ជាតិ
ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ បើកដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី១ ខែមេសា
28, Mar 2024 , 4:05 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី១ ខែមេសា។ ស្ពាននេះ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន។



សេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែមីនា នេះ គឺអនុវត្តតាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលដល់លំហរចរាចរ និង ការធ្វើដំណើររបស់ពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។

បើតាមលោក ឃួង ស្រេង ការសាងសង់ស្ពានអាកាស “មរតកតេជោ” - ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា នេះ។



អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ការដាក់ដំណើរសាកល្បងចាប់ពីថ្ងៃទី១ ខែមេសា នេះ ក៏ជាការជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី គឺមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន។

បើកការដ្ឋានកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី «ស្ពានអាកាសមរតកតេជោ» ដែលស្ថិតនៅចំណុលក្បាលថ្នល់ មានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាអ្នកទទួលការសាងសង់ ដោយ គ្រោងបញ្ចប់មុនចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥។ ស្ពានអាកាស ចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com