទាំងនោះថា បច្ចុប្បន្នកម្ពុជា មានទាំងស្ថិរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថិរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបើកចំហរនៃច្បាប់វិនិយោគ ដែលផ្ដល់ជូនការលើកទឹកចិត្តជាច្រើន ដល់វិនិយោគិន ។ រដ្ឋាភិបាល ក៏រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជន សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលវិនិយោគិន ជួបប្រទះក្នុងការរកស៊ីនៅកម្ពុជា ជាដើម។ 
 
សំខាន់ជាងនេះ ស្ថានភាពទីផ្សាររបស់កម្ពុជា ទៅកាន់ពិភពលោក មានភាពល្អប្រសើរ តាមរយៈអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ,កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBA ជាដើម ។
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ៖ « រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចមាន ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យា ជាដើម»។ 
 
បើតាម​CDC ក្រុមហ៊ុនដែលកំពុងសិក្សា និងឈ្វេងយល់ពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា រួមមាន ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក, ក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មផលិតគ្រឿងអេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងក្រុមហ៊ុន LX International ដែលជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្ម លើសេវាកម្មផ្នែកអភិវឌ្ឍន៍អាជីកម្ម (Business Development) ។ ក្រុមហ៊ុន KORINDO Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្ម លើការដាំដំណាំដូងប្រេង កៅស៊ូ និងដាំឈើសម្រាប់ផលិតជាក្ដាបន្ទះ និងរោងចក្រកែច្នៃ ។  
 
ក្រុមហ៊ុន Kolao Group គឺជាក្រុមហ៊ុនមានកម្មវត្ថុអាជីវកម្មលើការចែកចាយ ការផលិត និងដំឡើងម៉ាកយីហោរថយន្ត។ សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ) ជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងចម្បង គឺគាំទ្រ និងតស៊ូមតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច, ជំរុញឱ្យមានឱកាសស្មើគ្នា, និងលើកកម្ពស់ផលប្រយោជន៍ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកូរ៉េ និងសហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) ក៏ជាអង្គការដ៏ធំមួយ សម្រាប់អាជីវកម្មកូរ៉េនៅក្រៅប្រទេស ។ ក្រុមហ៊ុន Maekyung Media Group ជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។
 
ដោយឡែក ក្រុមហ៊ុនកូរ៉េ ដែលមានបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា​ មានក្រុមហ៊ុន Hyundai Motor ដែលធ្វើអាជីវកម្មផលិតរថយន្តច្រើនប្រភេទរួមមានប្រភេទរថយន្តគ្រួសារ, រថយន្តដឹកទំនិញ, រថយន្តក្រុង, រថយន្តប្រភេទSUVs, MPV, និងអ៊ីដ្រូសែន, តួខ្សែថាមពល, និងគ្រឿងបន្លាស់រថយន្តជាដើម។ ក្រុមហ៊ុននេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Camko Motor Co., Ltd. ដែលបានវិនិយោគបង្កើតរោងចក្រដំឡើង និងផលិតគ្រឿងបង្គំអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង ក្នុងខេត្តកោះកុង លើទំហំផ្ទៃដីប្រមាណ១៦,៥ហិកតា តាំងពីឆ្នាំ២០០៩។ 
 
ក្រុមហ៊ុន CJ Group ជាក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារ, ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, ភស្ដុភារកម្ម, និងបច្ចេកវិទ្យាជីវសាស្រ្ត(Biotechnology)។ CJ Group ជាក្រុមហ៊ុនធំមួយរបស់កូរ៉េខាងត្បូង ដែលបង្កើតផលប័ត្រអាជីវកម្ម (Business portfolio) របស់ខ្លួនដោយផ្តោតទៅលើវិស័យម្ហូបអាហារនិងសេវាកម្មម្ហូបអាហារ, បច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology), ការកម្សាន្តនិងប្រព័ន្ធផ្សព្វផ្សាយ, និងការលក់រាយនិងភស្ដុភារកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងមានដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើការវិនិយោគកែច្នៃចំណីសត្វ រួមមានចំណីសត្វជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ 
 
ក្រុមហ៊ុន DAEJOO KC Group ជាក្រុមហ៊ុនដែលធ្វើអាជីវកម្មលើឧស្សាហកម្មដែក, ភស្តុភារកម្ម, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្តនិងអាកាសចរណ៍, និងឧស្សាហកម្មសំណង់និងថាមពល ជាដើម។ ក្រុមហ៊ុននេះ មានប្រតិបត្តិការនៅកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺក្រុមហ៊ុន CAMKO INFRACORE CO., LTD ដែលបានចុះបញ្ជីពាណិជ្ជកម្មកាលពីឆ្នាំ២០១៦ ដោយមានប្រតិបត្តិការអាជីវកម្មជោគជ័យក្នុងការផ្តល់សេវាថែទាំរថយន្តម៉ាក Hyundai, ការលក់គ្រឿងបន្លាស់រថយន្ត និងការចែកចាយផលិតផលថែរក្សាសម្រស់របស់កូរ៉េ។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកកម្ពុជាចំនួនប្រមាណ ៤០នាក់។
 
ក្រុមហ៊ុន Booyoung Group ជាក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនរួមមាន វិស័យអចលនទ្រព្យ (សាងសង់ខុនដូ បុរី សណ្ឋាគារ ទីលានវាយកូនហ្គោល) សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕
 

Tag:
 វិនិយោគិន
© រក្សាសិទ្ធិដោយ thmeythmey.com