ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា
នៅប្រទេសចិន ក្នុងសប្តាហ៍នេះ បណ្តាក្រុមហ៊ុនរថយន្តអគ្គិសនីបាននាំគ្នាជួបជុំបង្អួតបច្ចេកវិទ្យារថយន្តថ្មីៗទំនើបៗរបស់ខ្លួន នៅទីក្រុងប៉េកាំង។ ទីផ្សាររថយន្តអគ្គិសនីក្នុងស្រុកចិន កំពុងតែមានការប្រកួតប្រជែងខ្លាំង។ ការស្ទង់មតិថ្មីចុងក្រោយ បង្ហាញឲ្យឃើញថា ចំនួនអ្នកប្រើរថយន្តអគ្គិសនីនៅចិន កាន់កើនឡើងៗ ជាលំដាប់ ជារៀងរាល់ឆ្នាំ។ ទិដ្ឋភាពនេះ ផ្ទុយខុសពីនៅប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍ពិព័រណ៍រថយន្តអគ្គិសនី ឆ្នាំ២០២៤ រៀបចំធ្វើនៅរដ្ឋធានីប៉េកាំង បន្ទាប់ពីខកខានអស់៤ឆ្នាំ តាំងពីផ្ទុះជំងឺរាតត្បាតកូវីដមក។ នៅចិន អ្នកប្រើរថយន្តអគ្គិសនី កាន់កើនឡើងៗ ជារៀងរាល់ឆ្នាំ។ ទីប្រឹក្សាហិរញ្ញវត្ថុនិងស្រាវជ្រាវទីផ្សារ AlixPartners មូលដ្ឋាននៅក្រុងប៉ារីស បង្ហាញឲ្យដឹងថា នៅប្រទេសចិន ក្នុងឆ្នាំនេះ អ្នកប្រើរថយន្ត ចំនួន ៩៧% បានឆ្លើយថាត្រៀមខ្លួនស្រេច ដើម្បីទិញរថយន្តអគ្គិសនី, ឆ្នាំ២០១៩ មានតែ៧៣% ហើយឆ្នាំ២០២១ ឡើងដល់៨៥%។ ពោលគឺកើនឡើងជាលំដាប់។
ចំណែកនៅអឺរ៉ុប អ្នកប្រើរថយន្ត បង្ហាញចេតនាចង់ទិញរថយន្តអគ្គិសនី ត្រឹមតែ ៤៣% ឡើងត្រឹមតែ២% បើធៀបនឹងឆ្នាំ២០២១។ រីឯ នៅអាមេរិក មានចំនួន ៣៥% ដូចគ្នានឹង៣ឆ្នាំមុនដដែល។ នេះបើតាមការស្ទង់មតិ ធ្វើតាមអនឡាញ ចន្លោះថ្ងៃទី២៨មីនា និងថ្ងៃទី១០មេសា ដោយមានមនុស្ស ៩ ពាន់នាក់ចូលរួមផ្តល់ចម្លើយ នៅក្នុងរង្វង់ប្រទេសចំនួន ៨ ៖ ចិន បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក អ៊ីតាលី អង់គ្លេស ជប៉ុន និង ឥណ្ឌា។
បើតាមទិន្នន័យរបស់ភ្នាក់ងារហិរញ្ញវត្ថុអាមេរិក Bloomberg, នៅប្រទេសចិន មានក្រុមហ៊ុនសហគ្រាសផលិតរថយន្តដើរដោយថាមពលអគ្គិសនី ប្រមាណ ១២៩ ក្នុងចំណោមនោះ មានតែ ជាង ២០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចលក់ឡានរបស់ខ្លួន ដាច់ដល់កម្រិតថ្នាក់ជាតិ។
