ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន មមាញឹក​ខ្លាំង​នឹង​កិច្ចប្រជុំ​នៅ​បរទេស ក្នុង​រយៈពេល​ចុងក្រោយ​នេះ​
16, Oct 2018 , 12:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ត្រឡប់មកកម្ពុជាវិញ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បន្ទប់ពីបញ្ចប់កិច្ចប្រជុំជាប់គ្នាចំនួនពីរ គឺនៅជប៉ុន និងនៅឥណ្ឌូនេស៊ី
សម្តេច ហ៊ុន សែន ត្រឡប់មកកម្ពុជាវិញ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បន្ទប់ពីបញ្ចប់កិច្ចប្រជុំជាប់គ្នាចំនួនពីរ គឺនៅជប៉ុន និងនៅឥណ្ឌូនេស៊ី
ភ្នំពេញ​៖ សម្តេច ហ៊ុន សែន បាន​បរិយាយ​ពី​ភាព​មមាញឹក​នៃ​ការ​ចេញទៅ​ក្រៅប្រទេស ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សេងៗ នា​រយៈពេល​ចុងក្រោយ​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី នាយករដ្ឋមន្ត្រី​កម្ពុជា នៅតែ​បង្ហាញ​សេចក្តី​ពេញចិត្ត​ចំពោះ​ការងារ​របស់ខ្លួន​។​


 
​នៅ​យប់​ម៉ោងជាង​១២ ឈានចូល​ថ្ងៃទី​១៧ ខែតុលា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ដឹកនាំ​គណៈប្រតិភូ ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​បែ​ល​ហ្សិ​ក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២​។ បន្ទាប់មក គណៈប្រតិភូ​កម្ពុជា នឹង​បន្តទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទួ​គី ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី ២២ ខែតុលា​។
  
​ក្រោយ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទួ​ក​គី​រួចហើយ គណៈប្រតិភូ​កម្ពុជា នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម​។ តាម​ការគ្រោងទុក គណៈប្រតិភូ​កម្ពុជា នឹង​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៥ ខែតុលា​។
 
​តាមរយៈ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក មេដឹកនាំ​កម្ពុជា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​កម្មវិធី​ការងារ​នៅក្រៅ​ប្រទេស​លើក​នេះ ពិតជា​មមាញឹក​ស្ទើរតែ​រក​ពេលបាយ​មិនឃើញ ប្រជុំ​ផង ជំនួប​ទ្វេភាគី​ផង តែ​ខ្ញុំ​ពេញចិត្ត​នឹងធ្វើ​កិច្ចការ​នេះ ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​»​។
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បាន​សរសេរ​ទៀតថា​៖«​ការងារ​មួយ ដែល​ខ្ញុំ​មិនអាច​បោះបង់ចោល​បាន គឺ​ជួប​បងប្អូន​ប្រជាជន និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​រៀនសូត្រ​នៅ​អឺរ៉ុប ដែល​បងប្អូន​កូនក្មួយ​កំពុង​រង់ចាំ​ខ្ញុំ​នៅ​ទីនោះ​»​។
 
​ចាប់ពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៨​មក សម្តេច ហ៊ុន សែន បាន​ចេញទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​បរទេស​ជា​ញឹកញាប់​។ កិច្ចប្រជុំ​នៅ​បណ្តា​ប្រទេស​មួយចំនួន ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ទៅ​ចូលរួម​កន្លងមក មានដូចជា កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​សហរដ្ឋអាមេរិក កិច្ចប្រជុំ​នៅ​ជប៉ុន និង​កិច្ចប្រជុំ​ឥណ្ឌូណេស៊ី ជាដើម​៕  
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com