ជាតិ
សង្គមជាតិ
កុំ​បោះ​សន្ទូច​រំលង​ភ្នំ​!
13, Oct 2018 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
មិន​ថា​ក្នុង​ស្ថា​ប័នរ​ដ្ឋ ឬ​ក្នុង​ក្រុមហ៊ុន​ឯកជន​នោះទេ ក្នុងនាម​ជាម​ន្ត្រី ឬ​បុគ្គលិក​ថ្នាក់ក្រោម ពួកគេ​ត្រូវ​ស្គាល់​ឋានៈ​និង​ទីតាំង​ដែល​ខ្លួន​ឈរ​ឲ្យ​ច្បាស់​។ ស្គាល់​ឋានៈ​និង​ទីតាំង​យ៉ាងដូចម្តេច​? គឺ​ត្រូវ​ដឹងថា តើ​ភារកិច្ច​ណា​ជា​របស់ខ្លួន ហើយ​ភារកិច្ច​ណា​មិនមែនជា​របស់ខ្លួន​? តើ​កិច្ចការ​ណា​ដែល​ខ្លួន​អាចធ្វើ​បាន ហើយ​កិច្ចការ​ណា​ដែល​ខ្លួន​មិនអាច​ធ្វើបាន​? ខ្លួន មាន​តួនាទី​អ្វី មិនមាន​តួនាទី​អ្វី​? សិទ្ធិអំណាច​របស់ខ្លួន​មាន​កម្រិត​ត្រឹមណា​?

 


អ្វីដែល​រឹតតែ​ត្រូវ​ជៀសវាង​នោះ គឺ​មន្ត្រី ឬ​បុគ្គលិក​ថ្នាក់ក្រោម មិន​ត្រូវធ្វើ​កិច្ចការ ដែល​មិនមែនជា​របស់ខ្លួន​ជាដាច់ខាត បើ​គ្មាន​ការអនុញ្ញាត ជាពិសេស​កិច្ចការ​ទាំងឡាយណា ដែល​ច្បាប់ និង​ស្ថាប័ន មិនបាន​កំណត់​ឲ្យ​ធ្វើ ឬក៏​ថា​ជា​កិច្ចការ​របស់​ថ្នាក់លើ​។ មន្ត្រី ឬ​បុគ្គលិក ត្រូវ​ចេះ​ប្រមាណ​ខ្លួន ដោយ​មិន​ត្រូវធ្វើ​កិច្ចការ ដែល​ហួស​ពី​ព្រំដែន ហួស​ពី​ឋានានុក្រម ឬ ហួស​ពី​សមត្ថកិច្ច​របស់ខ្លួន​ឡើយ​។ 

​​សុភាសិត​បុរាណ​ខ្មែរ បានពោលថា «​កុំ​បោះ​សន្ទូច​រំលង​ភ្នំ​ឲ្យ​សោះ​» ព្រោះ​វា មិន​ត្រឹមតែ​ទៅ​មិន​រួច​នោះទេ តែ​ថែមទាំង​ធ្វើ​ឲ្យ​ខ្លួន​រង​ក្តី​អាម៉ាស់ និង​ការ​សើចចំអក​ពី​អ្នកដទៃ​ថែមទៀត​។ ក្នុង​រឿងនេះ មាន​ករណី​របស់​អភិបាល​ខណ្ឌដង្កោ និង​អភិបាល​ខេត្តកណ្តាល ជា​ឧទាហរណ៍​។ 

ត្រឹម​ជា​អភិបាលខណ្ឌ តែ​បែរជា​ហ៊ាន​ផ្ញើ​សារ​តាម​បណ្តាញ​ទំនាក់ទំនង WhatsApp ទៅកាន់​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់ ដើម្បី​សូម​បន្ត​តំណែង​។ ទង្វើ​នេះ ធ្វើ​ឲ្យ​អភិបាល​ខណ្ឌដង្កោ លក់​មុខ​មិន​ស្ទើរ​ទេ ដោយសារតែ​នាយករដ្ឋមន្ត្រី បាន​ស្តីបន្ទោស​ជា​សាធារណៈ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៨​។​
 