ក្នុងឱកាសពិព័រណ៍រថយន្តអគ្គិសនីនៅប៉េកាំង គ្រានេះ គេឃើញមានក្រុមហ៊ុនចិនល្បីៗ តួយ៉ាង ក្រុមហ៊ុន BYD (Build your dreams) ស្នាក់ការនៅ Shenzhen ប៉ែកខាងត្បូងចិន ដែលបានលក់ឈ្នះវ៉ាដាច់ក្រុមហ៊ុនតេស្លាអាមេរិក នៅក្នុងត្រីមាសទី៤ ឆ្នាំទៅមិញ។ នៅសាលពិព័រណ៍ប៉េកាំង ក៏មានដែរ ក្រុមហ៊ុន Li Auto ស្នាក់កណ្តាលនៅប៉េកាំង, ក្រុមហ៊ុនឡាន NIO, CATL , Shenxing Plus, XPeng, US7 ។ល។ ដែលពួកគេប្រកួតប្រជែងដេញជើងគ្នាសម្បើមណាស់។ ខ្លះខំរកមធ្យោបាយបច្ចេកវិទ្យាថ្មី ធ្វើម្តេចឲ្យឡានរបស់ក្រុមហ៊ុនខ្លួន ស៊ីភ្លើងតិច ហើយសាកថ្មអគ្គិសនីឆាប់ចូលឆាប់ពេញ។ ខ្លះទៀតពឹតប្រឹងខាងបច្ចេកវិទ្យាសិប្បនិមិត្តដែលជួយអ្នកបើកបរ ហើយនិង ច្នៃដាក់ចម្រៀងខារ៉ាអូខេ។ ក្រុមហ៊ុនតូយូតាយីពុន ដែលបានពួតដៃសហការជាមួយក្រុមហ៊ុនរថយន្តចិន Tencent ក៏បានជំរុញទំនើបកម្មផលិតឡាន ដោយផ្អែកលើបច្ចេកវិទ្យាសប្បនិមិត្ត បានធ្វើឲ្យអ្នកប្រើប្រាស់រថយន្តជនជាតិចិន ជញ្ជក់មាត់សរសើរនិងរង់ចាំទិញ។
ផ្ទុយខុសពីទីផ្សាររថយន្តអគ្គិសនី នៅអឺរ៉ុប និងនៅអាមេរិកដែលហាក់នៅគាំងទ្រឹង ប៉ុន្តែនៅអាស៊ី ពិសេសនៅចិន កំពុងតែប្រកួតប្រជែងខ្លាំង។ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារបារាំងAFP, នៅស្រុកចិន អ្នកនិយមប្រើរថយន្ត មានជំនក់ចិត្ត ចង់សាកឡានថ្មីៗ ប្លែកៗ និងនិយមចង់ដូរឡាន ប្រហាក់ប្រហែលនឹងដូចដូរទូរសព្ទដៃ ដូរកុំព្យូទ័រ ដូច្នោះដែរ។
កត្តាចម្បង១ដែលពលរដ្ឋនៅក្នុងស្រុកចិននិយមប្រើរថយន្តអគ្គិសនី ព្រោះតែតម្លៃថោក។ តម្លៃថោក ព្រោះតែក្រុមហ៊ុនផលិតឡាន បានទទួលជំនួយឧបត្ថម្ភធនពីរដ្ឋអំណាចចិន។ ការឧបត្ថម្ភធននេះ ត្រូវសហរដ្ឋអាមេរិកថ្កោលទោសរិះគន់ចិន ពិសេសក្នុងដំណើរទស្សនកិច្ចថ្មីៗនេះ របស់លោកស្រី ចានែត យេលែន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ប៉េកាំង កាលពីពេលថ្មីៗ។ ចំពោះការឧបត្ថម្ភធនពីសំណាក់រដ្ឋអំណាចចិនក្នុងវិស័យឧស្សាហកម្មផលិតរថយន្តអគ្គិសនី, ប្រទេសបារាំង ក៏មិនសប្បាយចិត្តដែរ។ បារាំងបានរៀបចំដាក់សំណើច្បាប់ទៅសហភាពអឺរ៉ុប ដើម្បីដាក់ពិន័យយកពន្ធនាំចូលឲ្យច្រើន បើឡានចិននាំចូលទឹកដីអឺរ៉ុប៕