កីឡាអន្តរជាតិ
អន្តរជាតិ
Messi មិនយកអាយុកំណត់ការចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ខ្លួនឡើយ
28, Mar 2024 , 11:19 am        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi មិនយកតួលេខអាយុ ដើម្បីកំណត់ការចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់របស់ខ្លួនឡើយ។ ចំពោះគម្រោងចូលនិវត្តន៍ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន នៅមិនទាន់បញ្ជាក់បាននៅឡើយ​ ស្របពេលសមត្ថភាពលើទីលាននៅតែមានគុណភាព។



ប្រធានក្រុមអាហ្សង់ទីន ធ្លាប់ប្រកបអាជីពនៅក្លិប Barcelona រយៈពេល ១៧ឆ្នាំ មុនពេលផ្លាស់ទៅចូលរួមក្លិប Paris Saint Germain កាលពីឆ្នាំ ២០២១។ សព្វថ្ងៃ Messi ស្ថិតនៅក្លិប Inter Miami ដែលជាក្លិបទី៣ក្នុងអាជីព ស្របពេល វ័យនឹងឈានដល់ ៣៧ឆ្នាំ នៅ ៣ខែទៀត។ តែរឿងមួយដែលច្បាស់លាស់ចេញពីសម្តីរបស់ Messi គឺអាយុនឹងមិនក្លាយរឿងដែលត្រូវកំណត់ពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់របស់រូបគេឡើយ។
 
«ខ្ញុំដឹងថាពេលដែលខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងមិនអាចលេង ឬបង្ហាញខ្លួនបានទៀ​ត នោះខ្ញុំលែងរីករាយឬជួយមិត្តរួមក្រុមទៀតហើយ ពេលនោះខ្ញុំនឹងចូលនិវត្តន៍។ ខ្ញុំជាមនុស្សដែលតែងរិះគន់ខ្លួនឯង ខ្ញុំដឹងថាពេលខ្ញុំធ្វើបានល្អ ពេលដែលខ្ញុំអត់ ពេលខ្ញុំលេងល្អ ហើយលេងមិនល្អ ពេលខ្ញុំមានអារម្មណ៍ថាដល់ពេលត្រូវបោះជំហាននោះ ខ្ញុំនឹងធ្វើដោយមិនគិតពីអាយុ។

បើសិនខ្ញុំមានអារម្មណ៍ល្អ ខ្ញុំនឹងបន្តប្រកួតប្រជែងព្រោះនេះជាអ្វីដែលខ្ញុំសប្បាយចិត្តនឹងធ្វើ។»។ Messi បានលើកឡើងបែបនេះក្នុងកិច្ចសម្ភាសរបស់កម្មវិធីជជែកផតឃែស Big Time កាលពីពេលថ្មីនេះ។
 
ក្នុងកិច្ចសម្ភាសដដែល Messi ត្រូវបានគេចោទសួរថាតើកីឡាករប្រធានក្រុមអាហ្សង់ទីន បានចាប់ផ្តើមគិតអំពីរឿងដែលគេនឹងត្រូវធ្វើបន្តឬនៅ? ម្ចាស់ពាន Ballon d’Or ៨សម័យ ហាក់មិនមានចម្លើយដោយត្រង់ឡើយ។
 
Messi បានឆ្លើយតបដូច្នេះ៖«ខ្ញុំមិនទាន់បានគិតពីរឿងនេះឡើយ។ សម្រាប់ពេលនេះ​ ខ្ញុំព្យាយាមរីករាយជាមួយវារាល់ថ្ងៃ គ្រប់ពេលដោយមិនគិតពីរឿងអនាគតឡើយ ខ្ញុំគ្មានរឿងដែលច្បាស់លាស់ទេពេលនេះ។ ខ្ញុំសង្ឃឹមថានឹងអាចបន្តលេងបានចូលថែមទៀត។ […]»​។
 
ដោយឡែកការប្រកួតមិត្តភាពកន្លងមករបស់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងប្រទេសអាម៉េរិក ប្រធានក្រុម Messi បានខកខានការប្រកួតចំនួន ២លើកទល់នឹងក្រុមអែលសាល់វ៉ាឌ័រ និងកូស្តារីកា ព្រោះតែបញ្ហារបួសសាច់ដុំ៕

Tag:
 Lionel Messi
  អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com