ជាតិ
លោក ស សុខា សម្រេចកែសម្រួល និងបែងចែកភារកិច្ចដល់មន្ត្រីថ្នាក់ដឹកនាំក្នុងក្រសួងមហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុក លោក ស សុខា
× លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចកែសម្រួល និងបែងចែកភារកិច្ចដល់មន្ត្រីក្នុងក្រសួង ដើម្បីធានាការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ នេះបើតាមសេចក្ដីសម្រេចចេញថ្ងៃទី១១មេសា។
លោក ស សុខា សម្រេចឱ្យក្រុមរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ដែលមានលោក ម៉ៅ ច័ន្ទតារា ជាលេខាធិការប្រចាំការ ទទួលរដ្ឋមន្ត្រីលើការងារអគ្គលេខាធិការដ្ឋាន។ លោក អ៊ុក គីមលេខ ទទួលជួយរដ្ឋមន្ត្រី តាមការប្រគល់ភារកិច្ច។ ចំណែក លោក ប៉ាវ ហម ផាន ទទួលជួយរដ្ឋមន្ត្រីលើការងារអគ្គនាយកដ្ឋានអត្តសញ្ញណកម្ម, លោកស្រី ជូ ប៊ុនអេង ទទួលជួយការងារប្រឆាំងការជួញដូរមនុស្ស, លោក ហ៊ីម យ៉ាន និងលោក ម៉ក់ ជីតូ ជួយរដ្ឋមន្ត្រីលើការងារផែនសណ្ដាប់ធ្នាប់ និងការងារចរាចរណ៍ និងលោក កង សុខន ជួយការងារផែននគរបាលយុត្តិធម៌។ ក្រៅពីនេះ រដ្ឋលេខាធិការជាង៣០រូបទៀត ក៏ត្រូវបានបែងចែកការទទួលខុសត្រូវដែរ។
ជាមួយគ្នាដែរ អនុរដ្ឋលេខាធិការចំនួន៣២រូបទៀត ត្រូវបានលោក ស សុខា បែងចែកតួនាទី ក្នុងមានលោក អ៊ូ វណ្ណា ជាអ្នកទទួលបន្ទុកជានាយករងប្រចាំការ នៃខុទ្ធកាល័យរដ្ឋមន្ត្រីមហាផ្ទៃ។ ទន្ទឹមនឹងនេះ មានលោក ប៉ោ វណ្ណាត ត្រូវសម្រេចឱ្យទទួលជួយរដ្ឋមន្ត្រីលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ទីស្ដីការក្រសួងមហាផ្ទៃ និងលោក អ៊ូច ចាន់ណូរ៉ា ជាអ្នកជួយពិនិត្យឯកសារច្បាប់ពាក់ព័ន្ធការងារហិរញ្ញប្បទានភេរវកម្មអាវុធមហាប្រល័យ ការងារទំនាក់ទំនងអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com