ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រែកជីកហ្វូណនតេជោ ជាសសៃឈាម និងដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា!
26, Apr 2024 , 8:59 pm        
រូបភាព
រូបតំណាង៖ បណ្ដោយដងទន្លេបាសាក់។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
រូបតំណាង៖ បណ្ដោយដងទន្លេបាសាក់។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយ៖ រំដួល ចិត្រា និង ឡាយ សុភាវតី 

គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវចំណាយទុនវិនិយោគ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ រយៈពេល៤ឆ្នាំ។ គម្រោងនេះ គឺជាផ្នែកមួយនៃគម្រោង​«​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» (One Belt One Road) របស់​រដ្ឋាភិបាល​ចិន។ អ្នកនយោបាយ អ្នកសេដ្ឋកិច្ច សហជីព អ្នកវិភាគសេដ្ឋកិច្ច និងសង្គម ពិតជាគាំទ្រដល់គម្រោងនេះ ព្រោះវាផ្ដល់ផលប្រយោជន៍ច្រើនសេដ្ឋកិច្ចកម្ពុជា។



គម្រោងព្រែកជីកហ្វូណន ជាសសៃឈាម និងជាដង្ហើមសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា។ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានមើលឃើញថា គម្រោងនេះ នឹងបន្ថយការចំណាយលើការ​ដឹកជញ្ជូន ការកកស្ទះទំនិញ ហើយមិនបណ្ដាលឱ្យខូចខាតផ្លូវថ្នល់ឡើយ។ ប្រធានសមាគម អះអាងទៀតថា ប្រព័ន្ធផ្លូវទឹកថ្មីនេះ នឹងជួយបង្កើតឱ្យមានភាពបៃតង តាមបណ្ដោយដងព្រែកទៀតផង។
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកជំនួញរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងគាំទ្រផែនការដាក់ចេញរបស់រដ្ឋាភិបាល ជាយុទ្ធសាស្រ្តនេះ ព្រោះយើងចង់បានការដឹកជញ្ជូនតាមផ្លូវទឹកនេះ។ ការដឹកជញ្ជូនតាមផ្លូវនេះ វាផ្ដល់ផលប្រយោជន៍ចំនួន៣ ក្នុងនោះទី១ ការដឹកជញ្ជូនតាមផ្លូវទឹក វាមានសក្ដានុពល ដែលធ្វើឱ្យមានតម្លៃថោក ហើយជាមធ្យោបាយមួយ ដឹកជញ្ជូនបានច្រើន និងកាត់បន្ថយមិនឱ្យសឹករេចរឹលផ្លូវថ្នល់ និងកាត់បន្ថយថ្លៃដើម ជាងការដឹកជញ្ជូនតាមផ្លូវគោក និងអាកាស។ ទី២ កាលណា ព្រែកជីកមានផ្លូវទឹក គឺវាជាក្តីសង្ឃឹមសម្រាប់ពលរដ្ឋ ក៏ដូចជាបរិស្ថានបៃតងនឹងកើតឡើង»។
 
លោក ស៊ិន ចន្ធី ពិតជាចង់ឃើញគម្រោងព្រែកជីកនេះ លេចចេញជារូបរាង ឆាប់ៗនេះ ព្រោះវាជាដង្ហើមសេដ្ឋកិច្ចថ្មី សម្រាប់អ្នកជំនួញ និងរកស៊ី នៃវិស័យឯកជននៅកម្ពុជា។

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា។

គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវ​នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែក​តាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ។ គម្រោងនេះ ឆ្លង​កាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែល​មានប្រជាជនសរុប ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
 
លោក ច័ន្ទ សុផល ដែលជាអ្នកវិភាគសេដ្ឋកិច្ច បានមើលឃើញថា គម្រោងព្រែកជីកហ្វូណននេះ វាបានផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ហើយក៏ជាច្រកសេដ្ឋកិច្ចសំខាន់មួយទៀត សម្រាប់ឱ្យកម្ពុជា ប្រកួតប្រជែងជាមួយប្រទេសជិតខាង។
 
