អន្តរជាតិ
នយោបាយអន្តរជាតិ
ព្រះមហាក្សត្រ អ៊ីស្វាទីនី ចង់ឲ្យ UN ផ្តល់កៅអីក្រុមប្រឹក្សាសន្តិសុខ«២អាសនៈយ៉ាងតិច»ដល់ប្រទេសអាហ្វ្រិក
× ប្រមុខដឹកនាំកំពូលរបស់ប្រទេសតំបន់អាហ្វ្រិក អ៊ីស្វាទីនី ព្រះមហាក្សត្រ Mswati III បានទទូចឲ្យមានការកែទម្រង់អង្គការសហប្រជាជាតិ ជាពិសេសនោះ ក្រុមប្រឹក្សាសន្តិសុខ ដើម្បីផ្តល់លទ្ធភាពឲ្យប្រទេសទ្វីបអាហ្វ្រិកចូលជាតំណាងក្នុងដំណោះស្រាយកិច្ចការអន្តរជាតិ ហើយសំឡេងរបស់អាហ្វ្រិក ត្រូវបានទទួលដឹងលឺពីពិភពលោកផងដែរ។
«អាហ្វ្រិក សូមស្នើឲ្យមានការផ្តល់អាសនៈអចិន្ត្រៃយ៍ (សមាជិកអចិន្ត្រៃយ៍) មិនតិចជាងពីរ ជាមួយនឹងបុព្វសិទ្ធិ នៃសមាជិកភាពអចិន្ត្រៃយ៍ ដែលរាប់បញ្ចូលទាំងសិទ្ធិវេតូ និងអាសនៈមិនអចិន្ត្រៃយ៍ចំនួនប្រាំ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។ នេះ គឺជាសេចក្តីថ្លែងការណ៍របស់ព្រះមហាក្សត្រ អ៊ីស្វាទីនី ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃ២៦ កញ្ញាកន្លងទៅ។
ប្រមុខដឹកនាំកំពូលនៃប្រទេសអាហ្វ្រិក ដែលពីមុនឈ្មោះថា ស្វាស៊ីឡង់ អង្គនេះ មិនមានអ្វីជាសំអាង ឬពន្យល់ពីហេតុផលច្បាស់លាស់ ដែលធ្វើឲ្យអាហ្វ្រិក ត្រូវមានអាសនៈច្រើនលើសលប់បែបនេះក្នុងអង្គភាពដ៏មានឥទ្ធិពល(ក្រុមប្រឹក្សាសន្តិសុខ) របស់អង្គការពិភពលោកមួយនេះឡើយ។
បន្ថែមពីការស្នើឲ្យប្រទេសអាហ្វ្រិកមានមុខមាត់ និងតួនាទីក្នុងក្រុមប្រឹក្សាសន្តិសុខ ប្រមុខដឹកនាំរូបនេះ ក៏បានស្នើឲ្យអង្គការសហប្រជាជាតិ ធានាឲ្យនូវតុល្យភាពក្នុងការអនុវត្តគោលការណ៍ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបន្តផ្តល់ជំនួយ ដល់ប្រទេសកំពុងអភិវឌ្ឍ ហើយអង្គម្ចាស់ ក៏បានទទូចឲ្យមហាសន្និបាតកុំទុកអាហ្វ្រិកពីក្រោយខ្នង និងស្តាប់សំឡេងប្រទេសអាហ្វ្រិកផង។
គួរបញ្ជាក់បន្តិចថា បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសមាជិក ១៥ រដ្ឋ ដែលក្នុងនោះ មាន៥រដ្ឋ ជាសមាជិកអចិន្ត្រៃយ៍ និង១០រដ្ឋផ្សេងទៀត ជាសមាជិកមិនអចិន្ត្រៃយ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខ មិនទាន់មានផែនការបន្ថែមសមាជិកអចិន្ត្រៃយ៍នោះទេ ខណៈសមាជិកមិនអចិន្ត្រៃយ៍ដែលមានអាណត្តិពីរឆ្នាំ ត្រូវជ្រើសរើស ដោយផ្តល់អាសនៈចំនួន៥សម្រាប់ប្រទេសតំបន់អាហ្វ្រិកនិងអាស៊ី ១អាសនៈសម្រាប់ប្រទេសអឺរ៉ុបខាងកើត ២អាសនៈសម្រាប់ប្រទេសអាមេរិកឡាទីននិងខារ៉ាប៊ីន និង២អាសនៈអឺរ៉ុបខាងលិច និងបណ្តាប្រទេសផ្សេងទៀត។
គួរកត់សម្គាល់ សមាជិកអចិន្ត្រៃយ៍ ដែលរួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងអាមេរិក សុទ្ធសឹងតែជាប្រទេសមហាអំណាច ដែលកត្តានេះ អាចធ្វើឲ្យការចង់បានរបស់អាស្វាទីនី ស្ថិតក្នុងក្តីស្រម៉ៃប៉ុណ្ណោះ៕
Tag:
អាហ្វ្រិក
អ៊ីស្វាទីនី
UN
© រក្សាសិទ្ធិដោយ thmeythmey.com