ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភ្ជុំបិណ្ឌ​ឆ្នាំនេះ ឯកឧត្តម កឹម សុខា មិនបាន​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ដូច​ប្រជាជន​ខ្មែរ​ដទៃទៀត​ឡើយ​
29, Sep 2016 , 6:59 pm        
រូបភាព
ដោយ:
 
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុងតែ​ឃុំខ្លួន​ឯង​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ មិនបាន​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះទេ​។​


 
​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មិន​ដូច​រាល់​ឆ្នាំ​នោះឡើយ​សម្រាប់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ខុសប្លែក​ពី​រាល់​ឆ្នាំ ដោយសារ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ឯកឧត្តម កឹម សុខា ស្នាក់​នៅតែ​នៅក្នុង​បក្ស មិនបាន​ទៅធ្វើ​បុណ្យ​នៅឯ​វត្ត​អារាម​នោះឡើយ​។ 
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី ២៦ ខែកញ្ញា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​យ៉ាងនេះ​ថា​៖«​ទោះបី​រដូវ​ភ្ជុំបិណ្ឌ​នេះ ខ្ញុំ​ផ្ទាល់ខ្លួន​មិនបាន​ទៅ​វត្ត​អារាម​ក៏ដោយ ក៏​ខ្ញុំ​បាន​ជូន​គ្រឿង​បរិក្ខា និង​បច្ច័យ​ទៅ​ម្តាយ​ខ្ញុំ​។ ថ្ងៃ​បិណ្ឌ​ទី​១០ ភរិយា​ខ្ញុំ និង​កូនស្រី​ខ្ញុំ​ទាំងពីរ​ក៏បាន​ទៅ​វត្ត​បង្សុកូល​ឧ​ទិ្ទ​ស​កុសល​ជូន​ដល់​បុព្វការី​ជន​របស់ខ្ញុំ​ផងដែរ​»​។ អ្នកនយោបាយ​មកពី​ខេត្តតាកែវ​រូបនេះ បន្ត​ដូច្នេះ​ទៀតថា​៖«​ហើយ​ថ្ងៃ​បិណ្ឌ​ទី​១១  ខ្ញុំ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និមន្ត​ព្រះសង្ឃ​មក​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​របស់​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សង្គម​ស៊ីវិល​សរុប ២៥ រូប ដែល​កំពុង​ជាប់ពន្ធនាគារ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមគ្រួសារ​របស់​ពួកគាត់​ផងដែរ​»​។​
 
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​អត្ថាធិប្បាយ​ច្រើន​ពី​ហេតុផល​ដែល​ឧ​ត្ត​ម កឹម សុខា មិន​ទៅធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​អារាម​ឡើយ​។ តែ​មតិ​មួយចំនួន​លើកឡើងថា ឯកឧត្តម កឹម សុខា  មិន​ហ៊ាន​ចេញ​ក្រៅពី​ស្នាក់ការ ឬ​ទៅធ្វើ​បុណ្យ ក្នុងអំឡុងពេល​ភ្ជុំបិណ្ឌ​នេះ ដោយសារ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន​។ 
 
​លោក អេង ឆៃអ៊ាង ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឯកឧត្តម កឹម សុខា សម្រេច​ឃុំ​ខ្លួនឯង​នៅក្នុង​ស្នាក់ការ​បក្ស មិនមែន​ពីព្រោះ​តែ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​នោះឡើយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ លោក​អះអាងថា ការឃុំ​ខ្លួនឯង​របស់​ឯកឧត្តម កឹម សុខា ដើម្បី​ធ្វើ​កូដកម្ម​នយោបាយ​ប្រឆាំងនឹង​ការសម្រេច​របស់​ប្រព័ន្ធតុលាការ​មកលើ​រូបលោក​ទាំង​មាន​អភ័យឯកសិទ្ធិ​រដ្ឋសភា និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​។ 
 
​សូម​រម្លឹកថា ឯកឧត្តម កឹម សុខា បាន​ឃុំ​ខ្លួនឯង​នៅ​ទី​ស្នាក់​កណ្តាល​បក្ស​ចាប់តាំងពី​ថ្ងៃទី ២៦ ខែ ឧសភា បន្ទាប់ពី​អាជ្ញាធរ​ឃាត់​រថយន្ត​ឯកឧត្តម តែ​មិនឃើញ​ឯកឧត្តម កឹម សុខា នៅក្នុង​រថយន្ត​នោះ​។ ក្រោយមក​ឯកឧត្តម កឹម សុខា ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ខែ និង​ពិន័យ​ជា​ប្រាក់​៨​សែន​រៀល ក្រោម​បទ​ចោទ​«​បដិសេធ​ក្នុងការ​ចូលខ្លួន​» ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង សញ្ចារកម្ម តាម​មាត្រា​៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អយ្យការ​បញ្ជាក់ថា ជា​បទល្មើស​ជាក់ស្តែង​៕
 

Tag:
 កឹម សុខា​
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com