ជាតិ
ក្រសួងវប្បធម៌គ្រោងដាក់ព្រះពុទ្ធបដិមាបុរាណជិត១០០០អង្គ ឲ្យពលរដ្ឋគោរពបូជា រូបភាពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា
× ភ្នំពេញ៖ព្រះពុទ្ធបដិមាបុរាណជិត ១០០០អង្គ ដែលត្រូវបានរក្សាទុកជិត១០០ឆ្នាំមកហើយ នៅក្នុងអភិរក្សដ្ឋានអង្គរខេត្តសៀមរាប នឹងដាក់ឲ្យពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គោរពបូជា និងស្វែងយល់នាពេលឆាប់ៗ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP) ដែលស្រង់សម្តី លោក ឆាន់ ចំរើន អនុប្រធានការិយាល័យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកកន្លែងអភិរក្សវត្ថុបុរាណនៅអភិរក្សដ្ឋានអង្គរខេត្តសៀមរាប។
បើតាម AKP ដែលស្រង់សម្តីលោក ឆាន់ ចំរើន ព្រះពុទ្ធបដិមាទាំងអស់នោះ មានច្រើនសម័យកាល ពោលគឺមានតាំងពីសម័យមុនអង្គរ នៅសតវត្សរ៍ទី១១ ដល់សតវត្សរ៍ទី១៩ ត្រូវបានប្រមូលមកពីតាមប្រាសាទបុរាណផ្សេងៗ ជាពិសេសប្រាសាទអង្គរវត្ដ។ លោក ឆាន់ ចំរើន បញ្ជាក់ដូច្នេះ៖«ពុទ្ធបដិមាទាំងនោះ នឹងត្រូវរៀបចំដាក់តាំងបង្ហាញទៅតាមសម័យកាលនីមួយៗ ឲ្យពលរដ្ឋគោរពបូជា នៅក្នុងអភិរក្សដ្ឋានអង្គរ»។
បើតាម AKP អភិរក្សដ្ឋានអង្គរមានវត្ថុបុរាណប្រមាណជិត១ម៉ឺន រួមមានចម្លាក់ថ្ម និងចម្លាក់ឈើជាដើម។ វត្ថុបុរាណទាំងនេះ គឺប្រមូលមកពីបណ្តាខេត្តនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com