ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃ​រម្លឹក​ខួប​នៃ​ការចូល​ទិវង្គត​ព្រះមហាក្សត្រ អ្នកប្រឆាំង ចង់រក​ដំណោះស្រាយ តែ​មន្ត្រី​បក្ស​កាន់អំណាច ថា​អត់​
15, Oct 2018 , 4:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​ថ្ងៃ​រម្លឹក​ខួប​៦​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ អតីតមន្ត្រី​បក្សប្រឆាំង ចង់​ឲ្យ​មេដឹកនាំ​កម្ពុជា យក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មក​ធ្វើជា​ដំណោះស្រាយ​។ តែ​មន្ត្រី​បក្ស​កាន់អំណាច លើកឡើងថា បក្ស​ខ្លួន មិន​បង្រួប​ប្រួម​ជាតិ​ជាមួយ​បក្សប្រឆាំង ដែលជា​ក្រុម​ក្បត់ជាតិ​នោះទេ​។​

 

 
​មេដឹកនាំ​កំពូល​នៃ​អតីត​គណបក្សប្រឆាំង គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូចជា​មិនទាន់​បញ្ចេញ​សារ​អ្វី​ទាក់ទង​នឹង​ការ​រ​ម្លឹ​ប​ខួប​៦​ឆ្នាំ​នៃ​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​ខ្មែរ​នោះទេ​។ ប៉ុន្តែ គេ ឃើញ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​អតីត​គណបក្សប្រឆាំង បាន​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ 
 
​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ធ្លាប់​ធ្វើជា​អ្នកនាំពាក្យ​កាលពី​គណបក្សប្រឆាំង នៅមាន​វត្តមាន បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​យើង​ត្រូវ​ឈរលើ​ផលប្រយោជន៍​ជាតិ​ជាធំ មិន​ត្រូវយក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​ឧបករណ៍ ដើម្បី​តែ​គោលដៅ​បម្រើ​មហិច្ឆតា​អំណាច​ផ្ទាល់ខ្លួន បក្ខពួក ឬ​មហិច្ឆតា​បរទេស​នោះទេ​។ យើង​ត្រូវ​ឆក់យក​ឱកាស និង​គុណប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា ឆ្នាំ​៩១ មក​អនុវត្ត ដើម្បី​ដោះស្រាយ​បញ្ហា​»​។ 
 
​ក្រៅពី​សារ​ដែល​បង្កប់ន័យ​ចង់​ឲ្យ​មាន​ដំណោះស្រាយ​នៅ​កម្ពុជា អតីត​អ្នកនាំពាក្យ​គណបក្សប្រឆាំង​រូបនេះ ក៏មាន​សារ​មួយ​ឃ្លា​ទៀត​ដែរ ដែល​ជាការ​ឧទ្ទិស​ព្រះរាជ​កុសល ថ្វាយ​ដល់​ព្រះ វិញ្ញាណក្ខន្ធ​នៃ​ព្រះ​បរម​រតន​កោដ្ឋ ដោយ​លោក សូម​បួងសួង​ឲ្យ​ទ្រង់ យាង​សោយសុខ​ក្នុង​សុគតិភព​។  
 
​ចំណែក លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្សប្រឆាំង ពុំបាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​នោះទេ តែ​លោក បាន​ស្រង់​បណ្តាំ​មួយចំនួន​របស់​ព្រះ​បរម​រតន​កោដ្ឋ ទៅ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​។ បណ្តាំ​ទាំងនោះ រួមមាន ១. របស់​ដែលមាន​តម្លៃ​បំផុត​សម្រាប់​ជាតិ គឺ ឯករាជ្យ​, ២. អាវុធ​សំខាន់​សម្រាប់​កសាង​និង​ការពារ​ឯករាជ្យ គឺ​ការ​រួបរួមគ្នា​ជា​ធ្លុង​មួយ​, ៣. រួបរួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ស្រោចស្រង់​ប្រទេស​យើង ឯករាជ្យ​ជាតិ​យើង ឲ្យ​ឆ្លង​ផុតពី​គ្រោះថ្នាក់​នានា​។​
 
​រីឯ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​អះអាងថា  គណបក្ស​របស់លោក បាន​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​សុខដុម​នីយកម្ម​សង្គម ដោយ​ផ្អែកលើ​នយោបាយ​បង្រួបបង្រួម និង​ផ្សះផ្សារ​ជាតិ រួមទាំង​វប្បធម៌​សន្ទនា​។ ប៉ុន្តែ លោក សង្កត់ធ្ងន់ ការបង្រួបបង្រួម  ការផ្សះផ្សារ និង​វប្ប​ធ៏​ម​សន្ទនា ត្រូវតែ​ផ្អែកលើ​គោល​ការ​ណ៏​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។​
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​ដាច់ខាត​គណបក្ស​ប្រជាជន​កម្ពុជា មិន​ផ្សះផ្សារ​និង​បង្រួបបង្រួម​ជាតិ​មួយក្រុម​ជន​ក្បត់ជាតិ រំលោភ​លទ្ធិប្រជាធិបតេយ្យ​ឡើយ​។ នេះហើយ​គឺជា​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បន្សល់​ឲ្យ​កូនចៅ​គណបក្ស​ប្រជាជន​កម្ពុជា​អនុវត្ត​តរៀង​ទៅ​។ ហេតុ​ដូច្នេះហើយ បានជា​គណបក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ​និង​របបរាជានិយម ឲ្យ​បានជា​ដាច់ខាត និង​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ ទោះបី​ក្រុម​ណា ជន​ណា​និយាយ​អ្វី​ក្រៅពីនេះ​ក៏ដោយ​...»​។​
 
​ដោយឡែក ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា  បាន​បង្ហោះ​សារ​បែប​អាឡោះអាល័យ​ចំពោះ​ការបាត់បង់​ព្រះមហាវីរក្សត្រ​។ សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី បាន​សរសេរ​បែបនេះ​ថា​៖«​នៅថ្ងៃនេះ ប្រជារាស្ត្រ​ទូទាំងប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​»៕ 
 

Tag:
 CPP
  CNPR
  សុខ ឥសាន​
  យ៉ែម បុញ្ញឫទ្ធិ​
  អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com