ជាតិ
អត្ថបទពាណិជ្ជកម្ម
អគ្គនាយិកា​ “ផ្ទះបាយភូមិខ្មែរ”​ មានឆន្ទៈ និងមហិច្ឆតា អភិរក្ស និងអភិវឌ្ឍម្ហូបខ្មែរ ដើម្បីផ្សព្វផ្សាយឲ្យកាន់តែល្បី
28, Mar 2024 , 12:55 pm        
រូបភាព
ភ្នំពេញ៖ អគ្គនាយិកា ភោជនីយដ្ឋាន “ផ្ទះបាយភូមិខ្មែរ” ដែលមានទីតាំងនៅ ផ្ទះលេខ១២ ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រកាសនៅក្នុងពិធីបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះថា លោកស្រីមានចិត្តស្រលាញ់ និងចង់ចូលរួមចំណែកលើកស្ទួយម្ហូបខ្មែរ ឲ្យកាន់តែទូលំទូលាយល្បីជាងបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ លោកស្រីថែមទាំងមានក្តីស្រមៃ ចង់ធ្វើឲ្យម្ហូបខ្មែរល្បីមិនចាញ់ម្ហូបបរទេសទេ ព្រោះថាម្ហូបខ្មែរមានចំណុចពិសេសលេចធ្លោ បង្កប់ទៅដោយរសជាតិឆ្ងាញ់ ហើយមានច្រើនមុខច្រើនរសជាតិច្រើនជម្រើសណាស់។
 


នៅក្នុងពិធីបើកសម្ពោធភោជនីយដ្ឋាន “ផ្ទះបាយភូមិខ្មែរ” ក្រោមអធិបតីភាពលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការជាតំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមានវត្តមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
 
លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ​ បានមានប្រសាសន៍ថា៖ “​នៅផ្ទះបាយភូមិខ្មែរ ពួកយើងបានសិក្សាស្រាវជ្រាវបន្ថែម គាស់កកាយ សម្រិតសម្រាំងពាំនាំមកជូននូវម្ហូបខ្មែរ បង្អែមខ្មែរពិតៗ រសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ពីតាមតំបន់នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះវាកាន់តែភាពងាយស្រួលដល់បងប្អូន លោក ​លោកស្រី ​អ៊ំ ពូ មីង ដែលនិយមចូលចិត្តម្ហូបខ្មែរពិតៗ អាចអញ្ចើញមកទទួលយកភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ។ ពួកយើងប្តេជ្ញាបម្រើជូនតែអាហារដែលមានសុវត្ថិភាព ប្រើប្រាស់ផលិតផលខ្មែរ គ្រឿងផ្សំ បន្លែ សាច់ ផ្លែឈើ ​ដែលដាំដុះដោយប្រជាកសិករនៅតាមសហគមន៍ខ្មែរនានា” ។​ 



លោកស្រី ហ៊ុក ស្រីហួរ បានបន្តទៀតថា ផ្ទះបាយភូមិខ្មែរ ត្រូវបានបង្កើតឡើងមិនមែនតែក្នុងបំណងអាជីវកម្មដើម្បីប្រាក់ចំណេញតែមួយមុខទេ តែដោយក្តីស្រលាញ់ម្ហូបខ្មែរ និងមានចេតនាដោយស្មោះ ចង់ចូលរួមចំណែកជាមួយសហគ្រិនខ្មែរដទៃទៀត ដើម្បីលើកស្ទួយ អភិរក្ស និងអភិវឌ្ឍម្ហូបខ្មែរ កេរតំណែលជាតិ អោយកាន់តែរីកសុសសាយនៅក្នុងចំណោមប្រជាជនខ្មែរផ្ទាល់ និងដើម្បីទទួលស្វាគមន៍ភ្ញៀវបរទេស ដែលអញ្ជើញមកកម្សាន្តក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីជួយផ្សព្វផ្សាយម្ហូបខ្មែរ ម៉ាកយីហោខ្មែរទៅកាន់ពិភពលោកផង​ដែរ។​ ​​​
 
លោកស្រី ក៏សូមអំពាវនាវឱ្យមានការជួយគាំទ្រប្រើប្រាស់ផលិតផលខ្មែរ ម៉ាកយីហោខ្មែរ ឱ្យកាន់តែផុសផុល មិនថាផ្ទះបាយភូមិខ្មែរ ឬម៉ាកយីហោខ្មែរដទៃទៀត ដើម្បីជួយជាចលករជំរុញចរន្តសេដ្ឋកិច្ចក្នុងសហគមន៍​។



ក្នុងឱកាសចូលរួមពិធីសម្ពោធភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ លោកស្រី ឡងឌី សាន់ណារ៉ា  រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា៖«ថ្វីដ្បិតតែពេលនេះ មានម្ហូបបរទេសជាច្រើនបាន និងកំពុងតែធ្វើចរាចរណ៍នៅក្នុងប្រទេសយើងក៏ពិតមែន តែម្ហូបខ្មែរនៅតែមានរក្សាបានប្រជាប្រិយភាព ពេញនិងទូទាំងប្រទេស។ ពិធីសម្ពោធនារាត្រីនេះប្រៀបបាននឹងការកសាងស្ពានឆ្លង ដើម្បីពាំនាំមរតកម្ហូបខ្មែរដល់កូនខ្មែរជំនាន់ក្រោយ កាន់តែច្បាស់»។
 
សូមបញ្ជាក់ផងដែរថា ផ្ទះបាយភូមិខ្មែរ បានស្រាវជ្រាវ​ ចងក្រងដោយសម្រិតសម្រាំងបាននូវជម្រើសម្ហូបខ្មែរ​ បង្អែមខ្មែរ ដ៏សម្បូរបែប  រហូតដល់ជាង ៣០០ មុខ ពីតាមតំបន់នានា ក្នុងនោះរួមមានខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កំពត មណ្ឌលគិរី រតនគិរី ស្ទឹងត្រែងផងដែរ។ល។ ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ​ មិនផ្តោតលើតែអាហារប៉ុណ្ណោះទេ តែនាំមកនូវ​បទពិសោធន៍របស់អតិថិជនជារួម រាប់ពីការធ្វើបដិសណ្ឋាកិច្ចដ៏កក់ក្តៅ បរិយាកាសប្រកបដោយផាសុកភាព សោភ័ណភាព រចនាបថនៃការតុបតែងហាងដែលផ្សារភ្ជាប់ជាមួយប្រពៃណី និងសិល្ប:​ខ្មែរផងដែរ៕
 
ព័ត៌មានទំនាក់ទំនង៖
លេខទូរសព្ទ÷ 085 836 688/ 015 836 688
តេលេក្រាម៖ T.me/pbkh_pp
ហេ្វសប៊ុកផេក៖ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ-Phteah Bay Phoum Khmer Restaurant
អាសយដ្ឋាន៖ ផ្ទះលេខ12 ផ្លូវ370 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។
 
ខាងក្រោមនេះជាវីដេអូផ្សព្វផ្សាយផលិតដោយ ផ្ទះបាយភូមិខ្មែរ ដែលមានឈុតឆាកបែបខ្មែរគួរឱ្យទាក់ទាញ មានចំណងជើងថា “ម្ហូបខ្មែរជារតនៈសម្បត្តិដ៏ថ្លៃថ្លា” 
 















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com