ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របរ​លក់​មង និង​សំណាញ់ ក្លាយជា​អត្តសញ្ញាណ​របស់​អ្នកភូមិ​ព្រែ​កតា​ពៅ​
23, Sep 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ មង និង​សំណាញ់ ជា​ឧបករណ៍​នេសាទ​ដ៏​ពេញនិយម​សម្រាប់​អ្នកនេសាទ​។ នៅ​កម្ពុជា អ្នកនេសាទ​ភាគច្រើន​ជា​ខ្មែរឥស្លាម ហើយ​ពួកគេ​រស់នៅ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទឹក​។ ខ្មែរឥស្លាម ភាគច្រើន​រស់នៅ​តាម​បណ្ដោយ​ទន្លេមេគង្គ ទន្លេសាប ទន្លេចតុមុខ និង​ដៃទន្លេ​ផ្សេងៗ ហើយ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់​ទាក់ទង​នឹង​ការនេសាទ​។ នៅ​ភូមិ​ព្រែក​តា​ពៅ ជាទី​ដែលមាន​ទន្លេ និង​ព្រែក​ផង​នោះ ក៏​សម្បូរ​វត្តមាន​ខ្មែរឥស្លាម​រស់នៅ​ច្រើន​ដែរ​។ ក្រៅពី​នេសាទ ពួកគេ​ក៏បាន​ធ្វើ​ឧបករណ៍​ដូចជា​មង និង​សំណាញ់ សម្រាប់​លក់ដូរ​ផងដែរ​។ មង និង​សំណាញ់ បាន​ក្លាយជា​អត្តសញ្ញាណ​មួយ​របស់​អ្នកភូមិ​ព្រែក​តា​ពៅ ដោយសារ​វា​បាន​ក្លាយជា​កន្លែង​មួយ ដែលមាន​ការជួញដូ​ច​ឧបករណ៍​នេសាទ​យ៉ាង​មមាញឹក និង​ល្បីឈ្មោះ​ជាទូទៅ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖


 
 
​បើ​គេ​ធ្វើដំណើរ​កាត់​តាម​ក្រុង​តាខ្មៅ នៅ​ចំណុច​ស្ពាន​កាត់​ព្រែ​កមួយ នោះគេ​នឹង​អាច​ឃើញ​តូច​លក់​មង និង​សំណាញ់​របស់​អ្នកភូមិ​នៅ​ទីនោះ​។ ភូមិ​នេះ សម្បូរ​សហគមន៍​ខ្មែរឥស្លាម​រស់នៅ ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​អ្នកនេសាទ និង​មាន​របរ​ធ្វើ​មង និង​សំណាញ់​លក់​។​
 
​តូប​លក់​មង និង​សំណាញ់ ស្ថិតនៅលើ​ដង​ការ​ផ្លូវ​ចូលទៅ​កាន់​សហគមន៍​ខ្មែរឥស្លាម​នៅ​ព្រែក​តា​ពៅ ឬ​អ្នកខ្លះ​ហៅ​ព្រែក​ត្នោត​។ អ្នកលក់​នៅ​ទីនោះ គឺជា​ខ្មែរឥស្លាម ដែល​ពីមុន​ការលក់ដូរ​នៅ​ទីនោះ ត្រឹម​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​។​


 
​ខ្ញុំ​បាន​ចូលទៅក្នុង​តូប​មួយកន្លែង ដែលមាន​កញ្ញា ហ្វា​រី​ណា ជា​ម្ចាស់​តូប​។ កញ្ញា​ថា បានចាប់ផ្តើម​រប​រល​ក់មង សំណាញ់​នេះ​ជាង ១០​ឆ្នាំ​មកហើយ​។ ក្នុង​តូប​របស់​កញ្ញា មាន​លក់​មង សំណាញ់ គ្រប់​ប្រភេទ ទាំង​ក្រឡា​តូច ក្រឡា​ធំ និង​ទំហំ​ខ្លី និង​វែង​។ ក្រឡាមង​ដែល​លក់ដាច់​ជាងគេ​នោះ គឺ​ប្រភេទ​ក្រឡា​តូច​មាន​ទំហំ ២​ហ៊ុន ឬ ២​ហ៊ុន​កន្លះ ដែល​ក្រឡា​ប្រភេទ​នេះ​សម្រាប់​យក​ត្រី​តូចៗ​ដូចជា​ត្រី រៀល​ជាដើម​។​
 
