ប្រទេសឥណ្ឌូណេស៊ី កំពុងពិចារណាទិញអង្ករ និងផលិតផលកសិកម្មពីប្រទេសកម្ពុជា ក្នុងពេលខាងមុខ។ នេះជាការលើកឡើងរបស់លោក ស៊ូឌាមេន ហាសេង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឥណ្ឌូណេស៊ី នៅលើវិស័យអាទិភាពផ្សេងៗ រាប់ចាប់តាំងពីពាណិជ្ជកម្ម វប្បធម៌ រហូតដល់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី ក៏បានបង្ហាញឥណ្ឌូណេស៊ី នូវសក្តានុពលកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មរបស់កម្ពុជា ដែលកំពុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
កាលពីឆ្នាំ២០១៦ ឥណ្ឌូណេស៊ី ក៏បានពិចារណាទិញអង្ករចំនួន ១សែនតោន ពីកម្ពុជាផងដែរ ប៉ុន្តែគម្រោងនោះ មិនទទួលបានជោគជ័យទេ ដោយសារបញ្ហាតម្លៃ។
ក្នុងជំនួនទ្វេភាគីនោះផងដែរ លោក ប៉ាន សូរស័ក្តិ បានស្នើឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ក៏ដូចជាការពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងនវានុវត្តន៍ (គំនិតច្នៃប្រឌិត) ដែលជាគន្លឹះក្នុងការលើកស្ទួយសហគ្រិនភាព សំដៅធ្វើពិពិធកម្មឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានយល់ស្របចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី និងបានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី មានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងទៀតជាមួយកម្ពុជា។ លោក បានបន្តថា៖« នៅសប្តាហ៍ក្រោយ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី នឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រតិភូធុរជនកម្ពុជា ដែលស្វែងរកឱកាសអាជីវកម្មនៅទីក្រុង Bandung នៃខេត្តចាវ៉ាខាងលិច»។
លោកឯកអគ្គរដ្ឋទូត បន្ថែមថា ដើម្បីជំរុញកិច្ចសហការ និង កាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មទ្វេភាគី ឥណ្ឌូណេស៊ីនឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ភូមិ១ ផលិតផល១ ដែលប្រព្រឹត្តទៅនាថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូ នៅរាជធានីភ្នំពេញខាងមុខនេះ។
ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី សម្រេចបានទឹកប្រាក់សរុប៥៣៩ លានដុល្លារសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង ២០% បើធៀបនឹងឆ្នាំ២០១៦។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ២៦លានដុល្លារអាមេរិក និងនាំចូលមានចំនួន ៥១៤លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក នៅក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានទឹកប្រាក់ ៣១៨លានដុល្លារអាមេរិក គឺបានកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧៕