ជាតិ
វីដេអូ
ហាង LA PLANTATION ដាក់តាំងម៉ាស៊ីនថតរូបបុរាណមួយគ្រឿង និងសម្ភារចាស់ៗមួយចំនួនទៀត
× ភ្នំពេញ៖ ក្នុងហាងលក់គ្រឿងទេស LA PLANTATION មានតាំងម៉ាស៊ីនថតរូបមួយដ៏បុរាណ ព្រមទាំងស្រោមរបស់វាពីដើម ធ្វើអំពីស្បែក។ ម៉ាស៊ីនថតរូបនេះ ត្រូវបានផលិតឡើងនៅចន្លោះឆ្នាំ១៩៣០-១៩៥១។ ពិតណាស់ ម៉ាស៊ីនអាយុកាល៨០ឆ្នាំ ១គ្រឿងនេះ មិនមានទាក់ទងអ្វីបន្តិចសោះនឹងគ្រឿងទេស និងផលិតផលម្រេចសរីរាង្គដែលហាងនេះលក់។ គឺគេដាក់តាំងវា ដើម្បីបង្ហាញអំពីភាពពិតនៃគ្រឿងទេសទាំងអស់ ដែលគេផលិត។ គ្រឿងទេស ដែលគេលក់មិនមែនខ្ចប់ក្នុងប្លាស្ទិកទេ គឺគេប្រើក្រដាសស៊ីម៉ងត៍ និងក្រាដាសកាតុងពណ៌ដូចគ្នា ឬកែវ។ ក្រៅពីម៉ាស៊ីនថតរូបហាងនេះ ក៏មានតាំងវត្ថុធ្វើពីឈើ កន្ត្រក រូបថតសខ្មៅ និងវត្ថុបុរាណដូចជាកេស កៅអី និងកែវយឹតផងដែរ។
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
ម៉ាស៊ីនថតរូបនោះជាម៉ាក BESSA ប្រភេទ Voigtländer ១គ្រឿង ផលិតនៅប្រទេសអាល្លឺម៉ង់ រវាងឆ្នាំ១៩៣០ និងឆ្នាំ១៩៥១។ វាមានកែវ Voigtar ១១សង់ទីម៉ែត្រ ប្រវែងហ្វូកាល ƒ១:៤,៥។ ម៉ាស៊ីនថតរូប BESSA នេះប្រើស្តង់ដារហ្វីល ៣៥មីលីម៉ែត្រធម្មតា។ អ្វីដែលចម្លែកប្រសិនបើប្រៀបធៀបជាមួយម៉ាស៊ីនថតរូបសម័យបច្ចុប្បន្ន គឺវាមិនមានប្រហោងដាក់ថ្មទេ។ គឺមកពីវាមិនប្រើថាមពលក្រៅពីដៃអ្នកប្រើតែម្ដង! មិនមានអេក្រង់ទេ។ ការផ្លាស់ប្តូរមុខងារថត ត្រូវចុចប៊ូតុងខ្លះៗ ឬបង្វិលផ្ទាល់ដៃ។ ដើម្បីថតគេត្រូវការតែចុចនៅត្រង់រ៉ឺស័រថតដោយប្រើម្រាមដៃមួយប៉ុណ្ណោះ។ ថតមួយប៉ុស្តិ៍ហើយ ត្រូវបង្វិលម៉ានីវែល ដើម្បីរុំហ្វីលខាងក្នុង។
ពលរដ្ឋសញ្ជាតិបារាំង លោក NIÈPCE Nicéphore បានបង្កើតការថតរូបនាឆ្នាំ១៨២៦។ ឆ្នាំ១៨៦១ គេបង្កើតការថតរូប ដែលមានពណ៌។ ហើយឆ្នាំ១៩៦៩ គេបង្កើតការថតរូបតាមបច្ចេកទេសឌីជីថល ដែលប្រើរហូតដល់សព្វថ្ងៃនេះ។
ក្រុមហ៊ុន LA PLANTATION មានផ្នែកផ្សេងៗដូចជា ចម្ការម្រេចកំពត កសិកម្មគ្រឿងទេស និងតែច្រើនមុខ ផ្នែកទទួលភ្ញៀវទេសចរ ក្នុងចម្ការ សណ្ឋាគារ និងភោជនីយដ្ឋាន ហើយផ្នែកសប្បុរសធម៌ ផ្ដល់ឱកាសឱ្យកុមារាកុមារីក្រីក្រទៅរៀន។ ហាងលក់រាជធានីភ្នំពេញ ស្ថិតនៅខាងកើតផ្សារទួលទំពូង ផ្ទះលេខ១៦២ ផ្លូវ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចម្ការមន។ ពាក្យបារាំង plantation មានន័យថា ចម្ការ តែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com