ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានច្រើន បានចុះផ្សាយពីចំនួនមិនច្បាស់លាស់នៃការនាំចូលអំបិលពីបរទេស ក្នុងឆ្នាំ២០១៨។ លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានប្រាប់សារព័ត៌ថ្មីៗថា ក្នុងឆ្នាំនេះ កម្ពុជា គ្រោងនាំអំបិលចូលពីបរទេសពិតប្រាកដមែន ក្នុងបរិមាណចន្លោះ២ទៅ៣ម៉ឺនតោន។
ខាងក្រោមនេះ ជាកិច្ចសម្ភាសរវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗ និងលោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ជុំវិញគម្រោងនាំចូលអំបិល ដើម្បីផ្តត់ផ្គង់តម្រូវការក្នុងស្រុក៖
កញ្ញា សុខមាន៖ តើសហគមន៍ផលិតអំបិល គ្រោងនាំចូលអំបិលពីបរទេសមកកម្ពុជា ចំនួនប៉ុន្មានដែរ ដើម្បីផ្គត់ផ្គង់តម្រូវការ ក្នុងឆ្នាំនេះ?
លោក ប៊ុន បារាំង៖ កម្ពុជា គ្រោងនាំអំបិលចូលចំនួន៣ម៉ឺនតោន ក្នុងឆ្នាំ២០១៨ សម្រាប់បំពេញតម្រូវការក្នុងស្រុក ដែលខ្វះខាត។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ សហគមន៍ផលិតអំបិល ផលិតអំបិលបានតែ៣,៣ ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្តែដោយយកចំនួនអំបិលដែលផលិតសល់នៅឆ្នាំ២០១៦ យកមកបំពេញបន្ថែម។
កញ្ញា សុខមាន៖ ហេតុអ្វីបានជាឆ្នាំនេះ កម្ពុជានាំចូលអំបិលពីបរទេស ខណៈដែលកម្ពុជា ជាប្រទេសផលិតអំបិល?
លោក ប៊ុន បារាំង៖ បានជាឆ្នាំ២០១៨នេះ កម្ពុជានឹងគ្រោងនាំអំបិលចូលពីបរទេស ក៏ព្រោះមកពីការផលិតអំបិលរបស់សហគមន៍ផលិតអំបិល មិនបានទទួលទិន្នផល ដោយសារមានភ្លៀងធ្លាក់ច្រើនខ្លាំងពេក បានធ្វើឲ្យខូចអំបិលក្នុងអំឡុងពេលជិតប្រមូលផល។ ហើយចំពោះអំបិលដែលកម្ពុជាប្រើប្រាស់សព្វថ្ងៃ គឺបានមកពីការផលិតអំបិលនៅសល់ឆ្នាំ២០១៦តែប៉ុណោះ។ ប៉ុន្តែអំបិលដែលនៅសល់ពីឆ្នាំចាស់ មិនអាចបំពេញគ្រប់តាម តម្រូវការក្នុងស្រុកបាន ទើបខ្ញុំស្នើសុំគោលការណ៍ពីរដ្ឋាភិបាលក្នុងការនាំអំបិលចូល។
កញ្ញា សុខមាន៖ តើពីមុនមកខាងសហគមន៍ផលិតអំបិល ដែលនាំអំបិលចូលពីបរទេសដែរឬទេ?
លោក ប៊ុន បារាំង៖ កាលឆ្នាំ២០០៨ កម្ពុជាបាននាំអំបិលចូលពីប្រទេសចិន ចំនួន៣ម៉ឺនតោន សម្រាប់បំពេញតម្រូវការក្នុងស្រុក ខណៈពេលនោះ សហគមន៍ផលិតអំបិល បានជួបនឹងបញ្ហាដូចគ្នានឹងឆ្នាំនេះដែរ។
កញ្ញា សុខមាន៖ តើសព្វថ្ងៃនេះ សហគមន៍ផលិតអំបិលកម្ពុជា មានទំហំផ្ទៃដីប៉ុន្មានដែរ ក្នុងការផលិតអំបិលសម្រាប់បំពេញតម្រូវការក្នុងស្រុក?
លោក ប៊ុន បារាំង៖ បច្ចុប្បន្ននេះ កសិដ្ឋានផលិតអំបិលកម្ពុជាមានផ្ទៃដីសរុប ៤,៥០០ហិចតា សម្រាប់បង្កបង្កើនផលអំបិល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ចំនួនផ្ទៃដីនេះ គឺអាចផលិតអំបិលបានគ្រប់គ្រាន់ ឬលើសពីតម្រូវការក្នុងស្រុក បើមិនរងគ្រោះដោយធម្មជាតិ ដូចជាទឹកភ្លៀងជាដើម។
កញ្ញា សុខមាន៖ តើហេតុអ្វីសហគមន៍ផលិតអំបិល សិក្សាការនាំចូលអំបិលពីប្រទេសចិន និងឥណ្ឌា មិនព្រមសិក្សាទៅលើប្រទេសនៅក្នុងតំបន់ ដូចជា វៀតណាម និងថៃជាដើម?
លោក ប៊ុន បារាំង៖ បច្ចុប្បន្ន សហគមន៍ផលិតអំបិល កំពុងសិក្សាគុណភាព និងតម្លៃពីប្រទេសចិន និងឥណ្ឌា។ ហេតុផល ដែលមិនសិក្សាអំបិលរបស់ប្រទេសក្នុងតំបន់ មកពី ប្រទេសវៀតណាម កំពុងមានកង្វះខាតអំបិលដូចកម្ពុជាដែរ។ ដោយឡែកប្រទេសថៃ ការផលិតអំបិលគឺចម្រាញ់ចេញពីរ៉ែ ដែលមានគុណភាពខុសពីអំបិលកម្ពុជា ដោយចម្រាញ់ពីទឹកសមុទ្រ។ កាលពីឆ្នាំ២០០៨ កម្ពុជានាំអំបិលចូល ពីប្រទេសចិន គឺមកពីអំបិលចិនមានតម្លៃ និងគុណ ប្រហែលនឹងកម្ពុជាដែរ។
កញ្ញា សុខមាន៖ សម្រាប់ការនាំអំបិលចូលនេះ តើកម្ពុជាគ្រោងនឹងនាំចូលបន្ត នៅឆ្នាំក្រោយទៀត ឬយ៉ាងណាវិញ?
លោក ប៊ុន បារាំង៖ ទេ! ការនាំចូលអំបិលក្នុងឆ្នាំនេះ គឺគ្រាន់តែបំពេញកង្វះខាតនៃការផលិតអំបិលប៉ុណ្ណោះ។ កម្ពុជានឹងឈប់នាំអំបិលចូលពីបរទេស បន្ទាប់ពីសហគមន៍ផលិតអំបិលកម្ពុជា ផលិតអំបិលបានវិញនៅឆ្នាំ២០១៩៕