ជាតិ
សម្ដេច ហ៊ុន សែន ៖ មរណភាពលោក Beat Richner គឺជាការបាត់បង់ជនដ៏មហិមាមួយរូប លោក បេអាត រីចឈ្នឺរ នាពិធីសម្ពោធគន្ធបុប្ផាទី៤ កាលពីចុងខែធ្នូ ឆ្នាំ២០០៥ ជាមួយព្រះមហាក្សត្រ និងសម្តេច ហ៊ុន សែន។ រូបថត AFP
× ភ្នំពេញ៖ មរណភាពរបស់លោក Beat Richner គឺជាការបាត់បង់ជនដ៏មហិមាមួយរូប ដែលជួយសង្គ្រោះកុមារ និងស្ត្រីកម្ពុជារាប់លាននាក់។ នេះជាការដឹងគុណរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះគ្រួសារសពលោកវេជ្ជបណ្ឌិត Beat Richner ។
ក្នុងលិខិតដែលសម្ដេច ហ៊ុន សែន បានផ្ញើទៅប្រធានាធិបតីស្វីស បានបញ្ជាក់ដូច្នេះថា៖«លោកវេជ្ជបណ្ឌិតក៏ជាបុគ្គលមួយរូប ដែលយើងខ្ញុំតែងតែចងចាំថា បានរួមចំណែកដ៏ធំធេងក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជា។ លើសពីនេះមេត្តាធម៌ និងបេះដូងប្រកដោយក្តីស្រលាញ់របស់លោកវេជ្ជបណ្ឌិតចំពោះប្រទេសកម្ពុជា នឹងត្រូវបានចងចាំជារៀងរហូត»។
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល ក៏ប្ដេជ្ញារក្សា និងបន្តបំណងប្រាថ្នារបស់លោក Beat Richner ដែលជួយសង្គ្រោះកុមារកម្ពុជា។«ស្មារតីនិងសមិទ្ធផលដ៏ថ្លៃថ្លារបស់សពលោកវេជ្ជបណ្ឌិតនឹងស្ថិតនៅក្នុងបេះដូងយើងខ្ញុំ។ យើងខ្ញុំនឹងបន្តបំណងប្រាថ្នារបស់គាត់ ក្នុងការជួយកុមារកម្ពុជានៅក្នុងបណ្ដាឆ្នាំខាងមុខទៀត»។ នេះបើតាមខ្លឹមសាររបស់សម្ដេច ហ៊ុន សែន នៅក្នុងលិខិតរំលែកទុក្ខលោក Beat Richner។
នៅឆ្នាំ១៩៩២ លោក Beat Richner បានបង្កើតមូលនិធិគន្ធបុប្ឆាដែលមានមូលដ្ឋាននៅហ្សួរិច ប្រទេសស្វីស ហើយធ្វើការជុសជុល និងដាក់ដំណើរការមន្ទីរពេទ្យគន្ធបុប្ឆាដែលត្រូវបានបំផ្លាញដោយសង្គ្រាមឡើងវិញ។
លោក វេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ (Dr.Beat Richner) ប្រធានមូលនិធិ និងស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ឆា បានទទូលមរណភាពក្នុងអាយុ៧១ឆ្នាំនៅក្រុងហ្សួរិច ប្រទេសស្វីស នាម៉ោង២ និង៤៥នាទី ថ្ងៃទី៩ ខែកញ្ញា។
Tag:
ហ៊ុន សែន
Beat Richner
គន្ធរបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com