ជាតិ
លោក ជា ធីរិទ្ធ ប្រើសមត្ថភាពប្រែខ្លួនពីអ្នកសារព័ត៌មាន ទៅជាជំនួយការនាយករដ្ឋមន្ត្រី
03, May 2024 , 5:19 pm        
រូបភាព
ភ្នំពេញ៖​ លោក ជា ធីរិទ្ធ បានប្រឡូកក្នុងអាជីពជាអ្នកសារព័ត៌មានជាង១០ឆ្នាំ មុន​នឹង​ត្រូវ​បាន​​​​តែង​តាំង​ជាជំនួយការសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២២ និងបច្ចុប្បន្នជាជំនួយការសម្តេច​នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត​ នៅឆ្នាំ២០២៣។ លោក ជា ធីរិទ្ធ បានប្រាប់​សារព័ត៌មា​នថ្មីៗថា ការទទួលបានតំណែងជាជំនួយការ សម្ដេច ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីកម្ពុជា ផ្ដើមពីភាពច្បាស់ការក្នុងអាជីពសារព័ត៌មាន តាមរយៈប្រឹងប្រែងរៀនសូត្រ ពីអាជីពផង​ ពីនយោបាយ សេដ្ឋកិច្ច និងការងារប្រទេសជាតិផង។ ​

 
ទាំងអស់នេះហើយ គឺជា​មូល​ដ្ឋានដ៏សំខាន់ ដែលអាចផ្លាស់ប្ដូរជីវិតរបស់លោក ​​និង​គឺ​ជា​មោទកភាពសម្រាប់ លោក​ ធីរិទ្ធ និងគ្រួសារ។ លោក ជា ធីរិទ្ធ ដែលបច្ចុប្បន្នក៏ជា អ្នក​សារព័ត៌មាននៅទូរទស្សន៍បាយ័នដែរនោះ ប្រាប់ដូច្នេះថា៖ «ខ្ញុំជាកូន​អ្នកមកពីជនបទ មិនមានខ្សែអ្វីនោះទេ ប៉ុន្តែសមត្ថភាព​ព័ត៌មានរបស់ខ្ញុំ ប្រហែលត្រូវបាននាយករដ្ឋ​មន្រ្តី លោក​ទទួលស្គាល់។ ដូច្នេះទើបលោកសម្រេចចិត្ត​ឱ្យខ្ញុំធ្វើជាជំនួយការ។ ប្រសិនបើ ការងារជា​អ្នកសារព័ត៌មានកន្លងទៅ ខ្ញុំជាមនុស្សមិនខិតខំ​រៀនសូត្រ លុតដំខ្លួន ឬមិនមាន​សមត្ថភាព ក៏ប្រហែលជាខ្ញុំគ្មានឱកាស​ធ្វើជាជំនួយការ​នាយករដ្ឋមន្រ្តី ដូចបច្ចុប្បន្នដែរ»។ 
 
​តើ​ការងារជាអ្នកសារព័ត៌មា​ន និងជំនួយការនាយករដ្ឋមន្រ្តី មានខុសប្លែកគ្នាបែបណា  ​និងរៀនសូត្រអ្វីខ្លះពីតួនាទីទាំងពីរនេះ? លោក ជា ធីរិទ្ធ បានរៀប​រាប់បែបនេះ ការងារ​ទាំង​ពីរនេះ មានលក្ខណៈខុសប្លែកពីគ្នា ដោយហេតុថា អ្នកសារព័ត៌មានត្រូវ​ផ្ដោត​សំខាន់លើ វិជ្ជាជីវៈ នៃការសរសេរ និង​អត្ថាធិប្បាយ​ឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រាយ ដើម្បីផ្ដល់ព័ត៌មាន​ពិតប្រាកដដល់ពលរដ្ឋ។ ចំណែក ការងារជាជំនួយការនាយករដ្ឋមន្រ្តីវិញ គឺធ្វើទាក់ទង​ទៅនឹងនយោបាយ​ ឬការងារ​មនុស្សធម៌ផ្សេងៗ ដែលថ្នាក់ដឹកនាំបានដាក់ជូន។
  


ការងារទាំងពីរនេះ សុទ្ធសឹងធ្វើឡើងដោយទំនួលខុសត្រូវ ប៉ុន្តែលោកថា ការងារកាន់តែ​កៀកជាមួយថ្នាក់ដឹកនាំកំពូល កាន់តែទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងម៉ត់ចត់ បើ​ពុំដូច្នេះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងប្រទេសជាតិទាំងមូល។ ភាព​ច្បាស់ការ​ និងប្រុងប្រយ័ត្នទាំងអស់នេះ ក៏កើតចេញពីអាជីពសារព័ត៌មា​ន ដែល លោក​បានអនុវត្តច្រើនឆ្នាំមកនេះដែរ។ លោក ប្រាប់ដូច្នេះថា៖ «ការងារជាអ្នកសារព័ត៌មាន មាន​ភាពប្រុងប្រយ័ត្នមួយហើយ ប៉ុន្តែ​នៅពេលដែលយើងធ្វើការងារកាន់តែកៀក​ជាមួយថ្នាក់​ដឹកនាំកំពូល តម្រូវឱ្យយើងមា​ន​ការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​កិច្ចកាងារទាំងអស់ហ្នឹងប​ន្ថែមទៀត»។ ធ្វើការងារជាជំនួយការ ប្រសិនបើ យើងធ្វេសប្រហែស វាមិនមែនប៉ះពាល់តែខ្លួនយើងនោះទេ គឺវាអាចប៉ះពាល់​ដល់ថ្នាក់ដឹកនាំ និងមុខមាត់រដ្ឋាភិបាលផងដែរ»។ 
 
តាមរយៈការងារជាជំនួយការ សម្ដេច​ ហ៊ុន ម៉ាណែត អ្នកសារព័ត៌មានមកពីខេត្តព្រៃវែង រូប​នេះ ក៏រៀនសូត្របានច្រើនពីបរិយាកាសការងារ និងយល់កាន់តែច្បាស់​អំពីកិច្ចការ​នយោបាយកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យភាពប្រសើរឡើង និងផ្ដល់ប្រយោជន៍សម្រាប់​ថ្នាក់ដឹកនាំ និងប្រទេសជាតិទាំងមូល។
  


លោក ប្រាប់ដូច្នេះថា៖«កន្លងមក ខ្ញុំតែងតែដុសខាត់ខ្លួនជានិច្ច មានន័យថា​ ខ្ញុំអត់ដែល​នៅទំនេរ ឬក៏ឱ្យខ្លួនខ្ញុំជាមនុស្សមានចំណេះដឹងដដែលៗនោះទេ គឺខ្ញុំត្រូវតែទទួលយក ចំណេះដឹងបន្ថែមទៀត។ ដូច្នេះ តាមរយៈការងារជាជំនួយការនាយករដ្ឋមន្រ្តីនេះ ខ្ញុំរៀន សូត្របានច្រើន ជាពិសេសអំពីនយោបាយ ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើកិច្ចការងារ នយោបាយហ្នឹងល្អ​ប្រសើរ ផ្ដល់ផលប្រយោជន៍សម្រាប់ថ្នាក់ដឹកនាំ និងប្រទេសជាតិ»៕

Tag:
 ជា ធីរិទ្ធ
  ទិវាសេរីភាពសារព័ត៌មានពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com