​រឿង​ដែល​គួរ​ឲ្យ​ទើសភ្នែក​មួយ​នេះ កន្លងទៅ​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​មានរឿង​ស្រដៀង​គ្នា​ដដែល​នេះ  បាន​កើតឡើង​ម្តងទៀត នៅ​ដើមខែ​តុលា ឆ្នាំ​២០១៨​។ រឿង​ក្រោយនេះ គឺ​អភិបាល​ខេត្តកណ្តាល បានដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​ដាក់​មនុស្ស​ម្នាក់ ឲ្យ​ធ្វើជា​បេក្ខជន​អភិបាលខេត្ត​ថ្មី ដែល​គ្រោង​នឹង​បំបែក​ចេញពី​ខេត្តកណ្តាល​។ 
 
​វាសនា​របស់​អភិបាលខេត្ត​កណ្តាល ក៏​មិន​ខុសពី​អភិបាល​ខណ្ឌដង្កោ​ដែរ ដោយ​នាយករដ្ឋមន្ត្រី បាន​យកទៅ​និយាយ​នៅមុខ​គេឯង​ដូចគ្នា ក្នុង​វេទិកា​ស្តីពី​ទិវា​គ្រូបង្រៀន កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២0១៨​។ បើ​ស្តាប់ទៅ ទង្វើ​របស់​អភិបាលខេត្ត​កណ្តាល ហាក់​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី ខឹង​ខ្លាំង​ជាង​ទង្វើ​របស់​អភិបាលខណ្ឌ​ដង្កោ​ទៅទៀត​។​
 
​ដោយសារតែ​មិន​សប្បាយ​ចិត្តនឹង​ការសុំ​តំណែង​ជាមុន ទាំង​ដែល​ខេត្ត​ថ្មី មិនទាន់​នឹង​បង្កើតឡើង​ផង​នោះ នាយករដ្ឋមន្ត្រី ក៏​ប្រកាស​លុបចោល​គម្រោង​បង្កើត​ខេត្ត​ថ្មី​ចោល​តែម្តង​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​សាធារណជន​ថា លោក​បាន​ចារ​លើ​លិខិត​ស្នើសុំ​របស់​អភិបាល​ខេត្តកណ្តាល​ថា «​តើ​ប្រញាប់​ងាប់​ទៅណា​?»​។ ប៉ុន្តែ ពេលនោះ នាយករដ្ឋមន្ត្រី ពុំបាន​បញ្ចេញ​ឡើយ​ថា អ្នក​ដែល​ស្នើសុំ គឺជា​អ្នកណា​។ 
 
​គេ​ទើបនឹង​ដឹង​នាពេល​ថ្មីៗ​នេះ​ថា អ្នកស្នើសុំ​នោះ គឺ​អភិបាល​ខេត្តកណ្តាល ក្រោយពី​លិខិត​ស្នើសុំ បាន​បែកធ្លាយ​។ ក្នុង​លិខិត​ស្នើសុំ ដែល​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២0១៨ ដោយ​អភិបាល​ខេត្តកណ្តាល គេ ពិតជា​ឃើញ​ចំណា​របស់​នាយករដ្ឋមន្ត្រី​មែន ដែល​ចារ​ថា «​ប្រញាប់​ងាប់​ទៅណា បើ​ខេត្ត​មិនទាន់​បំបែក​ផង​?»​។ នៅមាន​ឃ្លា​មួយទៀត ដែល​នាយករដ្ឋមន្ត្រី បាន​ចារ​លើ​លិខិតស្នើ​សុំ​នោះ គឺ «​បើ​បំបែក​មែន ក៏​មិន​ឲ្យ​ដែរ ព្រោះ​អស់លោក លោភលន់​ពេក​»​។  
 
​ក្រោយ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំង​ពីររូប​ខាងលើ ធ្វើ​ទង្វើ​បែបនេះហើយ សារព័ត៌មាន បាន​ចុះផ្សាយ​ជា​ហូរហែ​។ ជាពិសេស អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​បង្ហោះ​និង​ចែករំលែក​តៗ​គ្នា ពី​រឿងរ៉ាវ​របស់​ពួកលោក​ទាំងពីរ ដោយ​ភ្ជាប់​ជាមួយ​សារ​បែប​សើចចំអក​៕ 
 
​ 

Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com