ជាតិ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក់
27, Apr 2024 , 6:49 pm        
រូបភាព
ករណីផ្ទុះឃ្លាំងគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគ៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃ២៧ ខែមេសានេះ បានបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើននាក់ផងដែរ។ ចំណែកផ្ទះពលរដ្ឋជាច្រើនខ្នង រងការខូចខាត។

 
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ពុំទាន់អាចបញ្ជាក់ពីតួលេខជាក់លាក់នៃពលរដ្ឋរងគ្រោះ និងមូលហេតុដែលបណ្តាលឱ្យមានករណីផ្ទុះនេះ ដោយលោកកំពុងជាប់រវល់។ លោក សម សាមួន ឆ្លើយយ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ៖«ខ្ញុំកំពុងចុះ ប្រតិបត្តិការ កុំទាន់សួរ»។ 
 
បើតាមការបញ្ចេញមតិ និងការបង្ហោះវីដេអូ របស់ពលរដ្ឋលើទំព័រហ្វេសប៊ុក ក្នុងតំបន់កើតហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នោះ បង្កមានអ្នកស្លាប់ និងរងរបួស​ ខណៈ​កម្លាំងផ្លុះធ្វើឱ្យអំបែង ហោះចេញពីតំបន់ផ្ទុះនោះ ទៅប៉ះប្រេះដំបូលផ្ទះពលរដ្ឋនៅជុំវិញនោះ។ កម្លាំងផ្ទុះនោះ ក៏បានធ្វើឱ្យមានសភាពរញ្ជួយនៅតំបន់ក្បែរៗនោះផងដែរ។ ​
 
សារព័ត៌មានថ្មីៗ នឹងផ្សាយជូនព័ត៌មានលម្អិត នៅពេលក្រោយ។ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com