​កំពុងផ្តល់​បទ​សម្ភាស​បណ្ដើរ កញ្ញា ហ្វា​រី​ណា ក៏​ឆ្លៀត​ស្វាគមន៍​អតិថិជន​ដែល​មក​ជាវ​មង និង​សំណាញ់​បណ្ដើរ​។ ការលក់ដូរ​នៅក្នុង​ខែ​ទឹក​ឡើង ហាក់​មមាញឹក​ទ្វេដង​ជាង​ខែ​ផ្សេង ព្រោះ​តម្រូវការ​របស់​អតិថិជន​មាន​គ្រប់ទិសទី​។ កញ្ញា ហ្វា​រី​ណា បានឱ្យដឹង​ទៀតថា ក្នុង​មួយថ្ងៃ​កញ្ញា​អាច​លក់បាន​ទឹកប្រាក់​ពី​១​លាន ទៅ​ជាង​១​លាន​រៀល គឺ​ទាំង​មង និង​សំណាញ់ លក់ដាច់​ស្មើគ្នា​។ ចំណែក​មង និង​សំណាញ់ កញ្ញា​ត្រូវ​ជួល​អ្នកភូមិ​ធ្វើ​បន្ត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​។ ហើយ​ក្នុង​មង​មួយ​ដៃ កញ្ញា​ចំណេញ​ពី​២​ពាន់ ទៅ​៣​ពាន់​រៀល ក្រោយ​កាត់ថ្លៃ​ចំណាយ​រួច​។​
 
​មាន​តូប​លក់​មង និង​សំណាញ់ ប្រមាណ ៤០ ដែល​អ្នកលក់​គឺជា​ខ្មែរឥស្លាម​។ ពីមុន តូប​ទាំងនេះ​ជា​តូប​តូចៗ និង​លក់​ជា​លក្ខណៈ​គ្រួសារ តែ​ក្រោយ​មកវា​ក៏មាន​ការរីកចម្រើន ដោយសារ​មាន​ភាពល្បីល្បាញ​ក្នុងការ​ធ្វើ​មង សំណាញ់​។ កញ្ញា ហ្វា​រី​ណា ថា អ្នកភូមិ​ព្រែ​កតា​ពៅ​ធ្វើ​សំណាញ់​ល្អ និង​ដាក់​ត្រូវ​ត្រី​ច្រើន ទើប​មាន​អតិថិជន និង​ម៉ូយ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ឡើងមក​ទិញ​នៅ​ក្រុង​តាខ្មៅ​នេះ​។​
 
​លោក ភី​យ៉ាន គឺជា​អ្នកលក់​មង និង​សំណាញ់ មួយរូប​ទៀត​នៅ​ភូមិ​ព្រែក​តា​ពៅ​។ លោក​ក៏​ជា​អ្នកនេសាទ​មួយរូប​ដែរ តែ​សម្រាប់​ខែ​ទឹកធំ​នេះ លោក​សម្រាក​នៅផ្ទះ និង​រង់ចាំ​ខែ​ទឹក​ស្រក​ទើប​ចុះទូក​នេសាទ​នៅ​ទន្លេ​វិញ​។ ឆ្លៀតពេល​នៅផ្ទះ លោក ភី​យ៉ាន មាន​របរ​រត់​ម៉ូតូឌុប និង​ធ្វើ​សំណាញ់ មង​លក់​នៅផ្ទះ គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ មិន​ខុសពី​អ្នកលក់​ដទៃទៀត សំណាញ់​របស់លោក ត្រូវបាន​គេ​ជាវ​ច្រើន​នៅក្នុង​រដូវ​នេះ ភាគច្រើន​អ្នកទិញ គឺ​បងប្អូន​ខ្មែរ ព្រោះ​ពួកគាត់​កម្រ​មាន​អ្នកចេះ​ធ្វើ​ណាស់​។​


 
​ចំណែក​អ្នកស្រី អៃ​សះ នោះ​វិញ អ្នកស្រី​ចេះ​ធ្វើ​មង​សំណាញ់ ពី​ជីដូន​ជីតា​មក គឺ​ប្រហែល​ជាង ២០​ឆ្នាំ​មកហើយ​។ អ្នកស្រី​ថា នេះ​ជា​របរ​ប្រចាំថ្ងៃ ដែល​ផ្គត់ផ្គង់​ការចំណាយ​ក្នុង​គ្រួសារ និង​សម្រាប់​កូន​រៀន​ផងដែរ វា​មិនមាន​ច្រើន តែ​អាច​ល្មម​សម្រាប់​គ្រួសារ​អ្នកស្រី​។ អ្នកស្រី អៃ​សះ បាន​ប្រាប់​ពី​បច្ចេកទេស​ធ្វើ​សំណាញ់ ដើម្បី​បង់​ឱ្យបាន​ត្រី​ច្រើន​ផងដែរ នោះ​គឺត្រូវធ្វើ​ថ្នក់​ដែល​ក្របួច​ត្រី​ចូល​ច្រើន​៕
 

Tag:
 នេសាទ​
  ខ្មែរឥស្លាម​
  តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com