«បើខ្មែរមិនបាត់បង់ដីកម្ពុជាក្រោម ក៏ខ្មែរមិនចាំបាច់លំបាកនឹងធ្វើព្រែកជីកនេះដែរ។ ជាច្រើនឆ្នាំមកហើយ ខ្ញុំយល់ឃើញថា ព្រែកជីកហ៊្វូណនតេជោ នឹងបើកជាឱកាសដ៏ពិសេស សម្រាប់ការដឹកជញ្ជូនដែលមានការប្រកួតប្រជែងបានជាមួយប្រទេសជិតខាង។ ប្រទេសជិតខាងមានប្រៀបខ្លាំង ក្នុងការដឹកជញ្ជួនតាមផ្លូវទឹក ពីខេត្តមួយចំនួន ទៅដល់សមុទ្រ ដែលកម្ពុជាខ្វះ និងជាឧបសគ្គដ៏ធំសម្រាប់ការប្រកួតប្រជែង ជាពិសេសសម្រាប់វិស័យកសិកម្ម និងកែច្នៃ។ បើធ្វើបាន ព្រែកជីកនេះ វាគឺជាកត្តាជំរុញផលិតកម្មកសិកម្ម និងវិនិយោគឧស្សាហ៍កម្ម ជាច្រើនថែមទៀត»។ នេះបើតាមសំណេរលោក ច័ន្ទ សុផល លើហ្វេសប៊ុកនៅថ្ងៃទី២៦ មេសា។

លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ច។ (រូបពី ហ្វេសប៊ុករបស់លោក សុផល)។

គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។
 
គម្រោងនេះ នឹង​ពង្រីក​នូវវិសាល​ភាពនៃការប្រើប្រាស់សក្ដានុពលលើការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក សំដៅចូលរួមលើក​កម្ពស់​សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីក​ចម្រើន​ មួយកម្រិត​ថែមទៀត ។ ជាពិសេសផ្ដល់ជាដំណោះស្រាយសមស្រប​លើ​បញ្ហា​ប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលកំពុង​តែជួប​ប្រទះ នាពេលបច្ចុប្បន្ន។
 
គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូន ប្រមាណ ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូន នាពេលបច្ចុប្បន្ន ចំនួន ១៦ភាគរយ។ 
 
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) យល់ឃើញថា គម្រោងជីកព្រែកតភ្ជាប់ប្រព័ន្ធទឹកមួយនេះ នឹងក្លាយជាប្រភពទឹកសំខាន់ សម្រាប់ពលរដ្ឋតាមមូលដ្ឋាន អាចធ្វើកសិកម្មបានផងដែរ ក្រៅពីបម្រើផលប្រយោជន៍គ្រប់វិស័យ សម្រាប់ការដឹកជញ្ជូនទំនិញ។ មេសហជីពរូបនេះ គាំទ្រឱ្យមានការជីកព្រែក និង​អភិវឌ្ឍន៍គម្រោងឱ្យបានលឿន។ ប៉ុន្តែអ្វីដែលលោក ស្នើសុំរដ្ឋាភិបាលនោះ គឺកុំប្រើប្រាស់អំណាចបណ្ដេញពលរដ្ឋ ដែលរស់នៅទីតាំងអភិវឌ្ឍន៍ចេញ ហើយបើត្រូវឱ្យរុះរើចេញ ក៏ត្រូវផ្ដល់សំណងឱ្យបានសមរម្យ។ 
 
«ការជីកព្រែកនេះ ជារឿងល្អដែរ ព្រោះវាធ្វើឱ្យមានប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធសសៃឈាមទឹកនេះឱ្យបានច្រើន វានឹងជួយអភិវឌ្ឍន៍វិស័យផ្សេងៗទៀត។ ជារួម ទស្សនខ្ញុំគិតថាល្អ ហើយគាំទ្រឱ្យមានការជីក ហើយធ្វើរឿងនេះឱ្យបានលឿន»។ នេះបើតាមលោក អាត់ ធន់។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)។

