Luka Modric បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ២០១៨ (Best FIFA Player of the Year) បន្ទាប់ពីទទួលបានសំឡេងគាំទ្រលើសអតីតមិត្តរួមក្រុម Cristiano Ronaldo និង Mohamed Salah។ លោក Didier Deschamps ត្រូវបានតែងតាំងជាគ្រូបង្វឹកល្អ he Best FIFA Men’s Coach ខណៈ Salah ឈ្នះគ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត FIFA Puskas Award។
ការប្រគល់ពាន The Best FIFA Football Awards បានប្រព្រឹត្តធ្វើឡើងនៅរាត្រីថ្ងៃទី២៤ ខែកញ្ញា នៅក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ ខ្សែបម្រើឆ្នើមរបស់ Real Madrid និងជម្រើសជាតិក្រូអាស៊ី Modric បានក្លាយជាកីឡាករល្អបំផុតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA។ តាមរយៈការបោះឆ្នោតពីក្រុមគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មានកីឡាអាជីព Modric បាន២៩,០៥ភាគរយ Ronaldo បាន១៩,០៨ភាគរយ និង Salah បាន១១,២៣ភាគរយ។
Modric វ័យ៣២ឆ្នាំ បានជួយក្រុមរហស្សនាមអធិរាជសឈ្នះពាន UEFA Champion League និងជើងឯក Champions League ៣រដូវកាលជាប់ៗគ្នា រួមទាំងជួយជម្រើសជាតិឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup នៅរុស្ស៊ីឆ្នាំ២០១៨ទៀតផង។
គ្រូបង្វឹក Didier Deschamps ដែលបានដឹកនាំក្រុមមាន់គកបារាំងផ្តួលក្រូអាស៊ី ក្នុងលទ្ធផល ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ត្រូវបានគេតែងតាំងជាគ្រូបង្វឹកបុរសល្អបំផុតប្រចាំឆ្នាំរបស់ FIFA ដោយប្រជែងឈ្នះលោក Zinedine Zidane អតីតអ្នកចាត់ការទូទៅ Real Madrid និងលោក Dalic Zlatko គ្រូក្រុមជម្រើសជាតិក្រូអាស៊ី។
ចំណែក ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Salah បានទទួលពានរង្វាន់គ្រាប់បាល់ល្អបំផុត Puskas Award ដោយនាំមុខ គ្រាប់បាល់របស់ Ronaldo និង Gareth Bale។ គ្រាប់បាល់នោះរូគេធ្វើបានពេលលេងឲ្យ Liverpool ទល់នឹង Everton ក្នុងក្របខណ្ឌ Premier League នៅទឹកដី Anfield កាលពីរដូវកាលមុន។
ដោយឡែក ក្រុមអ្នកគាំទ្ររបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉េរូបានឈ្នះពានរង្វាន់អ្នកគាំទ្រឆ្នើមបំផុតប្រចាំឆ្នាំ២០១៨ (FIFA Fan Award) បន្ទាប់ពីមានអ្នកគាំទ្ររបស់ពួកគេរហូតដល់៤០០០០នាក់បានធ្វើដំណើរទៅរុស្ស៊ីរដើម្បីគាំទ្រក្រុមខ្លួនដែលបានកៅអីលើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ សម្រាប់ការប្រកួតកីឡាបាល់ទាត់ World Cup ឆ្នាំ២០១៨។
អ្នកចាំទីល្អបំផុត The Best FIFA Goalkeeper បានទៅអ្នកចាំទីបែលហ្ស៊ិក Thibaut Courtois ដោយនាំមុនពិន្ទុអ្នកចាំទីបារាំង Hugo Lloris និងអ្នកចាំទីដាណឺម៉ាក Kasper Schmeichel។