អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស យក​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្តែង​អារម្មណ៍​ខកចិត្ត​រឿង​រ៉ូ​ហ៊ីង​យ៉ា​
29, Sep 2018 , 11:59 am        
រូបភាព
ដោយ:
​ប្រមុខ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បាន​សម្តែង​ការខកចិត្ត​ចំពោះ​ហេតុការណ៍​នៃ​វិបត្តិ​មនុស្សជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​អូសបន្លាយ​អស់​រយៈ​រាប់សិប​ខែ ដោយ​គ្មាន​ដំណោះស្រាយ​ច្បាស់លាស់​។ បង់​ក្លា​ដែ​ស ក៏បាន​ប្រើ​វេទិកា​អង្គការសហប្រជាជាតិ​ដើម្បី​ក្រើនរម្លឹក​មេដឹកនាំ​ពិភពលោក​ចូលរួម​ស្រោចស្រង់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ខណៈ​កន្លងមក​សហគមន៍​អន្តរជាតិ សម្ងំ​មិន​អើពើ​។​


​ពី​វេទិកា​របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃ​២៧ កញ្ញា​កន្លងទៅ លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បាន​ថ្លែងថា បង់​ក្លា​ដែ​ស បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​តាមរយៈ​ការពិគ្រោះ​យោបល់​ទ្វេភាគី ហើយក៏​បានរៀបចំ​ឲ្យ​មាន​ការរៀប​បញ្ជូន​ជនភៀសខ្លួន​បី​ជុំ​ឲ្យ​ត្រលប់​ទៅវិញ​ផងដែរ ។ ក៏ប៉ុន្តែ​លោកស្រី អះអាងថា មី​យ៉ាន់​ម៉ា មិនបាន​សហការ ដូច​ការប្តេជ្ញាចិត្ត​សោះ​។ 
 
​លោកស្រី​នាយករដ្ឋមន្ត្រី តាមរយៈ​វេទិកា​ដដែល​នោះ បានផ្តល់​អនុសាសន៍​ដ​ល់​មី​យ៉ាន់​ម៉ា​ដោយ​ប្រយោល ដោយ​លោកស្រី លើកយក​គោលការណ៍​ចំនួន​ប្រាំ ដែល​លោកស្រី ក៏​ធ្លាប់​បានបង្ហាញ​កាលពី​កិច្ចប្រជុំ​ឆ្នាំមុន​។ « យើង ពិតជា​ខកចិត្ត​ខ្លាំងណាស់ ទោះបីជា​យើង​ប្រឹងប្រែង​ប៉ុណ្ណា​ក៏ដោយ យើង នៅតែ​មិនអាច​អនុវត្ត​ការងារ​ចាត់​បញ្ជូន​ជនភៀសខ្លួន​បាន​។​» នេះ គឺជា​ការលើកឡើង​រប​ស់លោក​ស្រី​នាយករដ្ឋមន្ត្រី​។​
 
​ដោយមាន​ការគាំទ្រ និង​ផ្តល់ជំនួយ​ពី​អង្គការ​អន្តរជាតិ លោកស្រី បាន​កត់សម្គាល់ថា បច្ចុប្បន្ន រដ្ឋាភិបាល​បង់​ក្លា​ដែ​ស កំពុងតែ​ផ្តល់​ជម្រក​ដល់​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​មួយ​លាន​នាក់​ដែល​បាន​ភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា ដែល​នេះ ជា​បន្ទុក​មួយ​ដ៏​ធ្ងន់រ​បស់បង់​ក្លា​ដែ​ស ត្រូវ​ធានារ៉ាប់រង​។ លោកស្រី បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ ចូលរួម​ជាមួយនឹង​ខ្លួន​ដើម្បី​បន្ត​គាំពារ​ជនភៀសខ្លួន​រហូត​មាន​ដំណោះស្រាយ​។​
 
​តាមពិតទៅ វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា មិនមែន​ទើបតែ​កើតឡើង​នៅ​ចុងឆ្នាំ​២០១៧​នោះទេ​។ វិបត្តិ ដែល​ផ្ទុះ​ចេញ​ឡើង​ដោយ​ការវាយប្រហារ​គ្នា​រវាង​កង​អាជ្ញាធរ​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅក្នុង​សហគមន៍ ដែលមាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រស់នៅ​ច្រើនជាងគេ បាន​ផ្ទុះឡើង​ខ្លាំង​នៅក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំ​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​គ្រាន់តែ​វិបត្តិ​នៅ​ឆ្នាំ​២០១៧ មាន​ជនភៀសខ្លួន​រហូតដល់​ជាង​៧០​ម៉ឺន​នាក់ បាន​បង្ខំ​ចាក​ចេញពី​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស​។ 
 
​គួរកត់សម្គាល់​នោះ ក្រោយ​នៃ​វិបត្តិ​ជនភៀសខ្លួន​ចុងឆ្នាំ​២០១៧ មី​យ៉ាន់​ម៉ា បាន​ព្រមព្រៀង​ទទួល​ជនភៀសខ្លួន​ទាំងនេះ​ត្រលប់មក​ស្រុកកំណើត​របស់​ពួកគេ​ទាំង​ជាមួយនឹង​បង់​ក្លា​ដែ​ស​ផង និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផង​។ តែ​តាម​ជាក់ស្តែង មី​យ៉ាន​ម៉ា មិនទាន់បាន​អនុវត្តតាម​ការ​កិច្ចព្រមព្រៀង​របស់ខ្លួន​ឡើយ ក្រោម​ហេតុផល​ថា ប្រទេស​ត្រូវ​ការស្តារ​ស្ថានភាព​ឲ្យ​ល្អប្រសើរ​ជាមុនសិន​៕ 
 

Tag:
 បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com