ជាតិ
រដ្ឋ បិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក និងងាយរងគ្រោះ អំឡុងកូវីដ-១៩ ពលរដ្ឋដែលមានបណ្ណក្រីក្រទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលនាពេលកន្លងមក។ រូបពី ក្រសួងសង្គមកិច្ច
× រាជរដ្ឋាភិបាលកម្ពុជា បានបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ កម្មវិធីនេះ ត្រូវបានបិទបញ្ចប់ក្រោយដំណើរការជិត៤ឆ្នាំ ពោលគឺចាប់ផ្តើមពីថ្ងៃទី២៥មិថុនា ឆ្នាំ២០២០មក និងបានបើកប្រាក់ឧបត្ថម្ភចំនួន១៦ជុំ មាន៤៦លើក។
យោងតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច ចាប់តាំងពីខែមិថុនាឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២៤ រដ្ឋចំណាយថវិកាប្រមាណ ១៣៤១.៩៨លានដុល្លារ សម្រាប់កការបើកប្រាក់ ឧបត្ថម្ភដល់គ្រួសារដែលក្រីក្រ និងងាយរងគ្រោះ ដោយសារកូវីដ-១៩។
ក្នុងសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម ចុះថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ បាន បញ្ជាក់ថា ការបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដោយរដ្ឋាភិបាលមើលឃើញ ចរន្តសេដ្ឋកិច្ចបានដំណើរការឡើងវិញ ហើយស្ថានភាពជំងឺកូវីដ-១៩ ក៏ធូរស្រាល។
យ៉ាងណាក៏ដោយ ដើម្បីបង្កលក្ខណៈងាយស្រួល និងរក្សានិរន្តរភាពកម្មវិធី មូលនិធិជាតិ ជំនួយសង្គម បន្តទទួលបណ្ដឹងតវ៉ារបស់អ្នកទទួលផលពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភសាច់ ប្រាក់នេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ មូលនិធិជាតិជំនួយសង្គម បានអំពាវនាវដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ
ដែលមានបណ្ណសមធម៌ រួសរាន់ដកប្រាក់ឧបត្ថម្ភចុងក្រោយ ចេញពីគណនីរបស់ខ្លួនឱ្យបានឆាប់រហ័ស។ ចំណែក គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌មានសុពល ភាព និងគ្រួសារក្រី ដែលទើបទទួលបានបណ្ណសមធម៌ថ្មី ត្រូវទៅចុះឈ្មោះនៅសាលាឃុំ ឬសង្កាត់ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់បន្ត ពីកម្មវិធីជាតិជំនួយសង្គម ជាកញ្ចប់គ្រួសារ៕
Tag:
សង្គម
ឧបត្ថម្ភសាច់ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com