មិនមែនតែអ្នកសេដ្ឋកិច្ច សហជីព អ្នកវិភាគទេ សូម្បីតែអ្នកនយោបាយក្រៅរដ្ឋាភិបាល ក៏ចង់ឱ្យគម្រោងព្រែកជីកហ្វូណននេះ លេចចេញជារូបរាងបានឆាប់រហ័សដែរ។ តែយ៉ាងណាលោក គង់ មុនីកា ស្នើឱ្យរដ្ឋាភិបាល បង្ហាញផែនការលម្អិតនៃគម្រោងនេះ ដើម្បីភាគីពាក់ព័ន្ធបានដឹងពីផលប្រយោជន៍ និងផលប៉ះពាល់នានា ដូចជាបញ្ហាបរិស្ថាន សំណងពលរដ្ឋ និងផលចំណេញជាដើម។ 
 
អគ្គលេខធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភារូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ៖«គម្រោងព្រែកជីកហ្វូណននេះ ជាការរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសសម្រួលចរាចរទំនិញ ពាណិជ្ជកម្មរវាងប្រទេសនិងប្រទេស និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់ឱ្យរដ្ឋាភិបាល បំភ្លឺនឹងបង្ហាញគម្រោងនេះ ឱ្យបានលម្អិត ដើម្បីពន្យល់សាធារណជនឱ្យបានយល់ពីផលប្រយោជន៍នៃគម្រោងនេះបន្ថែមទៀត ដើម្បីធានាថាការអនុវត្តគម្រោងព្រែកជីកហ្វូណននេះ មិនប៉ះពាល់ដល់ពលរដ្ឋស្ថិតនៅក្នុងខេត្តចំនួននេះ ។ ហើយប៉ះពាល់តើនឹងការដោះស្រាយយ៉ាងម៉េច?។
 
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា។


កន្លងម​ករដ្ឋាភិបាល ធ្លាប់បានបង្ហាញលទ្ធផលនៃការវាយតម្លៃ លើផលប៉ះពាល់ផ្នែកសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាតិ ដោយបញ្ជាក់ថា តំបន់ដែលផ្លូវទឹកឆ្លងកាត់សុទ្ធសឹងតែជាតំបន់​វាលស្រែ ព្រែក ឬស្ទឹងធម្មជាតិ និងជាតំបន់វាលទំនាបលិចទឹកស្រាប់ ហើយជាតំបន់​មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅតិចតួច និងមិនមានហេដ្ឋា​រចនា​សម្ព័ន្ធជាតិ​ធំៗ​នោះ​ទេ។ តាមរយៈការវាយតម្លៃលើផលប៉ះពាល់លម្អិត និងបទពិសោធន៍ ដែលបាន​ជួបប្រទះកន្លងមកបង្ហាញថា ទំហំនៃផលប៉ះពាល់ គឺស្ថិតក្នុងកម្រិតតិចតួច ដែល​ងាយ​ស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយ។
 
ដោយឡែកលទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី បានបង្ហាញថា ក្នុងអំឡុង​ពេល​អនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែអាច​គ្រប់គ្រងបាន តាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់​តាមស្ដង់​ដារ​ជាតិ និងអន្តរជាតិ ដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចហើយ លើគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ​ប្រកបដោយប្រសិទ្ធភាព។
 
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ក៏សង្ឈឹមថា រដ្ឋាភិបាលសិក្សាបានច្បាស់លាស់លើគម្រោងចំណាយលើការជីកព្រែកហ្វូណន ហើយជៀសវាងកម្ពុជា ធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន។ «យើងជឿជាក់ថា គម្រោងព្រែកជីកហ្វូណន នឹងជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ដែរថា យើងត្រូវការចំណាយលុយច្រើនណាស់លើការធ្វើគម្រោងនេះ ហើយគម្រោងមួយចំនួន ត្រូវតែមានប្រាក់កម្ចីពីប្រទេសចិនផងដែរ។ ដូច្នេះហើយខ្ញុំសង្ឃឹមជឿជាក់ថា រដ្ឋាភិបាល ត្រូវសិក្សាលម្អិតពីគម្រោងនេះឱ្យបានច្បាស់លាស់ ហើយមានការប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្សេងៗទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាថា គម្រោងបញ្ចប់ដោយជោគជ័យ និងផ្ដល់ប្រយោជន៍ដល់កម្ពុជា ។ ហើយកម្ពុជាធានាមិនធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ប្រទេសចិន»។ លោក មុនីកា បន្ថែម។
 
គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយចិន មកសាងសង់ទេ។ ប៉ុន្តែគម្រោងនេះ គឺសាងសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ក្នុងទម្រង់ BOT។ ម្យ៉ាងទៀត គម្រោងនេះ ក៏បានសិក្សា និងពិគ្រោះយោបល់ជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ជាង៤០០នាក់ ដើម្បីស្វែងយល់ពីផលប៉ះពាល់ និងរកដំណោះស្រាយ។ នេះជាការអះអាងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៣ ។
 
សម្ដេចនាយករដ្ឋមន្រ្តី បកស្រាយថា រដ្ឋមិនមានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងព្រែកជីកនេះ ទើបត្រូវការសហការជាមួយវិស័យឯកជន ដែលជាអ្នកទទួលបន្ទុកវិនិយោគ និងចំណាយលើការសាងសង់ និងគ្រប់គ្រងលើគម្រោងនោះ ដោយមានអាណត្តិ និងរយៈពេលកំណត់ច្បាស់លាស់។
 
សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រោយពេលចប់អាណត្តិ ឬរយៈពេលនៃការព្រមព្រៀងគ្នា គ្រប់គ្រងលើគម្រោងនេះហើយ វិស័យឯកជន នឹងត្រូវប្រគល់គម្រោងនេះ មកឱ្យរដ្ឋាភិបាលគ្រប់គ្រង នឹងទទួលផលវិញម្ដង។ ដូច្នេះរដ្ឋមិនបានខ្ចីបំណុលចិន ដើម្បីមកសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ ឡើយ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។
 
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public- Private Partnerships – PPP) ឬតាមរូបភាពសាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលទម្រង់នេះ ត្រូវបានអនុវត្តដោយប្រទេសជាច្រើននៅលើពិភពលោក ។ កន្លងមកកម្ពុជា បានអនុវត្តទម្រង់ BOT នេះហើយ តាមរយៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ក្រោយសាងសង់រួចមក ផ្លូវល្បឿនលឿននេះ ស្ថិតក្រោមការគ្រប់គ្រងរបស់វិស័យឯកជន។
 
កាលពីខែតុលា ២០២៣កន្លងមក រដ្ឋាភិបាល បានសម្រេចឱ្យក្រុមហ៊ុនចិនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សិក្សាលម្អិត មុនឈានដល់ការចរចាលើកិច្ចព្រមព្រៀងសាងសង់។ ការសម្រេចនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ(Framework Agreement)រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧តុលា ២០២៣។ បើតាមលោក ស៊ុន ចាន់ថុល កិច្ចព្រមព្រៀងនេះ គឺជាការបើកផ្លូវឱ្យក្រុមហ៊ុនចិន CRBC សិក្សាលម្អិតលើគម្រោង«ព្រែកជីកហ្វូណនតេជោ» ក្នុងរយៈពេល៨ខែ។
 
កម្ពុជា ត្រូវដកដង្ហើមដោយខ្លួនឯង តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ! 

គម្រោងព្រែកជីកហ្វូណន-តេជោនេះ បានធ្វើឱ្យភាគីវៀតណាម មិនសប្បាយចិត្តឡើយ។ រដ្ឋាភិបាល មន្ត្រី និងអ្នកជំនាញវៀតណាម ជារឿយៗតែងតែចេញមករិះគន់លើគម្រោងនេះ តាមរយៈបណ្ដាញសារព័ត៌មាននានា។
 
