រុស្ស៊ី​និង​ចិន​កាន់តែ​ខិតជិត​គ្នា ខណៈ​ទំនាក់ទំនង​ជាមួយ​អាមេរិក​មិនល្អ​ដូចគ្នា​
អន្តរជាតិ
រុស្ស៊ី​និង​ចិន​កាន់តែ​ខិតជិត​គ្នា ខណៈ​ទំនាក់ទំនង​ជាមួយ​អាមេរិក​មិនល្អ​ដូចគ្នា​
11, Oct 2018 , 6:59 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (រូបភាព Xinhua)
​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ចិន​កាន់តែ​ល្អប្រសើរ ខណៈដែល​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក៏​ល្អក់កករ​ដូចគ្នា​ដែរ​។ មិន​ថា​វិស័យសេដ្ឋកិច្ច ឬ​វិស័យ​យោធា​ឡើយ រុស្ស៊ី​និង​ចិន​បាន​ខិតជិត​គ្នា​ខ្លាំងៗ ដើម្បី​ការពារ​ប្រយោជន៍​របស់​រៀងៗ​ខ្លួន និង​ដើម្បី​ទប់ទល់​នយោបាយ​គាំពារ​និយម​របស់​អាមេរិក​។ នា​ជំនួប​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​សម​ភាគី​ចិន ស៊ី ជិន​ភីង ក៏​ព្រមព្រៀងគ្នា​ការពារ​យុត្តិធម៌​អន្តរជាតិ និង​សន្តិភាព​ពិភពលោក​។

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​សេដ្ឋកិច្ច​ដ៏​ធំ​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក តាម​ការអញ្ជើញ​របស់​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ។ លោក ស៊ី ធ្វើដំណើរ​ទៅ​រុស្ស៊ី បន្ទាប់ពី​សម្រេចចិត្ត​មិន​ទៅ​កូរ៉េខាងជើង​ដើម្បី​ចូលរួម​បុណ្យខួប​ទី​៧០​ឆ្នាំ​នៃ​ការបង្កើត​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ តែ​បញ្ជូន​តំណាង​ទៅ​ជំនួស​វិញ​។ ក្នុងជំនួប​នៅ​ទីក្រុង​នា​តំបន់​ចុង​បូព៌ា មេដឹកនាំ​រុស្ស៊ី និង​ចិន​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​នៅលើ​ឆាក​អន្តរជាតិ​ផង​។​
 
​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​ចិន​ធ្វើឡើង ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​នេះ​ជាមួយនឹង​អាមេរិក​កំពុងតែ​យ៉ាប់យ៉ឺន​ខ្លាំង​។ រុស្ស៊ី រង​ទណ្ឌកម្ម​របស់​អាមេរិក ដោយសារ​ការចោទប្រកាន់​ថា ខ្លួន​លូកលាន់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ឯ​ចិន​វិញ​កំពុង​តតាំង​ជាមួយ​អាមេរិក​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រហូតដល់​មានការ​ដាក់​ពន្ធ​នាំចូល​លើ​ទំនិញ​រៀងៗ​ខ្លួន​ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​ទំនង​មាន​គូប្រជែង​រួម​បែបនេះ រុស្ស៊ី និង​ចិន​បាន​ចាប់ដៃគ្នា​បង្កើន​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​លើ​វិស័យ​ដែលមាន​អាទិភាព​រួមគ្នា​។ អំឡុងពេល​ជជែក​គ្នា​នៅ​ថ្ងៃទី​១១ ខែកញ្ញា លោក ពូ​ទីន និយាយថា រុស្ស៊ី​មាន​ទំនាក់ទំនង​គួរ​ឲ្យ​ទុកចិត្ត​ជាមួយ​ចិន​លើ​វិស័យ​ការពារជាតិ នយោបាយ និង​សន្តិសុខ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក លោក ពូ​ទីន ក៏​ប្រកាស​ដែរ​ថា រុស្ស៊ី និង​ចិន នឹង​ប្រឆាំង​ដាច់ខាត​ឯកតោភាគី​និយម ការពារ​យុត្តិធម៌ និង​សម្រេច​ឲ្យ​បានការ​អភិវឌ្ឍ​រួមគ្នា​។​
 
​ស្រដៀង​ប្រធានាធិបតី​រុស្ស៊ី​ដែរ លោក ស៊ី បានស្នើ​ឲ្យ​ចិន និង​រុស្ស៊ី​រួមដៃគ្នា​ប្រឆាំង​ចរន្ត​គាំពារ​និយម​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​គោរព​ឲ្យ​ខ្ជាន់​ខ្ជួន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធានាធិបតី​ចិន​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងពីរ​រួមគ្នា​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​អន្តរជាតិ​ថ្មី ព្រមទាំង​សហគមន៍​ដែលមាន​អនាគត​រួម​ដើម្បី​មនុស្សជាតិ​ផង​។ 
 
​អំឡុងពេល​ទស្សនកិច្ច​របស់លោក ស៊ី នៅ​តំបន់​ភាគ​កើត​រុស្ស៊ី​នេះ ក្រុមហ៊ុន​ចិន និង​រុស្ស៊ី ក៏បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ផងដែរ​។ ក្រោម​ក្របខណ្ឌ​គណៈកម្មាធិការ​ប្រឹក្សា​ធុរកិច្ច​រុស្ស៊ី​-​ចិន ភាគី​ទាំងពីរ​កំពុង​ពិចារណា​លើ​គម្រោង​រកស៊ី​ចំនួន​៧៣ ដែលមាន​ទំហំ​ទឹកប្រាក់​ច្រើនជាង​១០០​ពាន់​លាន​ដុល្លារ​ឯណោះ​។ ក្នុងចំណោម​គម្រោង​ទាំងនេះ មាន​គម្រោង​៧ បាន​អនុវត្ត​រួចហើយ​ដែលមាន​តម្លៃ​ចំនួន​៤,៦​ពាន់​លាន​ដុល្លារ​។ 
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ខណៈ​លោក ស៊ី ជួប​លោក ពូ​ទីន នៅ​វ្ល៉ា​ឌី​វ៉ូ​ស្តុក យោធា​ចិន និង​រុស្ស៊ី​កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ភាគ​ខាងកើត​ស៊ី​បេ​រី​។ ជា​សមយុទ្ធ​ដ៏​ធំ​មិន​ធ្លាប់មាន​ក្នុងពេល​បី​ទសវត្សរ៍​មកនេះ ទាហាន​រុស្ស៊ី​ចំនួន​ជាង​៣​សែន​នាក់ ជាមួយនឹង​រថក្រោះ​ច្រើនជាង​៣​ម៉ឺន​គ្រឿង យន្តហោះ​ជាង​១​ពាន់​គ្រឿង និង​នាវាចម្បាំង​ជាង​៨០​គ្រឿង បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ខណៈ​ចិន​បាន​បញ្ជូនទាហាន​ជាង​៣​ពាន់​នាក់ និង​យុទ្ធោបករណ៍​ជាច្រើន​មុខ​ផ្សេងទៀត​៕
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  ចិន​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com