គម្រោងវិនិយោគចំនួន៦ទៀតនៅខេត្តព្រះសីហនុ ដែលមានទាំងគម្រោងជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង មិនពាក់ព័ន្ធអគារជាប់គាំង ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ គម្រោងទាំង៦នេះ មានទុនវិនិយោគប្រមាណ៧៣លានដុល្លារ។
គម្រោងវិនិយោគនៅព្រះសីហនុ ដែលមានការទឹកចិត្តពិសេសពីរដ្ឋាភិបាលនោះ មានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែដូង គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន គម្រោងសណ្ឋាគារ និង កាស៊ីណូ គម្រោងសួនកម្សាន្តលើទឹកសមុទ្រ គម្រោងអគារស្នាក់នៅរួម និង គម្រោងពេទ្យធ្មេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ស្តីពីកិច្ចប្រជុំក្រុមការងារដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី របស់គម្រោងវិនិយោគ/ធុរកិច្ច ក្រោមការដឹកនាំរបស់លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១០មេសា បានបញ្ជាក់ថា ៖ « គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ-បរទេស និង មានទំហំតូច មធ្យម និង ធំ » ។
គិតត្រឹមពេលនេះ មានគម្រោងវិនិយោគ១៣ហើយ ដែលទទួលបានការលើកទឹកពិសេសពីរដ្ឋាភិបាល។ ក្នុងនោះ រដ្ឋបានសម្រេចជាគោលការណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ ដែលជាគម្រោងអគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម), សណ្ឋាគារ និង មជ្ឈមណ្ឌលទេសចរណ៍ នៅខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមក្រសួងសេដ្ឋកិច្ច។
ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏បានទទួល និងពិនិត្យពាក្យស្នើនានា ចំនួន១៦គម្រោង ព្រមទាំងកំពុងអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុង«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កំពុងសិក្សាកំណត់តំបន់វិនិយោគ ឬ តំបន់អភិវឌ្ឍន៍ និង ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការទិញ ឬ ការជួលអចលនវត្ថុ ដែលមានតម្លៃចាប់ពី១០ម៉ឺនដុល្លារឡើង នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពវិនិយោគ និង ការអភិវឌ្ឍ ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ត្រូវបានប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តនៅថ្ងៃទី៣១មករា ឆ្នាំ២០២៤។ តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលនឹងសម្រួលដល់វិនិយោគិន ដូចជា៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍។
គោលដៅដែលរដ្ឋាភិបាលអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ គឺ ជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ កំពុងបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនប្រមាណ ២២០០លានដុល្លារ។ គម្រោងទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង៕