ពេលខ្លះខាងភាគីវៀតណាម សម្ដែងការព្រួយបារម្ភពីការថយចុះនៃកម្រិតទឹកសាប ហើយផ្ដល់ជាលទ្ធភាពនៃការជ្រៀតចូលទឹកប្រៃកាន់តែជ្រៅ ដែលអាចមានគ្រោះថ្នាក់ជាងពាក់កណ្តាលផ្ទៃដីដាំដុះ នៅតំបន់ដីសណ្តទន្លេមេគង្គវៀតណាម នៅរដូវប្រាំងនិងរដូវទឹកឡើងខ្ពស់។ ជាពិសេសផលប៉ះពាល់ទៅលើប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងជីវចម្រុះក្នុងរដូវវស្សា។ 
 
សម្រាប់ការព្រួយបារម្ភទាំងនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចេញបកស្រាយ និងពន្យល់ជាបន្តបន្ទាប់។ សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ភាគីវៀតណាម កុំឱ្យមានការព្រួយបារម្ភ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលកម្ពុជា គ្រោងរៀបចំឡើងដើម្បីពង្រីកដំណើរការដឹកជញ្ជូនតាមផ្លូវទឹក។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ២ថ្ងៃ កាលពីថ្ងៃទី១១ និង១២ ធ្នូ ២០២៣ នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ភាគីវៀតណាមថា គម្រោងនេះ មិនប៉ះពាល់ប្រព័ន្ធទឹកទន្លេមេគង្គឡើយ។ ផ្ទុយទៅវិញ គម្រោងនេះ រក្សាបាននូវបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិ សម្រាប់ជីវចម្រុះ ។
 
ចំពោះលទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀត​ចូល​នៃទឹកប្រៃ បានបង្ហាញថា គម្រោងនេះ នឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២ភាគរយប៉ុណ្ណោះ ពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។ 
 
ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រ​កើន​ឡើង​​លើសពី ០.៥ម៉ែត្រ លើកម្រិតធម្មតា ហើយទ្វារនៃសន្ទះផ្លូវទឹក ត្រូវបានបើកចំហ ៩០ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀត​ចូលទឹកប្រៃ ​ពី​សមុទ្រ​ក្នុង​កម្រិតអតិបរមា ត្រឹមតែ ១.២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណ​នេះ​ ជាចំនួន​​តិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន លើបរិស្ថាន និង​ប្រព័ន្ធអេកូឡូស៊ីនោះទេ។ ដោយឡែកក្នុងករណី បិទសន្ទះផ្លូវនាវាចរណ៍ ១០០ភាគរ​យ​ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាល​ឱ្យបាត់បង់ ឬប្រែ​ប្រួលរំហូរទឹកនោះទេ។

រូបតំណាង៖ បណ្ដោយដងទន្លេបាសាក់ ។រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រៅពីបារម្ភលើបញ្ហាកម្រិតទឹកសាបនេះ វៀតណាម ក៏រិះគន់ថា ព្រែកជីកហ្វូណនតេជោ ជាគម្រោងមួយ ដែលបម្រើឱ្យវិស័យយោធារបស់ចិនទៀតផង។ សម្រាប់ការរិះគន់នេះ ត្រូវបានឆ្លើយតបវិញភ្លាមៗ ពីសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៩ មេសា ២០២៤ថា ព្រែកជីកនេះ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមកម្ពុជាសុទ្ធសាធ ដោយមិនបម្រើផលប្រយោជន៍ចិននោះទេ។
 
ជាការបកស្រាយបន្ថែមនោះ សម្ដេច ហ៊ុន សែន ដែលទើបឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភារូបនេះ បានចេញសារឆ្លើយតបយ៉ាងដូច្នេះ« តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និងតើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។
 
មាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ បានហាមឃាត់មិនឱ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួនឡើយ ។ ដោយឡែកមាត្រា ៥៥ ក៏បានចែងយ៉ាងច្បាស់ថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។ ប្រធានគណបក្សប្រជាជនកម្ពុជា បន្ថែម។

សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ។

ជុំវិញភាពចម្រូងចម្រាសរវាងកម្ពុជា និងវៀតណាម លើគម្រោងព្រែកជីកហ្វូណនតេជោនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វៀតណាម យកការព្រួយបារម្ភធ្វើជាលេស ដើម្បីរារាំងដំណើរការសាងសងផ្លូវទឹកដ៏សំខាន់មួយនេះ។ បើតាមប្រសាសន៍អ្នកស្រាវជ្រាវរូបនេះ វៀតណាមទំនងជាមិនចង់ឃើញកម្ពុជា អភិវឌ្ឍន៍ និងរីកចម្រើនឡើយ។ សម្រាប់លោក សុខ ទូច កម្ពុជា មិនត្រូវពឹងច្រមុះគេ ដកដង្ហើមទៀតទេ ។ ដូច្នេះកម្ពុជា ត្រូវតែមានផែទឹកជ្រៅ សម្រាប់ឱ្យនាវាដឹកទំនិញធំៗ អាចចូលតាមផ្លូវទឹកមកកម្ពុជាបាន។ ក្នុងន័យនេះ អ្នកស្រាវជ្រាវ ចប់បណ្ឌិតពីរុស្ស៊ីនេះ ចង់សង្កត់ធ្ងន់ថា កម្ពុជា ត្រូវកសាងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបាន ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា។
 
ថ្លែងសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតបចំពោះ​ការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ប្រធានរាជបណ្ឌិតសភា និងជាអ្នកស្រាវជ្រាវរូបនេះ បានសង្កត់ធ្ងន់ថា៖ «ដូច្នេះ ខ្ញុំជឿថា កម្ពុជាក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ។ រស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ហើយយើងត្រូវតែធ្វើ ត្រូវតែហ៊ានធ្វើ (គម្រោងព្រែកជីកហ្វូណនតេជោ)។ ខ្ញុំមកនិយាយនេះ មិនមែនតួនាទីប្រធានរាជបណ្ឌិត្យសភាទេ គឺក្នុងនាមអ្នកស្រាវជ្រាវ»។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យុសភា និងជាអ្នកស្រាវជ្រាវ ដែលបញ្ចប់ថ្នាក់បណ្ឌិតពីរុស្ស៊ី។

ផ្អែកតាមលទ្ធផលសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥វិញ គម្រោងនេះ ជាគម្រោង ដែលមានលក្ខណៈជាការប្រើប្រាស់ និងបង្វែរទឹក​ចេញ​ពី​ទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាង​ទន្លេ​ដទៃ​ផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។ យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់​ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាច​អនុ​វត្ត​បាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តតាមរយៈការជូនដំណឹងជាមុន ទៅគណៈ​កម្មា​ធិកា​រ​​ចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍​នៃការ​សិក្សា​លម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ពោលគឺមិនចាំបាច់ស្នើសុំការ​យល់​​ព្រមណាមួយ ពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។
 
តាមរយៈការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញថា តម្រាយ​ផ្លូវទឹក ដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បាន​ជីក​តាំង​ពី​អាណាចក្រហ្វូណនមកម្ល៉េះ ហើយផ្លូវទឹកនេះ នឹងត្រូវកសាងលើតម្រាយ​ខ្សែ​ផ្លូវ​ទឹក​បុរាណ ដែលបានបន្សល់ទុកស្រាប់។ គម្រោងនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាទីបំផុត ទាំងលើបច្ចេក ទិដ្ឋភាពច្បាប់ ផលប៉ះពាល់ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។

រូបតំណាង៖ បណ្ដោយដងទន្លេបាសាក់ ។រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្រាប់ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និង​សន្ទះផ្លូវនាវាចរណ៍វិញ គឺមានការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ ដោយនឹងប្រើប្រាស់វិធី​សាស្ត្រ​ចំនួនពីរប្រភេទ ដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និង​ការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៉ីង ដោយប្រើ​ប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។ សម្រាប់ទំហំចរាចរណ៍វិញ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ ម៉ែត្រ) សម្រាប់នាវាឆ្លងកាត់។ គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង ដែលស្ថិតនៅ​ខេត្ត​កណ្តាល ខេត្តតាកែវ និងខេត្តកែប រួមទាំងសាងសង់ស្ពានចំនួន ១១កន្លែង។ 
 
គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ,ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ,ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ៕

Tag:
 ព្រែកជីកហ្វូណន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com